ដោយ៖ សួន ចំរើន
ក្រោយពីមេដឹកនាំនៃគណបក្សទាំងពីរបានប្ដេជ្ញាថា នឹងបញ្ឈប់ការប្រកួតប្រជែងគ្នា
យកស្លាប់រស់ យកចាញ់ឈ្នះ និងបញ្ឈប់ការប្រើនយោបាយលាបពណ៌ឱ្យគ្នាទៅវិញទៅមក
ដោយការហៅគ្នាថា «អាយ៉ង» និងបញ្ឈប់ការប្រើនយោបាយ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» និងសន្យាកសាងប្រទេសឲ្យមានការអភិវឌ្ឍមក
មិនបានប៉ុន្មានថ្ងៃផង លោក សម រង្ស៊ី ដែលជាមេដឹកនាំបក្សប្រឆាំងបានប្រើវោហាសាសន៍ព្រមានជាថ្មីទៀតថា
វិបត្តិនយោបាយនៅកម្ពុជា នឹងមិនទាន់បញ្ចប់។
នយោបាយបង្កភាពតានតឹងសារជាថ្មីនេះ ត្រូវបាន លោក សម រង្ស៊ី ប្រកាសក្តែងៗ
«របៀបស៊ីញ៉េនឹងដៃ លុបនឹងជើង» នៅពេលដែលលោក ចុះទៅញុះញង់ប្រជាពលរដ្ឋមកពីខេត្តក្រចេះ
ដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤
។ ទន្ទឹមនឹងនោះក៏មានក្រុមសង្គមស៊ីវិល និងអ្នកវិភាគ
មួយចំនួនដែលស្និតនឹងបក្សប្រឆាំងក៏បាននាំគ្នាបន្ទរសម្លេងចោទរាជរដ្ឋាភិបាល
ថាបានដាក់ការគាបសង្កត់ទៅលើបក្សប្រឆាំង តាមរយះប្រព័ន្ធតុលាការដោយសារតែសកម្មជនរបស់បក្សសង្គ្រោះជាតិ
ត្រូវបានតុលាការបើកចំណាត់ការតាមនីតិវិធីរបស់ខ្លួន ក៏ដោយ។
តាមពិត ការឃាត់ខ្លួនសកម្មជនទាំងបីនាក់ «គឺជាការអនុវត្តដ៏ត្រឹមត្រូវរបស់សមត្ថកិច្ច» យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងការចាត់វិធានការណ៍ច្បាប់
ទៅលើជនអាណាធិបតេយ្យ ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង
ក្នុងការប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើកងសន្តិសុខ ខណ្ឌដូនពេញ
ដែលកំពុងបំពេញភារៈកិច្ច រក្សាសណ្តាប់ធ្នាប់ បណ្តាលឲ្យមានរបួស ធ្ងន់
ស្រាល រហូតដល់៣៨ នាក់ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤
នៅចំណុចស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ តែប៉ុណ្ណោះ។
បើតាមការវិភាគ របស់អ្នកតាមដានបញ្ហាសង្គមយល់ឃើញថា
ការព្រមានជាថ្មីរបស់លោក សម រង្ស៊ី វាគឺជាយុទ្ធសាស្ត្រថ្មីមួយ
ដើម្បីបង្កហេតុសារជាថ្មី
ធ្វើឲ្យកម្ពុជាជួបនូវអស្ថេរភាពនយោបាយឡើងវិញយ៉ាងពិតប្រាកដ ។
មានន័យថា ការយល់ព្រម ចូលធ្វើសច្ចាប្រណិធាន
កាន់តំណែងជាសមាជិករដ្ឋសភារបស់បក្សសង្គ្រោះជាតិ គឺគ្រាន់តែដើម្បីទទួលបាននូវអភ័យឯកសិទ្ធិតំណាងរាស្ត្រ
និងដើម្បីបានរួចផុតពីការចោទប្រកាន់នូវបទល្មើសនានា តែប៉ុណ្ណោះ។
វាក៏បញ្ជាក់ផងដែរថា គណបក្សសង្គ្រោះជាតិ គ្មានឆន្ទៈពិតប្រាកដ
ក្នុងការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាឡើយ
ពីព្រោះពួកគេតែងតែប្រើយុទ្ធវិធី រកដំណោះស្រាយបានមួយ
លើកបញ្ហាពីរមកបន្ថែម ដូច្នេះទំនាស់ វានឹងបន្តកើតមានរហូត ដូចពាក្យអ្នកនយោបាយហៅថា
«ជាយុទ្ធសាស្ត្រចិញ្ចឹមទំនាស់» របស់បក្សសង្គ្រោះជាតិ។
ទាក់ទងរឿងសកម្មជនគណបក្សប្រឆាំង
ប្រព្រឹត្តិបទល្មើសអំពើហិង្សា វាគឺជាបទល្មើសជាក់ស្តែង
របស់បុគ្គលម្នាក់ៗបានប្រព្រឹត្តិ ហើយបុគ្គលនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់
ដោយមិនអាចយកមករាប់បញ្ចូលជាកញ្ចប់ នៅក្នុងបញ្ហាដំណោះស្រាយនយោបាយ បានឡើយ។
