Wednesday, September 3, 2014

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកជា​ច្រើន​ បាន​ហៅ​សង្ឃនៅ​វត្ត​សាម​គ្គី​រង្សី ថា​ជា​សង្ឃទំ​នើង បន្ទាប់​ពី​បាន​ប្រើអំពើ​ហិង្សា​បណ្តេញអ្នក​តំណាង​រាស្ដ្រ

នៅ​ព្រលប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៤នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន បាន​​បង្ហោះ​រូប​ភាព​ដែល​ព្រះ​សង្ឃ ប្រើ​កាយ​វិការ​ហិង្សាទាំង​កំ​រោល​ ដាក់​លើអ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​ទទួល​ និង​ដោះ​ស្រាយ​បណ្តឹងតវ៉ា​ ក្នុង​ខណៈ​ដែល​​អ្នក​តំ​ណាង​រាស្ត្រ​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហាបណ្តឹង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ដែល​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី។

ក្នុង​ខណៈដែល​លោក សួស យ៉ារ៉ា សមាជិក​សភា​មណ្ឌល​ព្រះ​វិហារ កំ​ពុងពន្យល់​ទៅ​កាន់​ប្រជាពលរដ្ឋ​ ស្រាប់​តែត្រូវ​បាន​ក្រុម​សង្ឃ​ជ្រុល​និយមនៅវត្ត​សាមគ្គីរង្សី​ ក្រុង​ភ្នំពេញ ដែល​គេ​ដឹង​ថា គាំទ្រ​គណបក្ស​ប្រឆាំង​​ បាន​ប្រើ​អំពើ​ហិង្សា​ទាំង​កម្រោល​ ហក់​ស្ទុះ​មក​​​បណ្ដេញ​អ្នក​តំណាង​រាស្ដ្រ និង​ក្រុម​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ដោ​យ​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​យ៉ាង​អសុរស​ជា​ទីបំផុត។

ហ្វេសប៊ុកបានរៀប​រាប់​ថា ការ​ពិត​អ្នក​តំណាង​រាស្ដ្រ​ សួស យ៉ារ៉ា និង​ក្រុម​ការ​ងារ​ដែល​ចុះ​ទៅកាន់ទីនោះ ក្នុង​គោល​បំណង​ស្ដាប់​យោបល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ​សម​ស្រប​ជូន​ដល់​ពួក​គាត់​។ ក្នុងខណៈ​ពេល​ដែល​កំពុង​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រជាពលរដ្ឋ ស្រាប់​តែ​មាន​ការ​រំខាន​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​កាយ​វិកា​ច្រឡោមខាម ដែល​ក្រុម​សង្ឃ​ទាំង​នោះ ប្រព្រឹត្ត​ប្រាស​ចាកភេទ​ជា​អ្នក​បួស មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​ក្រុម​សង្ឃទំនើង​អស់​ទាំង​នោះ មិន​ត្រឹម​តែ​ខ្លួន​គ្មាន​សមត្ថ​កិច្ច​ដោះស្រាយ​ជូនប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំងញុះញង់​ប្រជាពលរដ្ឋ​កុំឱ្យ​ជឿអ្នក​តំ​ណាង​រាស្ត្រ​ដែល​មាន​តែ​៤ម៉ឺន​នាក់ តែ​ពួក​លោក គឺ​ចង់​សំ​ដៅ​ពួក​ក្រុម​លោកសង្ឃ គឺ​តំ​ណាង​ឱ្យ​ប្រជាពលរដ្ឋ​៦០លាន​នាក់។ ក្រៅ​ពី​​និយាយបំ​ភ្លើសតួលេខ ពួក​សង្ឃទាំង​នោះ ថែម​ទាំង​​បង្ក​ភាព​ចលាចល​និងបាន​បណ្ដេញ​​​អ្នក​តំណាង​រាស្ដ្រ ដោយ​ពុំ​ស្ដាប់​ហេតុ​ផល​បន្ដិច​សោះ​ឡើយ។

ជា​មួយគ្នា​នេះ​ ក្រុម​អ្នក​ប្រើប្រាស់បណ្តាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បន្ទាប់ពីមាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង លោក សម រង្ស៊ី បាន​ឆ្លៀតឱកាសផ្សព្វ​ផ្សាយ​បំភ្លៃ​សភាព​ការណ៍​ដោយ​ចោទ​ថា ហេតុការណ៍នោះ គឺ​បណ្តាល​មក​ពី​អ្នក​តំណាង​រាស្ដ្រ​ សួស យ៉ារ៉ា និយាយ​មិន​សមរម្យ​ដាក់​ព្រះសង្ឃទៅវិញ។

ជា​ប្រតិកម្ម​តប​ អ្នក​លេង​ហ្វេសប៊ុកបាន​ចាត់​ទុកការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺមិនត្រឹម​ត្រូវ​ទាល់តែសោះ ពី​ព្រោះ​លោក សម រង្ស៊ី មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ។ ម៉្យាង​វិញ​ទៀត បើ​យោង​តាម​ព័ត៌មាន​ដែល​ពួក​គេបាន​ដឹង គឺ​លោកសួស យ៉ារ៉ា ទើប​ជា​អ្នក​ដឹងច្បាស់​ពី​​ប្រវត្តិ និង​អង្គ​ហេតុ​​នៃ​បញ្ហា​ដីធ្លីនេះ ។ លោក​ថា គឺមាន​ប្រជាពលរដ្ឋ​តែ ៨០នាក់​ ប៉ុណ្ណោះ ដែល​តវ៉ា ចំណែក​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើស​លុប​នៅ​ខេត្ត​ព្រះ​វិហារ បានអនុវត្ត​តាម​ផែនការ​រៀបចំ​ភូមិ​ ដើម្បី​ការ​ពារ​នូវសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ការ​បង្កើតនូវផ្សារ សាលារៀន មន្ទីរពេទ្យ ជាច្រើន​កន្លែង​។


ជា​សំ​ណូមពរ គឺក្រុម​អ្នកប្រើប្រាស់​ហ្វេសប៊ុក អំ​ពាវ​នាវឱ្យ​លោក សម រង្ស៊ី បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កុហក់​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់​ច្រឡំ។​