Friday, August 1, 2014

សម្តេច​​តេជោ៖ នយោបាយ​​ទឹក​​ឡើង​​ត្រី​ស៊ី​​ស្រមោច ទឹក​ហោច​​ស្រមោច​​ស៊ី​ត្រី​ជា​​នយោ​បាយ​​មិន​ល្អ

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ​២០១៤ ប្រកាស​ឲ្យ​ដឹង​ថា ការ​ធ្វើ​ច្បាប់​ការពារ​ថ្នាក់ដឹក​នាំ​ពេល​បញ្ចប់​អាណត្តិ​ក្នុង​ដំណាក់​កាល​នេះ គឺ​មិន​ចាំ​បាច់​ទេ ប៉ុន្តែ​វាអាចធ្វើ​នៅ​ដំណាក់​កាល​ក្រោយ​ៗទៀត។ ទោះ​បី​យ៉ាង​ណា សម្តេចតេជោ​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ​កត់ត្រាទុក​នូវ​សម្តី​មេដឹកនាំ​គណបក្សទាំង​ពីរ ពិសេស​ប្រសាសន៍​ឯកឧត្តម សម រង្ស៊ី ស្តីពី​ការ​បញ្ចប់​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។

នៅ​ក្នុង​បទសម្ភាសន៍​ខ្លី នៅ​ឯវិមានរដ្ឋសភា​ក្រោយ​ពីបញ្ចប់​កិច្ច​ប្រជុំវិសាមញ្ញ​រដ្ឋសភា​នីតិ​កាល​ទី៥ ដើម្បី​អនុម័ត​ប្រការទី៦​នៃ​ការធ្វើវិសោធនកម្ម​បទបញ្ជារ​ផ្ទៃ​ក្នុង​រដ្ឋសភា  សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​ថា ខ្ញុំ​អាច​និយាយ​បាន​ថា ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង​គួរ​តែ​ត្រូវ​បាន​ទទួល​យក​ការសប្បាយ​រីករាយ​មួយ ដោយ​ឯកឧត្ដម សម រង្ស៊ី បាន​បញ្ជាក់​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បានលើកឡើង​អំពី​នយោបាយ​ទឹកឡើង​ត្រីស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ដែល​រឿងនេះ​វាមិន​ល្អ​ទេ។ អ្នកណា​ឡើង​កាន់​អំណាច​វាជា​រឿង​មួយ ប៉ុន្តែ​ធ្វើម៉េច​ឲ្យ​អ្នក​ដែល​មិន​កាន់​អំណាច​នោះ​បាន​សេចក្ដី​សុខ​ផង។ សព្វ​ថ្ងៃ​គណបក្ស​ប្រជាជន​កាន់​អំណាច​គណ​បក្ស​ដទៃ​គេក៏អាចរស់​នៅ​ជា​មួយ​បាន ហើយ​ខ្ញុំ​សង្ឃឹម​ថា បក្ស​ដទៃ​នឹង​អាច​ធ្វើដូចគ្នា​បែប​នេះ។

សម្តេច​តេជោ​បានមាន​ប្រសាសន៍ឲ្យ​ដឹងថា ការ​ធ្វើច្បាប់​ការពារ​ថ្នាក់ដឹកនាំ​ពេល​បញ្ចប់​អាណត្តិ​បាន​លើកឡើង​ដោយ​ឯកឧត្ដម សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១៦-១៧ ខែកញ្ញាម្ដង ដើម្បី​ដាក់​សំណើ​ច្បាប់​បែប​នេះ សុំ​ឲ្យ​គណបក្សប្រជាជន​គាំទ្រ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​អាជីវ​កម្ម​ថា គណបក្ស​ប្រជាជន​កំពុង​ស្វះស្វែង​រក​ការការពារ​ខ្លួន។ ជាថ្មី​ម្ដង​ទៀត​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ ឯកឧត្ដម សម រង្ស៊ី បាន​លើក​សារជាថ្មី​។ សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​ប្រាប់​គាត់​ថា មិន​ចាំបាច់​ទេ ព្រោះ​បើ​ធ្វើគ្រាន់​តែដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ហើយ​ឃោសនា​នោះ​មិន​ចាំបាច់​ធ្វើ​ទេ គឺម្នាក់ៗ​ចេះ​ការពារ​អភ័យ​ឯកសិទ្ធិ​របស់​ខ្លួន​ហើយ មិន​សំខាន់​ទៅ​លើ​រឿង​នេះ​ទេ សំខាន់​ត្រង់​ថា តើ​បន្ទាប់​ពីការ​ឈប់​ចាកចេញ​ពី​តំណែង​ទៅ តើ​គេគោរព​ទៅដល់​តួនាទី​អ្នក​ដឹកនាំ​មុន​ទេ។