ការយល់ច្រឡំដ៏ខុសឆ្គង នូវអត្ថន័យរបស់ពាក្យ «ដំណោះស្រាយនយោបាយ»ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០១៤ គឺជារឿងមួយគួរឲ្យសោកស្តាយ។
កិច្ចព្រមព្រៀងនយោបាយ គឺមិនបានរួមបញ្ចូលគ្នានូវអ្វីដែលទាក់ទងទៅនឹងការអនុវត្តច្បាប់របស់ប្រទេស
និងការប្រើអំពើហិង្សារបស់បុគ្គល ឬក្រុមណាមួយ
ដែលបានរំលោភលើសិទ្ធិពលរដ្ឋដូចគ្នាថានឹងមិនទទួលទោសទណ្ឌនោះទេ។
រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ពលរដ្ឋគ្រប់រូបត្រូវបានការពារដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។
ការបង្កើតនូវ វប្បធម៌និទណ្ឌភាពនៅក្នុងសង្គម គឺជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយ «យុត្តិធម៌និងនយោបាយមិនអាចលាយឡំគ្នាបានទេ»
។ សង្គមមួយដែលរស់ក្នុងនីតិរដ្ឋ រាល់ការទាមទារទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាប់
គឺជាការដើរខុសផ្លូវនៃលទ្ធិប្រជាធិបតេយ្យ។
កន្លងមក គណបក្សសង្គ្រោះជាតិតែងតែលើកឡើងកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា
ហើយតែងចោទស្ថាប័នតុលាការថាមិនឯករាជ្យ ឬនៅក្រោមការបញ្ជារបស់អ្នកនយោបាយ
ប៉ុន្តែពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិប្រព្រឹត្តិបទល្មើសជាក់ស្តែង
បង្កអំពើហិង្សា បែរជា លោក សម រង្ស៊ី
ព្រមានដល់ស្ថាប័នតុលាការឲ្យមានការដោះលែងជនល្មើស និងព្រមានថា នឹងបង្កឲ្យមានវិបត្តិនយោបាយសារជាថ្មីទៀត ទៅវិញ។ តើឯណាទៅយុត្តិធម៌
សម្រាប់ជនរងគ្រោះនោះ?
តាមពិត មកដល់តំណាក់កាលនេះ លោក សម រង្ស៊ី មិនគួរប្រើពាក្យព្រមាន
អុជអាល ញុះញង់ ឬបំភ្លៃរឿងពិត ដែលជំរុញឲ្យបក្សនយោបាយទាំងពីរ បន្តឈ្លោះគ្នាតទៅទៀតនោះទេ។
ប្រការដែលមិនបានបែងចែកច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយ
វានឹងនាំឲ្យសង្គម និងប្រទេសជាតិ កាន់តែប្រេះស្រាំគ្មានទីបញ្ចប់ ហើយទីបំផុតពាក្យ
នីតិរដ្ឋ ដែលបក្សសង្គ្រោះជាតិ តែងតែប្រើប្រាស់
ដើម្បីសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នឹងមិនអាចមានក្នុងសង្គមខ្មែរបានឡើយ។
ត្រង់ចំណុចនេះ ចង់បញ្ជាក់ថា លោក សម រង្ស៊ី ដែលធ្លាប់មានប្រវត្តិជាអ្នកច្បាប់ផងនោះ
ពិតជាដឹងច្បាស់ថា សកម្មជនរបស់ខ្លួនពិតជាបានប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌយ៉ាងពិតប្រាកដ
ទើបពេលនេះ លោក ស្នើឲ្យមានការដោះលែងសកម្មជនទាំងនោះ ដោយរាប់បញ្ចូលទៅក្នុងកញ្ចប់
«ដំណោះស្រាយនយោបាយ»
ទៅវិញ។
ដូច្នេះ ប្រសិនបើរាល់ពេលដែលជនល្មើស
ពាក់ស្លាកជាសកម្មជន នយោបាយរបស់គណបក្សណាមួយ
ហើយបានប្រព្រឹត្តិបទល្មើសជាក់ស្តែង សុទ្ធតែត្រូវបានលើកលែងទោសបែបនេះ
តើប្រទេស អាចអនុវត្តនូវនីតិរដ្ឋ បានដែរឬទេ?
គួររួមគ្នាបញ្ឈប់នូវវប្បធម៌និទណ្ឌភាព សម្រាប់ប្រទេសជាតិយើង។
ជារួម កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយ
មិនអាចយកមកអនុវត្តក្នុងប្រព័ន្ធតុលាការបានទេ ប្រសិនបើគ្រប់អ្នកនយោបាយចង់បានប្រទេសមួយដែលប្រកបដោយនីតិរដ្ឋ
មានការគោរពសិទ្ធិមនុស្សពេញលេញ
និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យពិតៗ ៕