Saturday, July 19, 2014

សម្តេចតេជោនឹងអញ្ជើញចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ

នៅ​ពេល​អញ្ជើញ​ចូលរួម​ជាអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួសខែ រ៉ាម៉ាឌន​ នៃ​សាស​និក​ឥស្លាម​កម្ពុជា​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​ រាជធានីភ្នំពេញ​ កាលពីរាត្រី​ ថ្ងៃទី១៨ ​កក្កដា ឆ្នាំ២០១៤ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ ថា ​នេះជាការ​ចាប់ផ្តើម​នៅឆ្នាំទី១​ ហើយ​យើង​នឹង​ជួប​គ្នា​ជារៀង​រាល់​ឆ្នាំ​សម្រាប់​កម្មវិធី​ដ៏មាន​ សារសំខាន់​នេះ។

សម្តេចតេជោមានប្រសាសន៍ក្នុងពិធីដែលមានការ ចូល រួម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថា ជាការពិត ការយក​ចិត្តទុក​ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​សាសនិក​ឥស្លាមពុំមែនទើប តែនឹងមានលើកទី១ ដូចយើង​ឃើញក្នុងពិធីនេះប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការនេះ បានកើតមាន ឡើងតាំងពីការចាប់ផ្តើមរៀបចំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងក្រោយថ្ងៃរំដោះ៧ មករាមកម្ល៉េះ។ ជាក់ស្តែង ក្នុងពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសាសនា ឥស្លាម​ស្មើគ្នាទៅ​នឹង​សាសនាដទៃទៀត ដោយមានការចូលរួមជួយកសាងព្រះវិហារ ការលើក កម្ពស់ការប្រណិបត័ន៍របស់សាសនិកឥស្លាម ពិសេស​គឺការបង្កើតឲ្យមានស្ថាប័នកំពូលរបស់ ឥស្លាមកម្ពុជាជាដើម ហើយឈរលើមូលដ្ឋាននេះ សាសនា​ឥស្លាម​នៅកម្ពុជាបានទទួលនូវ ភាពរីកចម្រើន ហើយអាចឈរដោយស្មើមុខស្មើមាត់ជាមួយនឹងសាសនា នៃប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។