សម្តេចតេជោ​ក៏បាន​មាន​ប្រសាសន៍​លើក​ជាឧទាហរណ៍​ថា បញ្ហា​ដែល​បាន​កើត​ឡើង​យើង បាន​ឃើ​ញជា​បន្ត​បន្ទាប់ នៅ​ប្រទេសមួយ​ចំនួន ឥឡូវ​សូម្បី​តែ​នៅ​ឯប្រទេស​ហ្វីលីពីន អតីត​ប្រធា​នាធិបតី​កំពុង​ស្ថិត​នៅ​ក្នុងពន្ធនាគារ​នៅ​ឡើយ​ទេ ដូច្នេះ​បន្ទាប់​ពី​ប្រធានាធិបតី អាគីណូ ឈប់​ទៅ​តើ​ប្រធានាធិបតី​ថ្មី នឹង​ធ្វើអ្វី​ទៅ​លើអាគីណូ​ព្រោះ​ឥឡូវ​គាត់មិន​ទាន់​ចប់​អាណត្តិ​ផង ក៏​ចាប់​ផ្ដើម​មាន​ការចោទ​ប្រកាន់​ទៅ​ហើយ?។ ដូច្នេះ​បញ្ហា​នេះ តើ​វា​មាន​សេចក្ដី​សុខ​ទេ​តាម​របៀប​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី?។

ទាក់​ទង​នឹងការ​ធ្វើ​ច្បាប់​ការពារ​ថ្នាក់ដឹកនាំ​ពេល​បញ្ចប់​អាណត្តិនេះ​ សម្តេច​តេជោ​បានមាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​គិត​ថា ដំណាក់​កាល​នេះ​មិនទាន់​ចាំ​បាច់​ទេ ហើយ​ប្រហែល​ជា​ដំ​ណាក់​កាល​ក្មួយៗ​អាច​ជាដំណាក់​កាល​ត្រូវ​ការ​ចាប់​ផ្ដើម។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស​បាន​ស្ដាប់​នូវ​សម្ដី​របស់​ឯកឧត្ដម សម រង្ស៊ី និង​សម្ដី​របស់​ខ្ញុំ ដែល​សុំ​ស្នើ​ឲ្យ​ព្រះសង្ឃ និង​ប្រជា​ពល​រដ្ឋ​កត់ត្រា​ទុកនូវ​សម្ដី​របស់​គណបក្ស​ទាំង​ពីរ ហើយ​ក្នុងនោះ​បញ្ហា​ជាមូលដ្ឋាន​របស់​យើង គឺ​ការ​រួបរួម​ខ្ញុំ​បាន​ក៏បាន​រំលឹក​បន្តិច​ដែរ​ថា បើសិន​ជារឿងនេះ​វាបាន​កើត​ឡើង​កាលពី​១០ខែមុន វា​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ​មក​យឺតប្រសើរ​ជាង​មិន​បាន​មក។

ឆ្លើយ​តប​និង​សំណួរ​អ្នក​សារព័តិមាន​ដែល​ថា គណបក្ស​ប្រឆាំង​បានលាប​ពណ៌​ឲ្យ​គណបក្ស ប្រជាជន​ថា ជា​អាយ៉ង​របស់​យួន​នោះ​ សម្ដេចតេជោ​បាន​មានប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​បាន​រំឮក​អម្បាញ់​មិញ​ហើយៗ​យើង​នឹងរង់ចាំ​មើល ថា​តើ​ការ​លាបពណ៌​បែប​នេះ នឹង​មាន​បន្ត​ទៀត​ឬទេ ក្នុង​ពេល​ដែល​មេដឹកនាំ​បក្ស​(ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ) បាន​ធ្វើ​ការប្ដេជ្ញា​ថា ធ្វើ​ការ​ក្នុង​ស្មារតី​រួបរួម​គ្នា ដូច្នេះ​ខ្ញុំ​នឹងរង់ចាំ​មើល​អ្នក​ណា​បើក​ប្រតិ​បត្តិ​ការ​​វ៉ៃ​អ្នក​ណា​មុននេះ គឺ​ជា​បញ្ហា​សំខាន់​ណាស់ ដើម្បី​ប្រជាពល​រដ្ឋ​អាច​ផ្ដល់​នូវ​សញ្ញា និង​ផ្ដល់​​នូវ​ពិន្ទុ តើ​អ្នក​ណាគោរព​នូវស្មារតី​នេះ។

សម្តេចតេជោ​បញ្ជាក់​ថា យើង​អប់រំ​ស្មារតី​ក្នុង​សមាជិក សមាជិកា​អ្នក​គាំទ្រ របស់​យើង​ឲ្យ​មាន​ការ​គោរព​ទៅ​ដល់​គណបក្ស​ដទៃ ដែល​មិន​មាន​និន្នាការ​ដូច​យើង ប៉ុន្តែ​គណបក្ស​ដទៃ​គេ​គោរព​យើង​ឬអត់ ដូចជា​វប្បធម៌​លាបពណ៌​ស្ដី​អំពី​បញ្ហា​អាយ៉ងវៀត​ណាម ឬ​អាយ៉ង​យួន​នេះ​ជាដើម អីញ្ចឹង​សូម​អស់​លោកចាំ​តាមដាន​អស់​លោក​ជា​សារព័ត៌មាន អស់​លោក​មាន​លទ្ធ​ភាព​លើស​ពីខ្ញុំ​ទៅ​ទៀត ដូច្នេះ​តាមដាន​ទៅ​មើល​អ្នក​ណា​បើក​ការប្រតិបត្តិការណ៍​លាប​ពណ៌​អំពី​បញ្ហា​នេះ។

