Monday, October 6, 2014

រាជ​រដ្ឋា​ភិបាល​កម្ពុជា កំពុង​រៀប​ចំ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​និង​វិស័យ​ផ្សេង​ទៀត ដើម្បី​ធ្វើស​មា​ហរណ​កម្ម​អាស៊ាន​ឆ្នាំ​២០១៥


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាពេលនេះ កំពុងរៀបចំ កំណែ​ទម្រង់ ប្រព័ន្ធ យុត្តិធម៌ ដើម្បីអភិវឌ្ឍ​សង្គម​កម្ពុជា​ឆ្ពោះទៅមុខ និង​បានចាត់ទុក្ខថា តម្លៃអគ្គិ​សនី​នាពេលបច្ចុប្បន្ននេះ នៅក្នុង​ប្រទេសកម្ពុជា មិនមាន​ការ​ឡើង​ថ្លៃ​ឡើយ មានតែ​ការ​ថយ​ចុះ​ប៉ុណ្ណោះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ នៅទូទាំងប្រទេស ។ ការលើក​ឡើង​បែប​នេះ របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ពិធី បើកសន្និសីទ និវិយោគអន្តរជាតិ នៅសណ្ឋាគារ អ៉ីនធើខុន នៅព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០១៤នេះ ។

សម្តេចបានបន្ថែមថា កម្ពុជានៅតែមានជំហរ និងស្វាគមន៍ ចំពោះគម្រោង វិនិយោគនានា ហើយ រដ្ឋាភិ​បាល​នឹង​បន្ត​ធ្វើ​ឱ្យ​បរិយា​កាស​វិនិ​យោគ កាន់តែល្អប្រសើរសម្រាប់វិនិយោគិន ទាំង ឡាយ ដែល​ចង់ បណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងថា តម្លៃ​អគ្គិ​សនីនាពេលបច្ចុប្បន្ននេះ មិនមានការឡើងថ្លៃឡើយ មានតែការថយចុះប៉ុណ្ណោះ ដើម្បីបំពេញ តម្រូវ​​ការ​របស់​ប្រជា​ពល​រដ្ឋ នៅទូទាំងប្រទេស ។ ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រទេស កម្ពុជា​នៅសល់២៤៦មេហ្គាវ៉ាត់ ប៉ុន្តែការនៅសល់នេះ ដោយ​សារ​តែ​មិនទាន់​មាន​បណ្តាញ​តភ្ជាប់​ពីតំបន់​ផ្សេងៗ ជាពិសេស ទៅកាន់ទីជនបទ ។ សម្តេច បានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ​២០១៤-​២០១៨​ តម្លៃមានតែការធ្លាក់ចុះ មិនឡើងថ្លៃនោះទេ។



ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅ​ចំពោះ​មុខនេះ ក្នុងការធ្វើ​សមាហរ​ណកម្ម​អាស៊ាន​ឆ្នាំ២០១៥ កម្ពុជាត្រូវត្រៀមខ្លួន លើកិច្ចការ​សំខាន់ៗ​ដែល​កម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បី​ឆ្លើយតប ទៅនឹង​សេចក្តីត្រូវការក្នុងការប្រកួតប្រជែងនាអនាគតវែងឆ្ងាយ។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ រាជរដ្ឋា​ភិបាល​ តាមរយៈ​ក្រសួង​អប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុង​ការគ្រប់គ្រងនូវការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា​២០១៣-២០១៤ និងការ​កែ​ទម្រង់ ការងារផ្សេងៗ ដើម្បីធានាថា ធនធានមនុស្សនៅកម្ពុជា ត្រូវមានគុណភាព ពិតប្រាក​ដ​ដែល​អាចឆ្លើយតបទៅនឹង តម្រូវការនៃការរីកចំរើនលូតលាស់របស់ប្រទេសជាតិ ជាពិសេសតម្រូវការរបស់វិស័យឯកជន។

ក្នុងចំណុចនេះរាជរដ្ឋាភិបាល នឹងបន្តពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍ​ជំនាញ​បច្ចេកទេស​សម្រាប់​យុវជន កម្មករ និងនិយោជក ដើម្បី​ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃទីផ្សារការងារ និងដើម្បីធានាបាននូវការបន្តវេននៃការដឹកនាំ និង​ការ​អភិ​វឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចិរភាព។​ សម្តេចតេជោបន្តថា អ្វីដែលរឹតតែសំខាន់ជាងនេះទៀត គឺការបង្កើនលទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន ក្នុងកិច្ចការ​ទាំងក្នុង​ថ្នាក់​តំបន់ និងថ្នាក់អន្តរជាតិ និងត្រូវជំរុញការអភិវឌ្ឍកម្មវិធី ការកែ​ទម្រង់​ស៊ីជម្រៅបន្ថែមទៀត។



សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្តទុក​ដាក់​លើការ​កែទម្រង់ និងគោលដៅកែអម្អបរិយាកាស វិនិយោគ និងធុរកិច្ច ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែងថ្មីៗកន្លងទៅនេះដែរ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាប់ផ្តើមកែទម្រង់ ការងារមួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោម​ផ្នែក​សមត្ថ​កិច្ច​របស់ខ្លួនសម្រេច បាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្រសួងទាំង៣នេះនឹងក្លាយទៅជាគំរូមួយដែល នឹងធ្វើឱ្យក្រសួង ស្ថាប័នដទៃ បង្កើនល្បឿនអនុវត្តកម្មវិធីកំណែទម្រង់របស់ខ្លួនច្រើនថែមទៀត ដើម្បីរត់ឱ្យទាន់សភាពការណ៍វិវត្ត នៃបណ្តាប្រទេសក្នុងតំបន់។

សន្និសីទវិនិយោគនេះ គឺជាឱកាសពិសេសសម្រាប់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចវិទូជាន់ខ្ពស់ និងថ្នាក់​ដឹកនាំ​ពាណិជ្ជ​កម្ម​នានា ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ខ្លួនទៅលើកិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ច របស់កម្ពុជា។ លោក ប៊្រេតតុន ស្យារ៉ូនី (Bretton G.Sciaroni) ប្រធាន​សភា​ពាណិជ្ជកម្មអន្តរជាតិកម្ពុជា(IBC) បានលើកឡើងថា៖ សន្និសីទនេះក៏ជាឱកាសដ៏ល្អប្រពៃក្នុងការជជែកសរសើរ ដល់​ប្រទេស​កម្ពុជា​ដែល​មាន​ជោគជ័យក្នុងការអភិវឌ្ឍ។ លោក ប៊្រេតតុន ស្យារ៉ូនី បានបន្តថា៖ សន្និសីទនៃការសន្ទនានេះ គឺមានប្រ​សិទ្ធភាព​ជាច្រើន​ជាង​ឆ្នាំ​កន្លង​មកដែលនឹងធ្វើឱ្យបរិយាកាស នៃធុរកិច្ចមានភាពល្អប្រសើរ៕

ដោយ៖ ខេមរា