Monday, June 30, 2014

​ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន លើ​កទឹក​​ចិត្ត​​ក្រុម​​កាយ​រិទ្ធិ​ឲ្យ​​ចូល​​រួម​ក្នុង​​កា​​រងារ​​សង្គម​​ជាតិ​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​មាន​ប្រសាសន៍​លើកទឹក​ចិត្ត​ក្រុម​កាយរិទ្ធិ​កម្ពុជា ក៏​ដូច​ជា​កាយរិទ្ធិ​ក្នុង​ពិភពលោក​ឲ្យ​ជួយ​លើក​កម្ពស់​សង្គម​ជាតិ ដោយ​ជំរុញ​ឲ្យយុវជន​ងាក​មក​រកការងារ​សង្គម ដើម្បី​ប្រយោ​ជន៍​ខ្លួន​ឯង និង​សង្គម​ជាតិ​ទាំង​មូល។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធីបិទ​សិក្ខា​សាលា​កាយ​រិទ្ធិ​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APR) ស្តីពីការ​គាំទ្រ​មនុស្ស​ពេញ​វ័យ នា​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​វិមាន​មិត្ត​ភាព​នៃទីស្តី​ការគណៈ​រដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ​មនុស្ស​ចាស់​ត្រូវ​ជួយ​យុវជន ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ ព្រោះ​ថា​ការងារ​ក្រុម​កាយរិទ្ធិ​នឹង​ទទួល​បាន​ការអប់រំ​ក្រៅប្រព័ន្ធ ដែល​ផ្តល់​ជំនាញ​ឱកាស ឲ្យពួក​គេ​កសាង​ខ្លួន តាម​រយៈ​ការ​អប់រំ ការហ្វឹក​ហាត់ និង​ធ្វើ​ការងារ​ជួយ​សង្គមជាតិ។ ការ​សំខាន់​គឺ​ការ​ផ្តល់​បទ​ពិសោធន៍​ល្អ​របស់​មនុស្ស​ចាស់ ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ សម្រាប់ការ​អភិវឌ្ឍ​សង្គម​ជាតិ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​កាយរិទ្ធិ​ជាតិ​កម្ពុជា​ផង​ដែរ បានលើក​ឡើង​នូវ​ពាក្យ​ស្លោក “គ្មាន​យុវជន គ្មាន​កាយ​រិទ្ធិ” ដោយ​ឯកឧត្តម​បញ្ជាក់​ថា កាយរិទ្ធិ​គឺ​ជា​ចលនា​សម្រាប់​ប្រជាជន​វ័យ​ក្មេង ដែល​ត្រូវ​បាន​រៀប​ចំ​ដឹកនាំ​គាំទ្រ ដោយ​បណ្តា​យុវជន​ពេញ​វ័យ និង​បណ្តា​អ្នក​ដឹកនាំ​។ ចលនា​កាយរិទ្ធិ​មិន​អាច​មាន​ការ​រីក​ចម្រើន ដោយ​គ្មានការ​គាំទ្រ​ និងរួម​វិភាគ​ទានទាំង​ស្មារតី និងគំនិត​ប្រាជ្ញា ​ពី​មនុស្ស​ពេញ​វ័យបាន​ឡើយ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ អង្គការ​កាយរិទ្ធិ​ពិភពលោក នឹង​ចុះ​ហត្ថលេខា​ជាមួយ​អង្គការ​យូណេស្កូ ដើម្បី​ឲ្យ​កាយរិទ្ធិ​ចូល​រួម​ក្នុង​ការ​ងារ​អភិរក្ស និង​អភិវឌ្ឍ​ន៍បេតិកភណ្ឌ​ពិភពលោក​។ ដោយ​រំលឹក​ឡើង​អំពី​ខេត្ត​សៀម​រាប ដែល​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ស្វាគមន៍​ការ​បោះ​ជំរំ​របស់​កាយ​រិទ្ធិ​នៅ​ក្នុង​ខេត្ត​សៀម​រាប។

សូម​បញ្ជាក់​ថា សិក្ខា​សាលាកាយ​រិទ្ធិ​ថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) បាន​ប្រារព្ធ​ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ​រយៈ​ពេល៤​ថ្ងៃ​ ចាប់​ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧មិថុនា ​ក្រោម​ប្រធាន​បទ ស្តីពី​ “ការ​គាំ​ទ្រ​របស់​មនុស្ស​ពេញវ័យ” ដោយ​មាន​ប្រតិភូ​កាយរិទ្ធិ​ ៣៦នាក់ មក​ពី​ ១១ប្រទេស ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ចូល​រួម។

លោក ចូហ្វ រីហ្សាល ប៉ាងហ្គីលីណាន់ (Jose Rizal Pangilinan) នាយក​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៃ​អង្គការ​ចលនា​កាយរិទ្ធិ​ពិភពលោក បាន​ចាត់​ទុកថា សិក្ខាសាលាកាយ​រិទ្ធិ​​ថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) ​ជា​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ក៏​ដូច​ជា​សម្រាប់​ជំរុញការ​អនុវត្ត​គោល​នយោ​បាយ​ចលនា​កាយ​រិទ្ធិ​ពិភពលោក ធ្វើ​ឲ្យ​យុវជន​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​សង្គម​​។ លោក ចូហ្វ រីហ្សាល ប៉ាងហ្គីលីណាន់ (Jose Rizal Pangilinan) បាន​កោត​សរសើ​ការ​រីក​ចម្រើន​ចលនា​កាយ​រិទ្ធិ​កម្ពុជា ក៏​ដូច​ជា​ការ​រៀប​ចំ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​គណៈប្រតិភូ​បាន​ល្អ​ប្រសើរក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ពី​អង្គការ​កាយ​រិទ្ធិ​កម្ពុជា​។


សូមបញ្ជាក់​ថា នេះ​ជាលើក​ទី​៦ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​របស់​ចលនា​កាយរិទ្ធិ​ពិភពលោក​ ដែល​បច្ចុប្បន្ន​មាន​សមាជិក​ប្រមាណ ៤០លាន​នាក់ មក​ពី​ ១៦២​ប្រ​ទេស។ ក្នុង​នោះ​ចលនា​កាយរិទ្ធិ​ជាតិ​កម្ពុជា​បាន​ចូល​ជា​សមាជិក នៅ​ក្នុង​ឆ្នាំ​២០០៨ នៅ​ក្រោម​ការ​ដឹកនាំរបស់​រាជ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន សែន បន្ទាប់​ពីចលនា​កាយរិទ្ធិ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ឆ្នាំ​១៩៥៦។ បច្ចុប្បន្ន​ចលនាកាយរិទ្ធិ​ជាតិ​កម្ពុជា ដែល​មាន​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជា​ប្រធាន​ និង​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ជា​គរុគណ មាន​សមាជិក​ជាង ១៥០០០នាក់៕