Thursday, July 31, 2014

ស្ពាន​អាកាស​ស្ទឹងមាន​ជ័យ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការហើយ

ស្ពានអាកាសស្ទឹងមានជ័យ បាន​សម្ពោធបើក​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ​នៅព្រឹកថ្ងៃ​ទី៣១​ខែ​កក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ។

ស្ពានអាកាស​ស្ទឹងមានជ័យ​គឺជាស្ពាន​អាកាស​ទី៣ និងជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់​ពី​ស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាស៧មករា ដែលបានកើតឡើងក្នុងរយៈ​ពេលត្រឹមតែ ២ឆ្នាំ ប៉ុណ្ណោះ ។

ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមិទ្ធផល ទាំងអស់នេះ បានកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និង​ការអភិវឌ្ឍ លើគ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកប​ដោយ​ភាពឈ្លាសវៃ និងគតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ។

ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុង​ភូមិ​សាស្ត្រ​មុំនៃសង្កាត់ចំនួន៣ គឺសង្កាត់មាន​ជ័យ​ នៃខណ្ឌមានជ័យ, សង្កាត់ទំនប់ទឹក នៃខណ្ឌ​ចំការមន និងសង្កាត់បឹងសាឡាង នៃ ខណ្ឌ ទួល​​គោក​ ដែលបានអនុវត្តការសាង​សង់ដោយ​ក្រុមហ៊ុន​វិនិយោគ​ទុនអាណិក​ជន​កម្ពុជា (OCIC)

ស្ពានអាកាសនេះ ផ្អែកតាមកិច្ចសន្យា គឺត្រូវប្រើរយៈពេល២៨ខែ ដើម្បី​សាងសង់ ដោយ​ចាប់​ផ្តើមពីថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១២ ហើយគ្រោងបញ្ចប់​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ប៉ុន្តែ​ជាក់ស្តែង​ដោយមានកិច្ចខិតខំប្រឹងប្រែង ក្នុងការស្ថាបនា​ទាំងថ្ងៃទាំងយប់ ធ្វើឱ្យការសាងសង់នេះ ប្រើរយៈពេល​ត្រឹមតែ​២០ខែ​ប៉ុណ្ណោះ​ ដោយ​ចំណាយថវិកា​សាងសង់ ​សរុបចំនួន១៨លាន៩សែន ៧ម៉ឺន ៦.៦៧៨ដុល្លារអាមេរិក ជាកញ្ចប់​ថវិកា​ដែលបាន​មកពី​ការវិនិយោគដីជ្រោយចង្វារ របស់​ក្រុមហ៊ុនវិនិ​យោគ​ទុន​អាណិក​ជន​កម្ពុជា (OCIC)

ស្ពានអាកាសស្ទឹងមានជ័យ រួមមានស្ពានចំនួន៥ ក្នុងនោះមាន ស្ពានមេ១ ស្ពានតូច៣ និង​ផ្លូវ​ក្រោម​ដី១ ។ ចំពោះ​លក្ខណៈ​បច្ចេក​ទេស​របស់​ស្ពាន​នេះជាស្ពានបេតុងអាមេ អាច​ទទួល​ទំងន់​សរុប​ ២៥តោន។ បច្ចេកទេស​នៃការ​សាង​សង់​គឺស្ពាន​មេ មានសសរ២ ឯស្ពានតូចមានសសរ១ ដោយ​ចន្លោះសសរពីមួយទៅមួយ មានគម្លាត​ពី​២០ទៅ៣០ម និងមានបង្កាន់ដៃស្ពាន កំពស់​ជាង១ម ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់សាលារាជធានីភ្នំពេញ និងក្រុម ហ៊ុន​ដែល​បានខិតខំ ជំរុញការសាងសង់បានសម្រេចជោគជ័យមុនការគ្រោងទុក និងបានថ្លែងអំណរ​គុណ​ចំពោះប្រជាពលរដ្ឋដែលរស់នៅជុំវិញស្ពានអាកាសស្ទឹងមានជ័យ ដែលទទួលផលប៉ះពាល់​ពីការ​សាងសង់ដោយ បានទ្រាំទ្រនូវការលំបាកមួយរយៈពេលនៃការ សាងសង់ស្ពានអាកាស​នេះ។​ក្នុងឱកាសនៃការសម្ពោធនេះដែរ សម្តេចតេជោហ៊ុន សែន ក៏បានប្រកាសចាប់​​ផ្តើម​ការ​សាង​សង់ស្ពានអាកាសទី៤ និងផ្លូវក្រោមដី នៅចំណុចវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ប្រសព្វរវាង​​​មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីម៉ៅសេទុង និងមហាវិថីគីមអ៊ីលស៊ុង។

ក្នុងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតតាមសំណើរបស់​សាលា​រាជ​ធានី​ភ្នំពេញ  ដែលសុំរៀបចំទីតាំងក្រោ​មស្ពាន​អាកាស​ស្ទឹងមានជ័យ ឱ្យក្លា​យ​ជា​កន្លែង​កំសាន្ត និង​កន្លែង​ហាត់ប្រាណ ដោយត្រូវចាក់គម្រប លើប្រព័ន្ធលូក្រោមស្ពាន ព្រមទាំងដាំស្មៅ ​ដាំផ្កា កូនឈើ ដាក់បង់ថ្មសម្រាប់អង្គុយលំហែកាយ ដែលការសាងសង់​នេះជា​បន្ទុក​របស់​ក្រុម​ហ៊ុន OCIC ។ តាមរយៈសមិទ្ធផលស្ពានអាកាសនេះ សម្តេចតេជោ ក៏មិនភ្លេចពីការ អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ចំពោះប្រជាពលរដ្ឋ ឱ្យគោរពច្បាប់ចរាចរ  ជាពិសេសបើកបរដោយមាន​ការប្រុង​ប្រយ័ត្ន​ដើម្បី​រក្សាសុវត្ថិភាព ។

ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ជំរុញ​សាលារាជធានីភ្នំពេញ ត្រូវធ្វើឱ្យបាននូវការដោះស្រាយបញ្ហាសេវារថយន្តក្រុង ឱ្យបាន ដែល​បញ្ហានេះ សម្តេចបានជំរុញឱ្យសាលារាជធានីភ្នំពេញ ​បង្កើតរដ្ឋករដឹក​ជញ្ចូន​សាធារណៈ​ឱ្យ​បាន​ឆាប់ ក្នុងនោះ រដ្ឋគាំទ្រឱ្យមានការនាំចូលរថយន្តក្រុង ដែលអាករ ជាបន្ទុករបស់រដ្ឋ ។

ជាមួយនឹងការខិតខំប្រឹងប្រឺងក្នុងការអភិវឌ្ឍនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់​កិតិ្ត​យស​ដោយបំពាក់មេដាយជូនថ្នាក់ដឹកនាំ និងក្រុមហ៊ុនសាងសង់ផងដែរ។
        សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដំណើរដោយមន្ត្រីអ្នកមុខអ្នការ បានអញ្ជើញកាត់ខ្សែបូរ ដើម្បីជានិមិត្តរូប នៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពាន​អាកាសស្ទឹងមានជ័យចាប់ពីពេលនេះតទៅ៕