Tuesday, August 12, 2014

សម្តេច​​តេជោ​ផ្តល់​​ឱកាស​​ម្តង​​ទៀត​​សម្រាប់​​សិស្ស​​ដែល​​​ប្រឡង​​ធ្លាក់​

សិស្សានុសិស្ស ដែល​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ​២០១៣-២០១៤​នេះ អាចនឹង​មាន​ឱកាស​ប្រឡងម្តង​ទៀត ​​សាក​ល្បងសមត្ថភាព​របស់​ខ្លួន​ ដើម្បី​បាន​សញ្ញាប័ត្រ​អាចបន្ត​ការ​សិក្សាថ្នាក់​ឧត្តម​សិក្សា។​ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ដោយសម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់ និស្សិត​សាកល​វិទ្យាល័យ​ន័​រ​តុ​ន​ចំនួន​២ ៥០១​នាក់​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា បេក្ខ​ជន​ដែល​បាន​ប្រឡងជាប់​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​ចំនួន​មិន​ខ្ពស់​ដូច​បណ្ដា​ឆ្នាំមុនៗ ​ដែល​មាន​រហូតដល់​ជាង៨០% ​នោះ​ទេ។ ដោយ​សារ​បញ្ហា​នេះ សម្ដេច​តេជោ​បាន​ប្រកាស​ទុក​ជា​មុន​ថា សម្តេច​នឹង​គាំ​ទ្រ​ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ត្រៀម​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ជា​លើក​ទី​២ ​សម្រាប់​បេក្ខជន ដែល​មិនបាន​ប្រឡង​ជាប់​លើកទី​១​ នោះ ​ក្នុង​រយៈពេល ​១​ខែ ឬ​១​ខែ​កន្លះ​ខាងមុខ។

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍លើក​ឡើង​​ថា បើ​អ្នក​ប្រឡង​លើក​ទី​១ ​មិន​ជាប់ អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​លើក​ទី​២ ដោយ​ក្រសួង​អប់រំ​បើក​ការ​ប្រឡង​ទៀត ហើយ​នៅ​ក្នុង​រយៈពេល​មួយ​ខែ ​ឬ​មួយខែ​កន្លះ​នោះ គឺ​សិស្ស​ត្រូវ​ប្រឹងរៀន ព្រោះ​អត់​មានឱកាស ដើម្បី​ចម្លង​វិញ្ញាសា លួច​ចម្លង​អ្វី​តាម​គ្នា​ទៀត​ទេ ដោយ​រដ្ឋ​សុខចិត្ត​ចំណាយ​លុយថែម​បន្តិចទៀត ប៉ុន្តែ​ធ្វើ​ឲ្យ​ក្មេង​រៀន​ពិតប្រាកដ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​ករណី​មានការ​ស្នើសុំ​បែប នេះ​ខ្ញុំ​គាំទ្រ ហើយក៏​ជា​សារ​មួយ​ផ្ញើ​ទៅ​អ្នក​ដែល​មិន​ជាប់​ក៏​ត្រូវ​ប្រឹងប្រែង​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជាការ​ពិចារណា​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ថា ប៉ុន្តែ​យើង​សួរ​ថា បើ​ប្រឡង​លើក​ទី​២ ​ហើយ​មិន​ជាប់ ត្រូវធ្វើ​ម៉េច​​ទៀត យើង​អាចមាន​ជម្រើស​ផ្សេងទៀត​ទីមួយ ឲ្យ​សិស្ស​រៀន​ត្រួតថ្នាក់​ឆ្នាំ ក្រោយ​ប្រឡង​ទៀត ប្រឡង​ទីមួយមិន​ជាប់​ទៅ​ប្រឡង​លើក​ទី​ពីរ​ទៀត ដើម្បី​ឲ្យគាត់​ប្រឹងរៀន​ពិតប្រាកដ។ ចំពោះ​ឆ្នាំ​ទី​២ ​បើ​ប្រឡង​លើក​ទី​១ ​ក៏​មិន​ជាប់​លើក​ទី​២ ក៏​មិន​ជាប់​តើ​ត្រូវធ្វើ​ម្ដេច​ទៀត ដូច្នេះ​បញ្ហា​នេះ​ក្រសួង​អប់រំ​ត្រូវ​គិត​គូរថា ​តើ​អាច​ឲ្យគាត់​រៀន​បរិញ្ញាបត្ររ​ង និង​បញ្ហា​ទាក់ទង​នឹង​ការ​រៀន​​នៅ​សាលា​ឯកទេស​នានា។​ល​។ ដោយ​បញ្ជាក់​ពី​លក្ខខណ្ឌ​សម្រាប់​ចូលរៀន​ដោយ​ក្រសួង​អប់រំ​នោះ។