ទាក់ទងនឹង​នយោបាយ​បង្រួប​បង្រួម​ផ្សះផ្សា​ជាតិ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍​ឲ្យដឹង​ថា មួយ​ជីវិត​របស់​ខ្ញុំ ២​ភាគ​៣ នៃ​ជីវិត​ខ្ញុំ បាន​ប្រើប្រាស់​បញ្ហាការ​ចរចា ការ​សន្ទនា​តាម​របៀប ឈ្នះ ឈ្នះ នៅ​ក្នុង​ដំណើរការ​នៃ​ការបង្រួប​បង្រួម​ជាតិ។ អស់​លោក​ប្រហែល​ជា​អាច​ដឹង​បាន​ពិត​មែន តែ​អស់​លោកជាក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា អស់​លោក​បាន​មើល​នៅ​ក្នុង​ប្រវត្តិ​នៃកាចរចា​របស់​ខ្ញុំ​ហើយ​ប្រវត្តិ​នៃនយោបាយ​ឈ្នះ ឈ្នះ ដើម្បី​ឯក​ភាព​ទឹកដី។

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា ខ្ញុំ​សង្ឃឹម​ថា ជន​ជាតិ​កម្ពុជា​របស់​យើង គណបក្ស​នយោបាយ​នានា ក៏​មាន​ស្មារតី​ដូចគ្នា​នេះ​ដែរ គឺ​មិន​ចង់​ឲ្យ​ប្រទេស​មាន​ការ​បែកបាក់ ហើយ​ខ្ញុំ​មាន​ការ​ជឿ​ជាក់​ទៅ​លើ​សម្ដី​របស់​ឯកឧត្ដម សម រង្ស៊ី ហើយ​សង្ឃឹម​ថា ឯកឧត្ដម សម រង្ស៊ី និង​អប់រំ​ផ្ទៃ​ក្នុង​របស់​គណបក្ស ដើម្បី​បញ្ចប់​នូវ​បញ្ហា​ការ​បែក​បាក់​ជាតិ​នេះ ចំណែក​ខាង​គណបក្ស​ប្រជាជន ក៏​ធ្វើការ​ប្រឹង​ប្រែង​ដើម្បី​អប់រំ​ផ្ទៃ​ក្នុង​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ខាង​គណបក្ស​ប្រជាជន​មិនមែន​ជា​អ្នក​ផ្ដើម​ហេតុ​ទេ​ព្រោះ​ក្នុងស្ថានភាព​ដែល​ខ្លួន​កាន់​អំណាច​រាប់សិប​ឆ្នាំ គឺ​ខ្លួន​បាន​ខិតខំ​ធ្វើពីការ​បែក​បាក់​មក​កាន់​ការបង្រួប​បង្រួម​ជាតិ ពី​ការ​ប្រឈមមុខ មក​កាន់​ការ​សហការ ដែល​នេះ​ជា​បញ្ហា​ដែល​គណបក្ស​ប្រជាជន​បាន​ធ្វើ។ ក្នុងរយៈ​ពេល​កន្លង​ទៅ តើ​គេជេរ​ខ្ញុំ​ប៉ុណ្ណា គេ​ស្ដី​បន្ទោស​ប៉ុណ្ណា រហូត​ដល់​ទៅ​ប្រមាថ​ជីវិត​ខ្ញុំ​ថែម​ទៀត​ផង ប៉ុន្តែ​ទីចុង​បំផុត​ខ្ញុំ​នៅ​តែជួយ​រៀប​ចំ ហើយ​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ខ្ញុំ​អំពាវនាវ​សមាជិក សមាជិកា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​បោះ​ឆ្នោត​ជូន​តំណាង​បេក្ខជន ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​កម្រិត​អនុប្រធាន​រដ្ឋ​សភា និង​កម្រិត​នៃគណៈកម្មការ​នានា។ ព្រោះបើ​សិន​ជា​សង្ឃឹម​តែ​ទៅលើសំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គ្រប់​គ្រាន់​ទេ ដូច្នេះ​ចាំ​បាច់​ណាស់​ត្រូវ​មាន​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​គាំទ្រ ហើយ​ក្នុង​នោះ​តួនាទី​របស់​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខជន​របស់​គណបក្ស​សង្ក្រោះ​ជាតិបាន​ច្រើន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​នឹង​ប្រឹង​ធ្វើ​លើ​រឿង​នេះ៕