Thursday, September 11, 2014

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋថ្មី​វៀតណាម ចូល​​ជួប​​សំដែង​​ការ​​គួរសម និង​​ឯកអគ្គ​រាជ​ទូត​ថៃ​ជំរាប​លា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​​នាព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ​២០១៤​នេះ បានអនុញ្ញាតឱ្យឯកឧត្តម ថាន ដុ (Than Du)  ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃសាធារណៈ​រដ្ឋ​ សង្គម​និយម​វៀត​ណាម  ប្រចាំនៅ​កម្ពុជា  ចូលជួប​​សំដែង​ការ​គួរ​សម។

ក្រោយពីជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក រដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម ថាន ដុ (Than Du) បាន​​ពាំនាំ​នូវ​ការ ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីថ្នាក់​ដឹកនាំវៀតណាម ជូនចំពោះ​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី ហើយ​ក៏បាន​គោរព​ប្តេជ្ញាចិត្ត​ជូន​ចំពោះ​សម្តេច​ផង​ដែរថា នឹងខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់ពី       សមត្ថភាព​ដើម្បីជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បាន​គោរព ស្នើសុំការ​គាំទ្រ​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏ដូច​ជា​មន្ត្រី​រាជ​ការ​ទាំងអស់​មេត្តា​គាំទ្រ ដើម្បី ធ្វើយ៉ាង​ណា​ឱ្យ​ឯកឧត្តម អាច​បំពេញ​បេស​កកម្ម​ការ​ទូតនៅ​ក្នុងព្រះ​រាជាណា​ចក្រកម្ពុជា បាន​ទទួល​​ជោគជ័យ ជាពិសេស​កិច្ច​សហ​ប្រតិ​បត្តិការរវាង​ប្រទេសទាំងពីរ​ដែល​មាន​ស្រាប់ ។

ជាការឆ្លើយតប សម្តេចតេជោ នាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​ឯកឧត្តម ថាន ដុ(Than Du)  ​ដែលបាន​ពាំ​នាំ​នូវការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពីថ្នាក់​ដឹក​នាំ​វៀត​ណាម ជូន ចំពោះសម្តេច ហើយ​សម្តេច​តេជោ ក៏បាន​សំដែង​នូវការ​រីក​រាយ​​ចំពោះ​ការលើកឡើង នូវ​ទិស​ដៅ​ពង្រឹង​ទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាង​​ប្រទេស​យើងទាំងពីរ។

សម្តេច ក៏បានមានប្រសាសន៍ដែរថា ការអភិវឌ្ឍទំនាក់ទំនង របស់យើង​គឺចាប់ចាំ​បាច់​ត្រូវពង្រឹងវិស័យវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ដែលជាកត្តាសំខាន់ ។ សម្តេច​បន្តថា កន្លងមកនេះ កម្ពុជា និងវៀតណាមបានធ្វើកិច្ចការនេះជាច្រើន​មក​ហើយ​ៗ​ក៏បានផ្តល់​នូវក្តី​សង្ឃឹមថាការងារនេះ នឹងត្រូវសហការគ្នាជាបន្តទៅទៀត។ ទន្ទឹមនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បានលើក ឡើងអំពី សក្តានុ​ពល​ដែល​ប្រទេសយើងទាំងពីរមាន ដោយ​សម្តេចបានស្នើសុំឱ្យឯកឧត្តមថាន ដុ(Than Du)  ​ជំរុញធ្វើយ៉ាងណាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើស​ក្តានុពល​ដែល​យើង​មាន​ស្រាប់ រួមជាមួយនឹង​កម្មវិធី​កិច្ចសហ​ប្រតិបត្តិការដែល ប្រទេសទាំង​ពីរ​មាន​ស្រាប់នារយៈពេលកន្លងមកផងដែរ។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យឯកឧត្តម ថាន ដុ(Than Du) បន្ត​ធ្វើការសហការឱ្យបានល្អជាមួយនឹងភាគីកម្ពុជាលើកិច្ចការថ្មីៗទៀត ដែល​ខុស​ពីកម្ម​វិធី ដែលមានស្រាប់ ។ជាមួយនេះ សម្តេចក៏បានថ្លែងអំណរគុណជូនចំពោះ គណប​ក្ស និង រដ្ឋាភិបាលវៀតណាម ដែលកន្លងមក តែងតែជួយដល់កម្ពុជា ។  ​    
  
បន្ទាប់មក សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យឯកឧត្តម ​Touchayoot Pakdi ឯកអគ្គ​រាជទូតថៃ​ចូល​ជួប​សំដែង​ការ​គួរសម និងជំរាបលាផងដែរ។ ឯកឧត្តម ឯក​អគ្គ​រាជទូត​ថៃ បានមាន​ប្រសាសន៍​ថា​ ឯកឧត្តម​មានកិត្តិយស​ដែល​​មក​ ធ្វើ​ជា​ឯកគ្គរាជ​​ទូតថៃ​ប្រចំា​កម្ពុជា.
រយៈពេល២ឆ្នំាកន្លង មក​នេះ​ឯកឧត្តម មានកិត្តិយស ដែល​បាន​ទទួលកិច្ច សហ​​ប្រតិបត្តិការ  សណ្តានចិត្តល្អ  ធ្វើអោយ​ ឯកឧត្តម ​បាន​បំពេញ​បេស​ក​កម្ម​ការទូត   ក្នុងការ​ជំ​រុញ ​​និងពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ទំនាក់ទំនង​រវាង​ប្រជាជន​​ទំាង​ពីរ ​និង​ប្រទេស​ទំាងពីរ អោយកាន់តែល្អប្រសើរឡើង។

ជាការឆ្លើយតប សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន មានប្រសាសន៏ ថាជាង​ពីរ​ឆ្នំាកន្លងមកនេះឯកឧត្តម បាន​ធ្វើការជាច្រើន ក្នុង​ការ​ជំរុញកិច្ច​សហ​ប្រតិ​បត្តិការ ជាពិសេស​ឯកឧត្តម បាន​ធ្វើការងារប្រកប ដោយការ​យោគ​យល់​សម្រប​សម្រួល​គ្នា​​ទៅវិញ​ទៅមក​បាន​យ៉ាង​ល្អប្រសើរ៕