Friday, June 6, 2014

គណបក្ស​ប្រឆាំង​កំពុង​បំបោង​ព័ត៌មាន​គ្មានការ​ពិតដើម្បី​មូលង្កាច់​ថ្នាក់ដឹក​នាំរាជរដ្ឋាភិ​បាល​

ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី និងជាអនុ​ប្រធាន​អង្គ​​ភាពព័ត៌មាន និង​ប្រតិកម្ម​​រហ័ស បាន​ប្រតិកម្ម​ទៅនឹង​សម្តី​របស់​ប្រធាន អនុប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​និយាយ​​នៅវត្តសាមគ្គីរង្ស៊ី​ថា ជាការ​បំភ្លៃ​ និង​បំផ្លើស​ការ​ពិត​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ និង​កត្តា​ច្បាប់។

ក្នុង ​ឱកាស​ធ្វើ​សន្និ​សីទ​កាសែត នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម កែវ រ៉េមី បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​បាន​ និង​កំពុង​បន្ត​ការ​ឃោសនា​មូល​បង្កាច់​ តាំង​ពី​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតសកល​ជ្រើស​រើស​តំណាង​រាស្ត្រ អាណត្តិ​ទី​៥ នា​ពេល​កន្លង​មក រហូត​មក​ទល់​នឹង​បច្ចុប្បន្ននេះ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ជា​ពិសេស​ បង្ករ​នូវ​ភាព​អយុត្តិធម៌ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី។ ឯកឧត្តមបាន​បញ្ជាក់​​​ថា “​នៅពេល​ឃោសនា​នោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​កុ​ហក់​សុទ្ធសាធ ប៉ុន្តែ​ធ្វើ​ដូចជា មែនទែន​ពីព្រោះ​នៅពេល​ទៅ​ឃោសនា​នៅ​ជនបទ​បាន​ទាមទារ​អោយ​អង្ករ​ឡើងថ្លៃ​ ដើម្បីឲ្យប្រជាពលរដ្ឋ​លក់​អង្ករ​បាន​ថ្លៃ ប៉ុន្តែ​នៅពេល​ពួកគាត់​ទៅ​ឃោសនា​នៅ​ទីប្រជុំជន​ដែល​មាន​ទីក្រុងភ្នំពេញ​ ជាដើម បែរជា​និយាយ​ថា​ ទំនិញ​សព្វសារពើ ព្រមទាំង​អង្ករ​ថ្លៃ​ណាស់ ហើយ​នៅពេល​បាន ជាប់ឆ្នោត​នឹង​ធ្វើ​ឲ្យ​ស្រូវ​អង្ករ​ចុះថោក”​។

ករណី ​ដែល​គណបក្ស​ប្រឆាំង ​ប្តឹង​​កាកបាទក្រហម​កម្ពុជា ​ទៅ​កាក​បាទក្រហម​អន្តរជាតិ នៅ​​​ទីក្រុងហ្សឺណេវ ពាក់​ព័ន្ធ​នឹងករណី​ប្រជា​ពលរដ្ឋ​ខេត្ត​ក្រចេះដែល​មានទំនាស់​ដីធ្លី​ ឯកឧត្តម កែវ រេមី បានពន្យល់​​ថា  ភារកិច្ច​របស់​កាកបាទក្រហម​មិនមែន​ជាការ​រក​ដីធ្លី រក​ផ្ទះ​សម្បែង​ជូន​ប្រជា​ពលរដ្ឋ​​ទេ ​ទាំង​កាក​បាទក្រហម​អន្តរជាតិ​ក៏ដោយ។

ឯកឧត្តម កែវ រ៉េមី បាន​បញ្ជាក់​ថា បើ​សិន​ជា​កាក​បាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើ​ការងារ​មិនល្អ​ទេ ការក​ចំណូ​ល​​សម្រាប់​ជួយ​ប្រជាពល​រដ្ឋ​​រង​គ្រោះ​ធម្មជាតិ សួរ​ថា ទឹក​លុយ​ហ្នឹង​កើន​អត់? យើង​ពិនិត្យ​មើល​ការ​រក​ថវិកា​សម្រាប់​ជួយ​ជន​រងគ្រោះ​ មានការកើន​ឡើង​រហូតជា​រៀង​រាល់​ឆ្នាំ​។ ​បើ​សិន​ជាការ​ចំណាយ​គ្មាន​តម្លាភាព ធ្វើការ​ងារ​គ្មាន​សុច្ចរិត​ភាព​ត្រឹម​ត្រូវ ថវិកា​ហ្នឹង​ម៉េច​នឹង​អាច​កើន​បាន​ រហូត​ដល់​កាក​បាទ​ក្រហម​អន្តរជាតិ​គេ​កោត​សរសើរ​កាក​បាទក្រហម​យើង(កម្ពុជា)។

