Thursday, September 25, 2014

សម្ដេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា


  សម្ដេចតេជោ ហ៊ុន សែន បាន​សរសើរ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានា ដែលបាន​បើកប្រាក់​ខែដល់​មន្ត្រីរាជការ បានមុនភ្ជុំបិណ្ឌកន្លងទៅ ប៉ុន្តែ​សម្ដេច បានបន្ទោស ចំពោះថ្នាក់​ដឹក​នាំ​អង្គភាព ចំនួន៧ ដែល មិនយកចិត្តទុកដាក់ ធ្វើឱ្យ មន្ត្រីរាជការថ្នាក់ក្រោមរបស់ខ្លួន មិន​បាន​បើកប្រាក់ខែ មុនបុណ្យភ្ជុំបិណ្ឌនោះ ។

     
 ក្នុងនេះដែរ សម្តេច​តេជោនាយកររដ្ឋមន្ត្រី បានអរគុណនិងកោតសរសើរ ចំពោះ អាជ្ញាធរ​​និង​​កងកំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់កម្រិត ​ដែល​បានការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ជូន​ប្រជា​ពលរដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ ហើយ ក្នុងន័យនេះ សម្តេច​​បញ្ជាក់​ជាថ្មីថា សុខ​សន្តិភាព ​គឺជាកត្តា​ដ៏សំខាន់​ សម្រាប់​ដោះស្រាយ បញ្ហា ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ហា​ខាង​លើ​នេះ កាលពីព្រឹកមិញ នៅមជ្ឈមណ្ឌល សន្និបាត​និង​ពិព័រណ៍កោះពេជ្រ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូន​ដល់​និស្សិត​សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។

 លោកបណ្ឌិត សោម សុមុនី សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យចំរើន​ពហុ​បច្ចេក​វិទ្យា បានឱ្យដឹង​ថានិស្សិត​ចំនួន​២ពាន់​៣៩៨​នាក់ ដែលជាជ័យលាភី ទទួល សញ្ញា​បត្រ​នេះ បានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ សិក្សា​២០០៧-២០០៨ ដល់ឆ្នាំសិក្សា ២០១២-២០១៣ ក្នុងនោះក៏មាន​និស្សិត​អាហា​រូបករណ៍របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥០​នាក់​ផងដែរ ហើយក្នុងចំណោមនិស្សិតជ័យលាភី ទទួលសញ្ញាបត្រ មាននិស្សិត ជាឥស្សរជន មន្ត្រីរាជការ ចំនួន១ពាន់២០២នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១ពាន់១៣៧នាក់ និងថ្នាក់បណ្ឌិតចំនួន ៦៥នាក់។​    

  បច្ចុប្បន្នសាកលវិទ្យាល័យនេះ មាន​និស្សត​កំពុងសិក្សា ៨៩៥នាក់ ហើយ ចាប់​ពី​ឆ្នាំ​សិក្សា ២០០៤-២០០៥ មក​ដល់​ឆ្នាំ​សិក្សា ២០១២-២០១៣ មាននិស្សិត បាន​បញ្ចប់ការសិក្សាចំនួន ៧ពាន់ ៧០៣នាក់ ។

 ព្រមជាមួយការអបអរសាទរ ចំពោះ​លទ្ធ​ផល​នៃការបណ្ដុះបណ្ដាល និងវឌ្ឍនភាព របស់សាកលវិទ្យាល័យចំរើន​ពហុបច្ចេកវិទ្យា សម្តេច​តេជោនាយករដ្ឋមន្ត្រី  ក៏មិនភ្លេច អំពាវនាវ ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ​និង​ឯកជន ពង្រឹងនូវគុណភាព នៃការបណ្ដុះ បណ្ដាល នោះដែរ

  ជាមួយនេះ សម្តេចតេជោ បានថ្លែងរំលឹកទៅដល់​ខួប១ឆ្នាំ ដែលថ្ងៃទី២៥ខែកញ្ញានេះ កាលពីឆ្នាំទៅ ជាថ្ងៃប្រជុំ​គណៈរដ្ឋមន្ត្រីលើកដំបូង ហើយយុទ្ធ​សាស្ត្រ​ចតុកោណ ដំណាក់ កាលទី៣​ ត្រូវបានដាក់ចេញ នៅពេលនោះ

  សម្ដេចគូសបញ្ជាក់ផងដែរ អំពីការដំឡើងប្រាក់ខែ គ្រូបង្រៀននិងគ្រូពេទ្យ ដែលក្នុងនោះគ្រូបង្រៀន ឡើងប្រាក់ខែ ចាប់ពីខែកញ្ញានេះ ក៏ប៉ុន្តែមួយចំនួន រៀបចំមិនទាន់ ដោយនៅខ្វះឯកសារ ត្រូវធ្វើនៅខែតុលា ដោយនឹងបើកប្រាក់រំលឹក ខែកញ្ញាឱ្យទៅជាមួយ ប្រាក់ខែ ខែតុលាតែម្ដង ហើយចំពោះ គ្រូពេទ្យ វិញ នឹងត្រូវដំឡើងប្រាក់ខែ ចាប់ពីខែ តុលាទៅ ។

        បញ្ហាមួយទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យសាលារាជធានីភ្នំពេញ ត្រូវខិតខំជាមួយក្រុមហ៊ុនសាងសង់ ដើម្បីឱ្យស្ពានជ្រោយចង្វារថ្មី បានឆ្លងនៅ​រដូវ​បុណ្យ​អុំទូក ខាងមុខនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកកំសាន្តពេលបុណ្យអុំទូក ដែល​នៅ ​សល់ រយៈពេល១ខែកន្លះខាងមុខនោះ ។
     
  ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្ដេចបាន ផ្ដាច់ឈប់ជក់បារី បានជាស្ថាពរហើយ បន្ទាប់ពីបានតស៊ូ ផ្ដាច់អស់រយៈពេលជាង១៤ឆ្នាំ ហើយមកដល់ ពេលនេះសម្ដេចបានឈប់ជក់បារី ៨ខែមកហើយ ៕