គណៈប្រតិភូសារៈមន្ទីរ
(Christie’s) អន្តរជាតិនៃសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ
២០១៤
បានអញ្ជើញអញ្ជើញទៅទស្សនាប្រាសាទចិនដើម្បីចង់ឃើញឲ្យបានជាក់ច្បាស់
នូវទីតាំង ដើមកំណើតពិតប្រាកដរបស់បដិមា ទុរយោធន៍ដែល (Christie’s)
ទើបបានប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញ។
ឯកឧត្តម
សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ
ដែលបានដឹកនាំគណៈប្រតិភូសារៈមន្ទីរ Christie’s
អន្តរជាតិនៃសហរដ្ឋអាមេរិកចុះទៅទស្សនាប្រាសាទចិនស្ថិតក្នុងទី
តាំងនៃរមណីយដ្ឋានប្រាសាទកោះកេរបានឲ្យដឹងថា
ការអញ្ចើញមកទស្សនាដោយផ្ទាល់របស់ក្រុមប្រតិភូ សារៈមន្ទីរ
Christie’s នេះគឺមានសារៈសំខាន់ចាំបាច់ណាស់
ដើម្បីគេបានមកឃើញផ្ទាល់នូវទីកន្លែងដើមពិតប្រាកដរបស់
បដិមាទុរយោធន៍ថា រូបបដិមានេះពិត
ជាមានប្រភពដើមនៅប្រាសាទចិនប្រាកដមែន។
តាមរយៈការមកស្វែងយល់ដល់ទឹកដីកំណើតនៃរូបបដិមានេះនឹងនាំទៅដល់ការ
បញ្ជាក់យ៉ាងជាក់ច្បាស់នូវភាពជាម្ចាស់កម្មសិទ្ធិរបស់កម្ពុជា
លើបដិមាទុរយោធន៍។
ឯកឧត្តម
សួស យ៉ារ៉ា បញ្ជាក់ថា បន្ទាប់ពីបានឃើញផ្ទាល់នូវទីតាំងរូបបដិមា
គណៈប្រតិភូសារៈមន្ទីរ Christie’s
អន្តរជាតិសហរដ្ឋអាមេរិកបានបង្ហាញនូវក្តីរំភើប
និងកោតសរសើរដល់បុព្វបុរស់ ដូនតាខ្មែរ
ដែលបានបន្សល់ទុកនូវស្នាដៃដ៏ល្អឯកគ្មានពីរនៅលើពិភពលោកឲ្យដល់
ប្រជាជាតិកម្ពុជា។ ជាមួយគ្នានេះគណៈប្រតិភូទាំងអស់ ក៏បានសន្យាថា
នឹងខិតខំធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការស្រាវជ្រាវរកបដិមាដែលបាត់មួយចំនួនទៀតដើម្បីនាំមក
ឲ្យបានជួបជុំគ្នាវិញក្នុងមហាគ្រួសារភាតរៈតែមួយរបស់កម្ពុជា។
គួរបញ្ជាក់ថា
តាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា
មហាគ្រួសារភារតៈមានបដិមាចំនួន៩ នៅក្នុងក្រុមតែមួយ
ប៉ុន្តែដោយសារប្រទេសកម្ពុជាជួបបញ្ហាសង្គ្រាម
មានជនខិលខូចបានលួចយកបដិមាមួយចំនួនធ្វើការជួញដូរ
បង្ករនូវការបាត់់បង់អស់។
ដោយសាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
និងមានកិច្ចសហការល្អជាមួយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក
អង្គការយូណេស្កូ សាលាបារាំងចុងបូព៌ា(EFEO) និងអ្នកជំនាញដទៃទៀត បដិមា
ចំនួន៥រូប ដែលជាបេតិកភណ្ឌវប្បធម៌របស់ខ្មែរ
មានបដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ ភីម និងពលរាម
រួមជាមួយនឹងបដិមាពីរទៀត នៅក្នុងក្រុមតែមួយនេះគឺ សហទេព និងនកុល
ដែលជាទេវរូបពីរអង្គក្នុងចំណោមបងប្អូន បណ្ឌវ
ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជា
ឲ្យមកជួបម្ចាស់ដើមពិតប្រាកដរបស់ខ្លួនវិញ។
គួបញ្ជាក់ផងដែរថា បដិមាទាំង៥ រូបនេះ រួមនឹងបដិមាទី៦
មួយទៀតនៅក្នុងឈុតឆាកតែមួយនេះ គឺស្ថិត
នៅក្នុងប្រទេសកម្ពុជាស្រាប់។
ក្នុងចំណោមបដិមានៅក្នុងឈុតឆាកតែមួយ ចំនួន៩
បានជួបជុំគ្នាវិញចំនួន៦ហើយ
គឺនៅចំនួនបីទៀតដែលរាជរដ្ឋាភិបាលកម្ពុជា
កំពុងបន្តយុទ្ធនាការខិតខំប្រឹងប្រែងទាមទារយកត្រឡប់មកវិញ
ដើម្បីបង្គ្រប់ឈុតឆាកនេះឡើងវិញ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រាសាទចិនរួចមក
គណៈប្រតិភូសារៈមន្ទីរ Christie’s
អន្តរជាតិនៃសហរដ្ឋអាមេរិកក៏បានបន្តដំណើរទៅទស្សនាប្រាសាទ
ព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិរបស់
កម្ពុជា។
ឯកឧត្តម
សួស យ៉ារ៉ា ក៏បានរំលឹកផងដែរថា
ប្រាសាទព្រះវិហារដែលបានឈ្នះក្តីនៅឆ្នាំ១៩៦២
ក៏ដោយសារការជួយពីអតីតមេធាវីអាមេរិក
និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកផងដែរ។ រហូតដល់ឆ្នាំ២០១៣នេះ
ក៏មានមេធាវីអាមេរិកបានជួយឲ្យកម្ពុជាបានឈ្នះក្តីជាថ្មីម្តងទៀតដែរ
ទាំងអស់នេះ គឺជាការចូលរួមធ្វើសកម្មភាពរបស់ជនជាតិអាមេរិក
ដើម្បីភាពមនុស្សធម៌ មានតម្លៃជាសកលឲ្យកម្ពុជា ឈ្នះទាំងប្រាសាទ
ទាំងទឹកដី និងក៏ជាការកាត់បន្ថយជម្លោះរវាងប្រទេសជិតខាងផងដែរ
ឯកឧត្តមបានឲ្យដឹងថា ការអញ្ជើញ
មកទស្សនារបស់គណប្រតិភូសារៈមន្ទីរChristie’s នៅតាមប្រាសាទនានានេះ
គឺកម្ពុជាយើងទទួលបានផលចំណេញពីរ ទី១ អាចបញ្ជាក់បានពីប្រភពដើម
នៃទ្រព្យសម្បត្តិរបស់យើង ដែលបានបាត់បង់ ហើយទី២
យើងបានបញ្ចាក់អំពីឧត្តមភាពនៃប្រាសាទព្រះវិហារគឺពិតជាទ្រព្យ
សម្បត្តិរបស់ខ្មែរ និងមនុស្សជាតិទាំងមូល។