តាមប្រភពព័ត៌មានពីមន្ត្រីជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា
នៅក្នុងការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា ប្រធាន អនុប្រធាន
និងគណៈកម្មការទាំង១០ នាពេលខាងមុខ ក្នុងករណីដែលការបោះឆ្នោតលើកទី១ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ឯកឧត្តម
កឹម សុខា ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា បានទទួលសម្លេងឆ្នោតគាំទ្រច្រើន
ប៉ុន្តែ នៅពេលបោះឆ្នោតលើកទី២ សម្រាប់ដំណែងអនុប្រធានទី២រដ្ឋសភា ដែលនឹងត្រូវផ្តល់ជូនទៅ
ឯកឧត្តម ងួន ញ៉ឹល បែរជាបានទទួលសម្លេងគាំទ្រតិចវិញនោះ មានន័យថា
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបាននាំគ្នាបោះឆ្នោតឱ្យខាងគណបក្សសង្គ្រោះជាតិ
ប៉ុន្តែ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិមិនស្មោះត្រង់ និងមិនបោះឆ្នោតគាំទ្របេក្ខជនខាងគណបក្សប្រជាជនវិញទេ។
ដូច្នេះ នៅពេលដែលត្រូវបោះឆ្នោតជ្រើសតាំងប្រធាន
និងអនុប្រធានរបស់គណៈកម្មការផ្សេងៗទៀត ជាពិសេស គណៈកម្មការទី១០
ដែលតាមគម្រោង គឺលោកជំទាវ មួរ សុខហួរ បេក្ខជនឈរឈ្មោះធ្វើជាប្រធាននោះ ហើយដែលកន្លងមកលោកជំទាវ មូរ សុខហួរ
ក៏ជាមនុស្សស្ថិតនៅក្នុងក្រុមជ្រុលនិយមផង អាចថា
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា បើទោះបីជាមានការអំពាវនាវពីសម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន យ៉ាងណាក៏ដោយ ប្រហែលជាសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជានឹងមិនបោះឆ្នោតឱ្យឡើយ។