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខ្ញុំ​នៅចាំ​បាន​ថា​កាលពីមុន គេ​ចង់​ឲ្យ​កម្រិត​នៃ​ការ​ជាប់បាក់​ឌុប​រហូត​ទៅ​ដល់​ប្រមាណ​៨៣%​ ដល់​កំណត់​យក​ពិន្ទុ​ប៉ុណ្ណេះ គឺ​ជាប់​បានត្រឹមតែ​៨០% ដូច្នេះ​ខ្វះ​៣%​ ទៀត ​ត្រូវសុំ​គោលការណ៍ ដើម្បី​សុំ​ស្ទូច​យក​ពិន្ទុ​អ្នកណា​ខ្ពស់​ជាងគេ​ដើម្បី​បំពេញ បើសិនជា​ដូច្នេះ​ទេ​ខ្ញុំ​គិតថា ​គុណភាព​វា​នៅតែ​ទាប។ ទាក់​ទង​បញ្ហា​នេះ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ខ្ញុំ​គិតថា​ គួរតែបង្កើត​នូវ​របៀប​ថ្មី​ក្នុង​កំណែទម្រង់​ថ្មី​ គឺថា​ឲ្យ​មានឱកាស​ប្រឡង ហើយ​បើសិន​ប្រឡង​គ្រប់​ស្តង់ដារ​មិន​គ្រប់​ពិន្ទុ សុខចិត្ត​ឲ្យ​នៅ​ទំនេរ ដើម្បី​ឲ្យ​សិស្ស​រៀន​តទៅ​ទៀត រៀន​ត្រួតថ្នាក់។ បញ្ហា​ទាក់ទិន​ជាមួយ​នឹង​វិស័យ​អប់រំរបស់​យើង យើង​ត្រូវ​ប្រឹង​ទាំង​អស់​គ្នា ព្រោះ​បើ​គ្មាន​ធនធានមនុស្ស​ មិន​អាច​អភិវឌ្ឍន៍​ប្រទេសជាតិ​នេះ​បាន​ទេ​។

សូម​បញ្ជាក់​ដែរ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ ដោយមាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ រាប់ទាំងស្ថាប័ន​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ផងដែរ។ ការប្រឡង​នេះ​មាន​រយៈ ពេល​ ០២​ថ្ងៃ ​គឺ​ថ្ងៃទី០៤ និង​ទី​០៥ ខែសីហា ឆ្នាំ​២០១៤ ដោយនៅ​ទូទាំងប្រទេស​មាន​បេក្ខជន​សរុប​ចំនួន ៩៣ ៤៥៦​នាក់ ចែក​ចេញជា​១៥៤​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​១៤០ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១៤​មណ្ឌល ស្មើនឹង​៣ ៧៧៩​បន្ទប់។

ដោយ​ឡែកសម្រាប់​ដែល​រៀន​នៅ​សាកល​វិទ្យាល័យ​ន័រតុន លោក ចាន់ សុខ​ឃាង សាកល​វិទ្យា​ធិការ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​សិក្សា​១៩៩៦-១៩៩៧​មក ដល់​ឆ្នាំ​សិក្សា​២០១១-២០១២​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន​​ មាន​ចំនួន​១៤.៧៨៧ ហើយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នាពេល​បច្ចុប្បន្ន​មាន​ចំនួន​១២.២៩០​នាក់​៕