Friday, July 18, 2014

រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់​បែបណាមួយនៅកម្ពុជាឡើយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​នយោបាយ​ចិន​តែមួយ​ នៃ​គោល​នយោ​បាយ​ការបរទេស​របស់​កម្ពុជា​ ដោយស​ម្តេចចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ ចិន​តែ​ប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​លើក​ទង់ជាតិ​តៃវ៉ាន់​លើ​ទឹកខ្មែរ​ ឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៤ បានដកស្រង់​ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងអង្គប្រជុំ ដោយសម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់ ឬមិន ឲ្យមានតំណាងរបស់តៃវ៉ាន់ នៅក្នុងទឹកដី​ព្រះរាជាណា​ចក្រកម្ពុជា​ទោះក្នុងរូបភាពណាក៏ ដោយ។

នៅក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរ​ជាតិបានចេញនូវ​បដិសេធ​ដាច់ខាតដាច់ខាតនូវព័ត៌មាន ដែលបាន​ចុះ​ផ្សាយ ដោយការសែតរស្មីកម្ពុជា ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៤ ដែល​មាន​ចំណង​ជើងថា​«តៃវ៉ាន់​បាន អះអាងថា ខ្លួនបានទទួលភ្លើងខៀវ​ពីរាជ​រដ្ឋាភិបាល​កម្ពុជា​បើក​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្មមួយ នៅកម្ពុជា» ដែលកាសែតនេះ​បានដកស្រង់ពីកាសែតតៃប៉ិថាម នោះ។ អ្នកនាំពាក្យ​ក្រសួង ការបរទេសបាន​និយាយ​ក្នុងសេចក្តីជូនព័ត៌មាន ថា ពាក់ព័ន្ធនឹងការបំផ្លើសការពិតនេះ អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា​មិនបានអនុញ្ញាត ហើយនឹងមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់ បែបណាមួយនៅ កម្ពុជាឡើយ ចាប់តាំងពី​រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពេញលេញនូវនយោបាយចិន តែមួយ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះ សម្តេចតេជោបានក្រើនរំលឹកឡើងវិញនូវនីតិវីធី នៃការ​កែទម្រង់​ស៊ីជម្រៅ តាមរយៈឆ្លុះកញ្ចក់មុជទឹក ដុសក្អែល និងព្យាបាលដោយតម្រូវឲ្យ ថ្នាក់ដឹក​នាំ​ស្ថាប័ន​របស់​រាជ​​រដ្ឋាភិបាល​ទាំងអស់ ដឹកនាំការប្រជុំផ្ទៃក្នុង ដើម្បីធ្វើការបូកសរុប វាយ​តម្លៃ​រកឲ្យឃើញ​នូវចំណុច​ខ្វះខាត ដើម្បីកែ​លម្អឆ្ពោះ​ទៅ​រកវឌ្ឍនភាព និងប្រសិទ្ធភាព ការងារ​សម្រាប់ឆ្នាំខាងមុខ៕
ដោយ ជ័យ ភូមិពល