ទាក់ទង ​ទៅនឹងការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ វៀតណាម​ ​ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍ពន្យល់​ថា នៅពេល​ដែល​កម្ពុជា​មាន​ទំនាស់​ជាមួយ​ថៃ​ជាមួយ​រដ្ឋាភិបាល​អភីសិត ពួក​ក្រុមជ្រុល​និយម​ថៃ​ដែល​ចង់​បាន​ទឹក​ខ្មែរ​ប្រាសាទ​ព្រះវិហារ​ ដែល​យើង​កំពុង​តស៊ូ​ស្វិត​ស្វាញគ្រប់​វិធានការណ៍ទាំង​អស់ ​(ច្បាប់ ការទូត កង​ទ័ពឈរ​នៅ​ព្រំដែន​) គាត់ (គណបក្ស​ប្រឆាំង) ​ទៅឈរ​ជាមួយ​ពួក​ជ្រុល​និយម​ថៃដែល​ចង់​បាន​ទឹក​ដី​យើង​ ហើយ​មាន​អ្នក​ខ្លះ​ទៀត​ទៅ​អង្គុយ​ធ្វើ​សន្និសីទ​កាសែត​នៅ​ទី​នោះ។ ​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ដែល​មិនធ្វើការ​ថ្កោល​ទោស​ប្រទេស​ថៃ​ដែល​ឈ្លាន​ ពាន​កម្ពុជា​នា​ពេល​កន្លង​មក​នោះ ឯកឧត្តម​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​។

ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា ទាក់​ទង​បញ្ហា​ព្រំដែន​នេះ ខ្ញុំ​ស្កប់​ចិត្ត​ក្រោយ​ពី​បាន​ស្តាប់​នូវ​ការ​បំភ្លឺ​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​នៅ​ក្នុង​អង្គសភា កន្លង​មក​នេះ ឆ្លើយ​ចំពោះ​ឯកឧត្តម​ សុន ឆ័យ ឃើញ​ថា ល្អ ហើយ​តថភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន​។ តាម​ពិត​គាត់ (សម្តេច​តេជោ) អត់​ចង់​បង្ហាញ​លាត​ត្រដាង​នៅ​ក្នុង​រដ្ឋ​សភា​ទេ ពីព្រោះ​វា​ទាក់​រឿង​ប្រវត្តិ​សាស្ត្រ ម៉េច​អាច​កែ​ប្រែ​បាន​ បារាំង​កាន់​កាប់​ទឹក​ដី​យើង​ជិត​១០០ឆ្នាំ​។ “អ្វី​ដែល​សម្តេច​មាន​ប្រសាសន៍​នៅ​ក្នុង​សភា ខ្ញុំ​ស្ងប់​ចិត្តទទួល​យក​បាន ក្នុង​នាមខ្ញុំ​ជា​ខ្មែរ​ម្នាក់ ពី​ព្រោះ​​ទឹក​ដី​មិនមែន​ជា​របស់​នរណាម្នាក់​ទេ គឺ​របស់​យើង​គ្រប់​រូបទាំង​អស់​គ្នា​”​។ ឯកឧត្តម​បញ្ជាក់​ថា អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​អាច​នឹង​ចាក់​ផ្សាយបន្ត​ទៅ​ទៀត ទាក់​ទង​ប្រសា​សន៍​​សម្តេច​តេជោដែល​បាន​បំភ្លឺជូនជន​រួម​ជាតិ​ក្នុង​សភា​រយៈ ​ពេល​ជាង ៥ម៉ោង គ្រប់​គ្រាន់​ទាំង​ផ្លូវ​ច្បាប់​ ស្ថានភាព ភាព​ជាក់​ស្តែង​នៃ​ការ​រស់​នៅរបស់​​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ ដែល​រស់​នៅ​តាម​ប្រពៃណី ទាក់​ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​ ទាក់​ទង​ទៅនឹង​រដ្ឋ​ធម្មនុញ្ញ​ឃើញ​ថា គ្រប់​គ្រាន់។​

