Tuesday, June 17, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ Hazrat Shahhalal ទីក្រុង​ដាកា (Dhaka) នៃសា​ធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី១៦មិថុនានេះ បាន​ចាប់​​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល៣ថ្ងៃ នៅទីក្រុងដាកា (Dhaka) នៃសាធារណរដ្ឋប្រជា​មានិត​បង់​ក្លា​ដែស​។​ យន្តហោះ​ពិសេស​របស់​ព្រះ​រាជា​ណា​ចក្រកម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​កម្ពុជា ធ្វើការ​ចុះចត​នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Hazrat Shahhalal ប្រ កបដោយសុវត្តិភាព នៅ​វេលាម៉ោង៩និង៥០នាទី ម៉ោងនៅ​ទីក្រុង​ដា​កា ប្រទេសបង់ក្លាដែស ត្រូវ​និង​ម៉ោង​ ១០និង៥០នាទី ម៉ោង​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Hazrat Shahhalal វត្ត​មាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ​នាយក​​រដ្ឋមន្រ្តី ត្រូវបាន​ការធ្វើ​គារវកិច្ចស្វាគមន៍ យ៉ាងកកក្តៅ និងស្នាល​ស្នាល​រ៉ាក់​ទាក់​បំផុត ពី​សំណាក់​លោកជំទាវ ហ្សេក ហា​ស៊ី​ណា (Sheikh Hasina) នាយក​រដ្ឋ​មន្រ្តី នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​បង់ក្លាដែស និង​ឥស្ស​រជន​បង់ក្លាដេសជាច្រើនរូប។ នៅក្នុងពិធីបដិ​សណ្ឋារ​កិច្ចផ្លូវ​ការដែល​ធ្វើ​ឡើង នៅចំណតអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahhalal សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយផ្ទាល់ពីសមភាគីបង់ក្លាដែស លោកជំទាវ ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុង​ទិដ្ឋភាព​ដូច​តទៅ (ដាក់សម្លេងគោរពទង់ជាតិកម្ពុជា-បង់ក្លាដែស និងដើរត្រួតពលកងកិត្តិយស)



សូមបញ្ជាក់ថា នេះគឺជាលើកទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ នៅ​សា​ធារ​ណរដ្ឋប្រជាមានិតបង់ក្លាដែស បន្ទាប់​ពីប្រ​ទេស​ទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាល​ពីថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ ១៩៩៣​។ ដូចគ្នា​និង​ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីខែមករាឆ្នាំ២០០១ លោកជំទាវ ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស បានដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋា​ភិបាលបង់ក្លាដែស អញ្ជើញបំពេញទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។    ក្នុងរយៈពេលជាង២១ឆ្នាំកន្លងមកនេះ ប្រ​​​ទេស​ទាំងពីរកម្ពុជា-បង់ក្លាដែស បានពង្រឹងនិង​​ពង្រីក​ទំនាក់ទំនងកិច្ចសហ​ប្រតិ​បត្តិការជាមួយគ្នា មានការរីកចំរើនលើគ្រប់វិស័យ ពិសេស​លើ​ទំនាក់ទំនងអន្តរ​ជាតិ​ប្រទេស​ទាំងពីរកម្ពុជា-បង់ក្លាដែស បានធ្វើការគាំទ្រគ្នាទៅវិញទៅមក ក្នុង​នោះ​កម្ពុជា​​បានគាំទ្រដល់បេក្ខភាពរបស់បង់ក្លាដេស ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃ​អង្គការ​យូណេស្កូ។ បេក្ខភាពនៅក្នុងអង្គការនៃសមុទ្រអន្តរជាតិក្នុងក្រុមB ជា​សមា​ជិក​ក្រុមប្រឹក្សា​ប្រតិ​បត្តិ​សហភាព​ទូរគមនាគមន៍អន្តរជាតិ។ បេក្ខភាព​នៅក្នុង​ក្រុម​ប្រឹក្សា​សិទ្ធមនុស្ស របស់អង្គការសហ​ប្រជាជាតិ អាណត្តិ២០១៥-២០១៧ សមា​ជិក​គណៈកម្មាធិការ ស្តីពីការលុបបំបាត់ការរើសអើងប្រឆាំង​ស្រ្តីភេទ របស់​អង្គការ​សហ​ប្រជាជាតិអាណត្តិ២០១៥-២០១៨  ជាមួយគ្នានេះបង់ក្លាដែសបាន​គាំទ្រកម្ពុជា ជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងសមាជិកមិនអចិន្រៃ្តយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ២០១៣-២០១៤។ ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់​ទីក្រុង​ដាកា​សា​ធារណរដ្ឋប្រជា​មានិត​បង់​ក្លាដេស​នៅពេលនេះ គឺដើម្បីពង្រឹងនិង​ពង្រីក​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ នៃប្រទេស​ទាំង​ពីរ​កម្ពុជា-បង់ក្លាដែស ឲ្យកាន់​តែរឹង​មាំថែម​ទៀត ពិសេសការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទេស​ចរណ៍ ​នៃប្រទេស​ទាំង​ពីរ​ឲ្យ​ឈានដល់ចំណុច កំពូលថ្មីមួយទៀត។