ដោយរំលេចឲ្យឃើញពីការគាំទ្រចំពោះការបួស​របស់​សាសនាឥស្លាមនោះ សម្តេច​ តេជោ មានប្រសានស៍ថា ជាការ​ពិត បួស មាននៅគ្រប់សាសនា សាសនា​ណា​ក៏មាន​ការបួសដែរ គ្រាន់តែ​ខុស​គ្នាត្រង់​ការ​ប្រណិប័តន៍​តែ​ប៉ុណ្ណោះ ដូចជា មានអ្នកខ្លះតមអាហារពេលថ្ងៃ ខ្លះតម ពេលយប់ ខ្លះបួសក្នុងរយៈពេលមួយកំណត់ ខ្លះ​បួស​មួយ​ជីវិត ខ្លះតមសាច់ទទួលទានតែបន្លែ ខ្លះតមស៊ុតជាដើម។ ពិតមែន​តែការប្រណិប័តន៍ នៃកា​របួស​មានលក្ខណៈ​ខុស​គ្នា​យ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែគោល​បំណង​នៃកា​របួស​ឬកា​រតមអាហារ មិនជាខុសគ្នាឆ្ងាយប៉ុន្មាននោះទេ។ ជា រួម​ការ​បួសទាំងនៅក្នុងសាសនាផ្សេង និងនៅក្នុង​សាសនា​ឥស្លាមគឺនៅក្នុងបំណងស្វែងរកទី សុខសន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ក្នុងខ្លួនរបស់អ្នកបួសម្នាក់ៗ ដែលតាម​រយៈនេះយើង អាចនិយាយបានថា ការបួស​នឹងនាំទៅ​កាន់​សន្តិភាព និងស្ថិរភាពទាំងក្នុងគ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល។ ក្នុងនោះ អ្នកបួស​តែងទទួល​អារម្មណ៍ស្ងប់ ដែលជាការ ហាត់ពត់លត់ដំចិត្ត កាយ វាចា និងអាក​ប្បកិរិយាឲ្យឈានទៅ​ដល់កម្រិតនៃព្រហ្មវិហារធម៌ ដែលមាន មេត្តា គឺផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វលោក ករុណា គឺផ្សាយសេចក្តី អាណិតស្រឡាញ់​ទៅរកសព្វសត្វ​លោក មុទិតា គឺផ្សាយអំណរសាទរទៅរកសព្វសត្វ ដែល បានទទួលបាននូវសេចក្តីសុខចម្រើន ពោលគឺមានអំណរនឹងសព្វសត្វលោក ដែលនូវសេចក្តី សុខចម្រើន ឧបេក្ខា គឺផ្សាយសេចក្តី​ស្មោះស័្មគ្រទៅ​រកសព្វសត្វលោកទាំងអស់ ហេតុនេះយើង អាចយើងអាចមើលឃើញថា បួស គឺពិតជានាំមកនូវសន្តិភាព ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ជាការពិត សមិទ្ធផល​សំខាន់ៗ ដែលសាសនិកឥស្លាម ទទួលបាន បន្ទាប់​ពីថ្ងៃរំដោះមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង៣០ ឆ្នាំមក​នេះ គឺបាន ឈរលើបរិយាកាសសង្គមមួយ ដែលប្រកបដោយលក្ខណៈអំណោយផល មានសន្តិភាព ស្ថិរ ភាព និងការ​យកចិត្តទុកដាក់​ខ្ពស់របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។ តាមរយៈនេះ យើងក៏អាចមើល ឃើញ​យ៉ាងប្រត្យក្សផងដែរថា អ្វីៗដែល​យើង​ទទួលបាន​ក្នុង​ពេលនេះ មិនមែនជារឿងធម្មតា នោះទេ ពីព្រោះថា ក្នុងអំឡុងពេលដែលកម្ពុជាកំពុង​កសាងប្រទេស​ជាតិមួយពីគំនរនៃផេះផង់ ដែលស្ថិតក្នុងកម្រិតសូន្យ ឬក្រោមសូន្យ នៅក្រោយថ្ងៃ៧ មករា១៩៧៩ នោះ កម្ពុជាក៏ត្រូវធ្វើ ឲ្យមានសុខដុមនីយកម្ម ក្នុងចំណោម​សាសនិកនានា នៅលើទឹកដីកម្ពុជាទាំងមូល។ កិច្ចខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់របស់យើង បានធ្វើឲ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ហើយកម្ពុជាអាចធ្វើសមាហរណកម្មជាមួយសហគមន៍ អន្តរជាតិ ទាំងក្នុងក្របខណ្ឌអនុតំបន់ និងក្រប​ខណ្ឌតំបន់ មានទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស ហើយបាននាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាង ច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជា រួមទាំងការលើកកម្ពស់សាសនាឥស្លាមកម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍ ជារួមបងប្អូនសាស​និក​ឥស្លាម មិនត្រឹមតែបានចាកផុត ពីក្តីកង្វល់ទាំងឡាយ ដែលរា​រាំង​ដល់ការប្រណិប័តន៍សាសនារបស់ខ្លួន ហើយ​រស់នៅដោយ មានសេចក្តីសុខ ប្រកបដោយភាព​សុខដុម​រមនា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមិទ្ធផលផ្សេងៗទៀតខាង វិស័យសាសនាឥស្លាមក៏បានរីក​ស្គុះស្គាយយ៉ាង​ខ្លាំងក្លាផងដែរ ដោយបងប្អូន​ឥស្លាមនៅប្រ ទេសនានា បានមក​បំពេញទស្សនកិច្ចនៅកម្ពុជា បាននាំ​មកនូវជំនួយ​ឧបត្ថម្ភផ្សេងៗ ទាំងខាង ផ្នែក​សាសនា និងមនុ​ស្សធម៌​ជូនដល់​បងប្អូន និងសហគមន៍ឥស្លាមកម្ពុជាទៀតផង៕
ដោយ ជ័យ ភូមិពល