ឯកឧត្តម ​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​បន្ត​ថា បើ​សិន​ជា​រាជរដ្ឋាភិបាល​អនុញ្ញាតឲ្យ​ប្រទេស​វៀតណាម ខិត​បង្គោល​ព្រំដែន​យក​ទឹក​ដី​យើង​ស្រេច​ចិត្ត សួរ​ថា តើ​យើង​បង្កើត​គណៈកម្មការ​ព្រំដែន​ក្នុង​ការ​ចរចា​បោះ​បង្គោល​តំរុយ​ព្រំដែន ​ហ្នឹង​ធ្វើ​អ្វី?។ សម្តេច​បាន​មាន​ប្រសាសន៍​ហើយ បើ​សិន​ជា​អាយ៉ង​មែន មិន​គិត​ទឹក​ដី​ទេ​ យើង​បង្កើត​គណៈកម្មាធិការ​ចរចាធ្វើ​អី?​ គាត់(វៀតណាម) ​បោះ​អី​បោះ​ទៅ យក​ចូល​ត្រង់​ណា​ចូល​ទៅ អាហ្នឹង​បើ​សិន​ជា​មិនគិ​ត​ទឹក​ដី។

ឯកឧត្តម ​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​ប្រសាសន៍​របស់​សម្តេច​ទាក់​ទង​នឹង​បូរណភាព​ទឹក​ដី​ អធិបតេយ្យភាព គឺ​ជា​ភារកិច្ច​ កាតព្វកិច្ច​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​ដែល​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ កិច្ច​ការ​នេះ។

ដោយឡែក ​ចំពោះ​​ទឹក​ដី​កូសាំង​សីនកម្ពុជាក្រោម ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​​​រំលឹក​ឡើង​វិញ​ថា ​បានបាត់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​១៩៤៩ លោក (សម្តេចតេជោ) កើត​ក្នុង​ឆ្នាំ​១៩៥២ ហើយ​ស្រាប់​តែចោទ​ថា​ លោក​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ទឹក​ដី​កោះ។ ឯកឧត្តម​លើក​ជា​សំណួរ​ថា តើ​យុត្តិធម៌​ទេ​ យើង​ទាំង​អស់​គ្នា​គប្បីពិចារណា​ចំណុច​ហ្នឹង។

ទាក់ ​ទង​រឿង​ប្រវត្តិសាស្ត្រ​អាណានិគម​បារាំងកាន់​កាប់​ទឹក​ដី​ខ្មែរ ឯកឧត្តម​រដ្ឋ​លេខាធិការ​បញ្ជាក់​ថា យើង​អត់​មាន​ព្រំដែន​ច្បាស់​លាស់​រវាង​វៀតណាម ជាមួយ​យើង​ទេ លោក (សម្តេច​តេជោ) បាន​មាន​ប្រសាសន៍​ហើយ​ថា ព្រំដែន​ខ្មែរ​ជាមួយ​អាណ្ណាម​ គឺ​ជា​ខ្សែ​ព្រំដែន​បែង​ចែក​តាម​ខ្សែ​របស់​រដ្ឋ​បាល​របស់​បារាំង​ទេ ក្នុង​ការ​គ្រប់​គ្រង​បែប​រដ្ឋបាល​ ហើយ​យើង​មាន​ព្រំដែន​ច្បាស់​លាស់​ជាមួយកូសាំង​សីនលក្ខណៈអន្តរជាតិ ហើយ​មាន​បង្គោល​បោះកាលណោះ​មាន​ ១២៤បង្គោល​​។

ឯកឧត្តម កែវ រ៉េមី បានមាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ទាំងឡាយ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏ដូចជា​លោក កឹម សុខា គឺជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ថា​ពិត ហើយ​ជាការ​លើក​ឡើង​បែប​មិន​ដឹង​អី​ទាល់តែសោះ​។ ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​ថា នៅពេល​គណបក្សសង្គ្រោះ​ជាតិ​ជាប់ឆ្នោត​នឹង​អនុញ្ញាតឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ ចេញចូល​ដោយ​ មិនបាច់​មាន​លិខិត​ឆ្លង ដែន​នោះ ត្រូវ​បាន​ឯកឧត្តម កែវ រ៉េមី បញ្ជាក់​​​ថា ការ​លើកឡើង​នោះ​ហាក់ដូចជា​មិន​យល់​អ្វី​ទាល់តែសោះ ព្រោះ​ការ​ចេញ​ចូល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដោយ​ប្រើ​លិខិតឆ្លងដែន​គឺជា ​រឿង​ធម្មតា បើ​មិនដូច្នោះ​ទេវា​នឹង​ក្លាយទៅជា​អនាធិបតេយ្យ​។​

