និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាធិការឯកទេស នៃកម្ពុជា មកពីតាមគ្រប់សាខា បណ្តាខេត្ត ត្រូវបានប្រគល់សញ្ញាបត្រជូននៅ ព្រឹក ថ្ងៃទី ០៩ តុលានេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិពរណ៍កោះ ពេជ្រ។
លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជាបាន បញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ដែលបញ្ចប់ការសិក្សាពីឆ្នាំ២០១១-២០១២ ដល់ ឆ្នាំ ២០១៣-២០១៤ ប្រមាណ ៦.៧៤៨នាក់ ក្នុងនោះនារី ១.៦៩០នាក់ ទាំងនៅទីតាំង រាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តនានា រួមមានកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងកំពត។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ ក៍មាននិស្សិត ជ័យលាភីថ្នាក់បរិញ្ញាបត្រ ផែ្នកអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិ បណ្ឌិតចំនួន ២១១នាក់ ។ តាមលោក សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានឲ្យដឹងថា តាមលទ្ធផលនៃការធ្វើអង្កេតនិស្សិតជ័យលាភីបញ្ចប់ការសិក្សា អ្នកមានការងារធ្វើ ចំនួន ៨៦,៦% ក្នុងនោះថ្នាក់បរិញ្ញាបតរង ៧១,២% ថ្នាក់បរិញ្ញាបត្រចំនួន ៨៣,៤% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨៩,១% និងថ្នាក់បណ្ឌិតមានការងារធ្វើ ១០០%។ គិតមកដល់ឆ្នាំសិក្សា ២០១៤-២០១៥ និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានកើនដល់ ១៧០០នាក់ ហើយជ័យលាភីគ្រប់កំរិត ដែលបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេសត្រឹមឆ្នាំ២០១៤ មាន១៩.៧៥២នាក់ ក្នុងនោះនារី ៤.៤៨៩នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់នូវការលំបាកជាច្រើនជាមួយសង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែពេលនេះ បានស្ថិតនៅក្នុងដំណាក់កាលស្នើមុខស្នើមាត់ជាមួយប្រទេសដទៃហើយកម្ពុជាមិនត្រឹមតែបានដោះស្រាយបញ្ហារបស់ខ្លួនប៉ុណ្ណោះទេ កម្ពុជាបានចូលរួមចំណែកដោះស្រាយបញ្ហាជាមួយប្រទេសដទៃផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកែទំរង់ ដើម្បីដើរឲ្យទាន់នូវតំរូវការនៃការអភិវឌ្ឍប្រទេស ដោយមិនអាចនៅស្កប់ស្កល់ស្ងៀមបានទេ ដូច្នោះគ្រប់ស្ថាបន័របស់ជាតិ ក៍ដូចជាបុគ្គលម្នាក់ជាមន្ត្រីរាជការក្តី រឺធុរជនក្តី ក៍ត្រូវរួមចំណែកក្នុងការកែទំរង់ប្រទេសជាតិ ហើយគោលដៅនៃការកែទំរងរបស់យើង គឺដើម្បីរក្សាឲ្យបាននូវល្បឿននៃកំណើនសេដ្ឋកិច្ចរបស់យើង និងចិរភាពនៃការអភិវឌ្ឍ គ្រប់ផ្នែក ពិសេសចំណងទាក់ទងកម្ពុជា ជាមួយសហគមន៍អន្តរជាតិកាន់តែធំឡើង ៗ តំបន់ភាវូបកម្ម និងសាកលភាវូបនីយកម្មតំរូវឲ្យកម្ពុជា ត្រូវតែជំរុញនូវការអភិវឌ្ឍ ក្នុងនោះធនធានមនុស្សជាបញ្ហាដ៍មានសារៈសំខាន់។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានពន្យល់ពីមូលហេតុដែលកម្ពុជា ត្រូវចូល ជាសមាជិករបស់អាស៊ាន ក្នុងនោះដោយសារចំនុចចំនួន៤ដែលឲ្យកម្ពុជាត្រូវប្រឹងប្រែង ចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី១ គឺគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា កត្តាទី២ ស្មារតីសហគមន៍ ដែលអាស៊ានធ្វើការតាមកុងសង់ស៊ីស ដោយអត់មាន បែងចែកប្រទេសតូចប្រទេសធំ ប្រទេសមាន រឺក្រីក្រទេ ប៉ុន្តែក្នុងចំណោមប្រទេស១០ ត្រូវមានកុងសង់ស៊ីសនឹងគ្នា។ កត្តាទី ៣ គឺនៅត្រង់ថា កម្ពុជាបានទទួលផលប្រយោជពីការកាត់បន្ថយគំលាត និងសមាហរណកម្មក្នុងក្របខណ្ឌអាស៊ាន។ តាំងពីការចាប់ ផ្តើមចូលអាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍ជាច្រើន ពីបញ្ហានៃការអភិវឌ្ឍប្រទេស ក្នុងនោះរួមមានការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកាត់បន្ថយគំលាតនេះដែរ និងកត្តាទី៤ តួអង្គអាស៊ានជាច្រកចេញដ៍សំខាន់ផ្នែកកាទូតរបស់កម្ពុជា ទៅសហគមន៍អន្តរជាតិ។
សម្តេចតេជោ បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងព្រៀងច្បាប់ថវិកា ហើយនិងត្រូវឆ្លងនៅអាទិត្យទី៤ នៅខែតុលានេះ ។ ដោយមានការផ្តួចផ្តើមគំនិតពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយនៃអ្នកជាប់ពន្ធបៀវត្តន៍ ដែលមានប្រាក់ ខែពី ៨០ម៉ឺនចុះ លែងជាប់ពន្ធទៀតហើយ។
សម្តេចតេជោ បញ្ជាក់ថា គ្រាន់តែប៉ុណ្ណឹង រដ្ឋត្រូវបាត់បង់ចំណូលរហូតដល់១០លានដុល្លារ ។ ប៉ុន្តែយ៉ាងណាក៍ដោយរាជរដ្ឋាភិបាល ធ្វើដូច្នេះដើម្បីមន្ត្រីរាជការ កម្មករ កម្មការនីរបស់យើងមិនជាប់ពន្ធលើប្រាក់ បៀវត្តន៍នោះដែរ។ ប្រទេសណាក៍ដោយក៍មានជាប់ពន្ធបៀវត្តនោះដែរ ហើយម្សិលម៉ិញខ្ញុំបានចារឯកភាពលើចំនុចនេះហើយដើម្បីរៀបចំ ព្រោះច្បាប់ថវិការបស់យើង ត្រូវធ្វើនៅខែតុលានេះ ។
គួររំលឹកថា សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៤គឺមានទំហំទឹកប្រាក់ចំនួន ១៣ លានលានរៀល ស្មើនឹងជាង ៣.៤០០លានដុល្លារអាមេរិក ដោយផ្តោតលើការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស សង្គមកិច្ចសុខាភិបាល កសិកម្ម អភវឌ្ឍន៍ជនបទ ឧស្សាហកម្ម កសិកឧស្សាហកម្មនិងផ្តោតលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារបូរណៈភាពទឹកដីនិងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងសរុបជាទឹកប្រាក់ខូចខាតប្រមាណជិត ១.០០០ លានដុល្លារអាមេរិក៕