​ ​ទាក់ទិន​​ការចោទប្រកាន់​លើ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មានបំណង​សម្លាប់​ខ្មែរ​តាម​ការ​បញ្ជា​របស់​វៀត​ណា​ម​នោះឯកឧត្តម​ កែវ រ៉េមី បាន​អះ​អាង​​ថា បើ​មានបំណង​សម្លាប់​ពូជសាសន៍​ខ្មែរ​ដដែល​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចាំ​បាច់​កសាង​កំលាំងដើម្បី​រំដោះប្រទេស​ពីរ​បប ប៉ុល ពត ថា​បាន​នឹង​កំពុង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​យ៉ាង​សាហាវព្រៃផ្សៃ​នោះ​ ឡើយ​។ ម្យ៉ាងទៀត​ក្រោយពី​សង្គ្រោះ ឬ​រំដោះប្រទេស​ឲ្យរួច​ផុត​ពី​របប​ដ៏​សាហាវយង់ឃ្នង​នោះ​ឡើយ សម្តេចតេជោ​បាន​គិត​គូរ​ដ​ល់​ប្រជាពលរដ្ឋ​ គឺ​បាន​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​តាំងពី​បាតដៃទទេ និង​យកចិត្តទុកដាក់​គ្រប់បែបយ៉ាង​ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កាត់បន្ថយ​ភាព​ក្រីក្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​រហូត​មក​មាន​អ្វី​គ្រប់យ៉ាង​ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​ ឯកឧត្តម កែវ រ៉េ​មី បាន​បញ្ជាក់​ថា ការចោទប្រកាន់ ឬ​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​បែប នេះ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ​ក្នុងនាម​ជា​ ថ្នាក់ដឹកនាំ​។ ឯកឧត្តម​បន្ត​ថា នេះ​មិនទាន់បាន​ឡើង​កាន់​អំណាច​ផង ចុះ​ទម្រាំ​ឡើង​កាន់​អំណាច​ទៀត​នឹង​ទៅជា​យ៉ាងណា​?។ ដូច្នេះ​ប្រទេសនី​មួយៗ​មានការ​ចាំបាច់​ណាស់​ចំពោះ​ការ​ជ្រើសរើស​មេដឹកនាំ​ ដែល​ចេះ​ទទួលខុស​ត្រូវ​មាន​មនុស្ស​ធម៌​នៅក្នុង​ខ្លួន​។​

​ ​ទាក់ទង ​ទៅ​នឹង​ការចោទប្រកាន់​មួយទៀត​ដែល​លោក កឹម សុខា បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​មាន​ការ​ស្លាប់​លើ​ស្ពាន​លើ​កោះ​ពេជ្រ​កាលពី​ ប៉ុន្មាន​ឆ្នាំមុន​នោះ ឯកឧត្តមរដ្ឋ​លេខាធិការ​ បានមាន​ប្រសាសន៍​អះអាង​ថា នេះ​ជា​ការ​លើកឡើង​មួយ​ដោយ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ​ ដោយ​​បាន​បញ្ជាក់​ថា ករណី​ផ្អើល​ជាន់គ្នា​ស្លាប់​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ លើពិភពលោក​ដែល​គ្មាន​អ្នកណា​ចង់ឲ្យ​កើតឡើង​ទេ ពី​ព្រោះ​ការ​កើត​ឡើង​នេះ​វា​ គ្មាន​ចំណេញ​បន្តិចសោះ​ដល់​រាជរដ្ឋាភិបាល ប៉ុន្តែ​ផ្ទុយទៅវិញ​ជា​ការ​ចំណេញ​ដល់​គណបក្សប្រឆាំង​។ ឯកឧត្តម​បាន​លើក​ជា​ឧទាហរណ៍អំពី​គ្រោះ​ថ្នាក់​រត់​ជាន់​គ្នា​ស្លាប់​​រាប់​ រយ រាប់​ពាន់​នាក់ថា មាន​នៅ​គ្រប់​ទីកន្លែង ដូច​ជា​ នៅ​ប្រទេស​អ៊ីរ៉ាក់ ឥណ្ឌា និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។

​ ​ឯកឧត្តម​ កែវ រ៉េ​មី ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​បញ្ហាមួយទៀត​នៅ​ពេល​ដែល​ទៅ​ឃោស​នា​​នៅ​ខេត្តសៀមរាប​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ ​អប្សរា ដោយ​គាត់​លើក​ឡើង​ថា ប្រ​សិន​​បើ​ឈ្នះ​​ឆ្នោត​នឹងឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​នៅក្នុង​ តំបន់អង្គរ ​ដែល​គ្រប់គ្រង​ដោយ​​អាជ្ញាធរ​អប្សរា​ដោយ​សេរី ប៉ុន្តែ​នៅ​ពេល​ដែល​និយាយ​ជាមួយ​អង្គការ​យូ​នី​ស្កូ បែរជា​និយាយ​ថា​ប្រសិនបើ​គាត់​ដឹកនាំ​ប្រទេស​មិន​ឲ្យ​មាន​ការ​ធ្វើ​ ផ្ទះសម្បែង​អនាធិបតេយ្យ​នៅក្នុង​តំបន់​អង្គរ​បែបនេះ​ទេ​៕