សមិទ្ធផលថ្មីមួយទៀត គឺអគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលទើបត្រូវបានសាងសង់រួចរាល់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បានប្រារព្ធព្រះរាជពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យាងនិងអញ្ជើញដង្ហែព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីនេះ ក៏មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រី អ្នកមុខអ្នកការសំខាន់ៗជាច្រើនផងដែរ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគោរពថ្វាយនូវរបាយការណ៍ ដល់ព្រះ មហាក្សត្រក៏ដូចជាអង្គពិធីទាំងមូលថា អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទដែលសម្ពោធ នៅថ្ងៃនេះ បានកសាងឡើងអស់ទឹកប្រាក់ជាង១០លាន៨សែនដុល្លារអាមេរិក ដែលគម្រោងនេះ ត្រូវបានទទួលការឧបត្ថម្ភគាំទ្រពីព្រះករុណាព្រះមហាក្សត្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ La Chaine de l ESPOIR បារាំង រួមទាំងអង្គការសប្បុរសជននានាមួយចំនួនទៀត។
ក្នុងព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ ព្រះអង្គបានបញ្ជាក់ថា ពិធីសម្ពោធអគារមជ្ឈមណ្ឌល វិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់ម៉ែត្រនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានកសាងឡើងដោយការសហការរវាងក្រសួងសុខាភិបាល និងអង្គការ La Chaine de l ESPOIRបារាំង។ ព្រះអង្គបាននាំមកនូវព្រះរាជបណ្តាំ សួរសុខទុក្ខសេចក្តីនឹករលឹក ដ៏ជ្រាលជ្រៅបំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យសុខាភិបាល លើកកំពស់សុខុមាលភាពរបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ព្រះមហាក្សត្រក៏បានកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងអង្គការ La Chaine de l ESPOIRបារាំងដែលតែងតែបានយកចិត្តទុកដាក់គិតគូរ ជាអាទិភាពចំពោះវិស័យសុខាភិបាល ដែលធ្វើឱ្យមានការវិវត្តន៍រីកចំរើនជាលំដាប់។ ព្រះអង្គក៏បានថ្លែងអរគុណចំពោះ និងអង្គការ La Chaine de l ESPOIRបារាំងលោក Stuat DEAN នាយកប្រតិបត្តិមូលនិធិក្រុមហ៊ុន General Electrique ប្រចាំតំបន់ អាស៊ានដែលបានជួយជ្រោមជ្រែងក្នុងការចូលរួមចំណែកសាងសង់មជ្ឈមណ្ឌលនេះ។
ព្រះករុណានៅមានព្រះរាជបន្ទូលដែរថា ការថែរក្សាគាំពារសុខុមាលភាពសង្គម ជាភារកិច្ចសំខាន់ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរ សំដៅថែរក្សា ការពារនិងព្យាបាលសុខភាពប្រជារាស្ត្រនៅទូទាំងប្រទេស ។ តាមរយៈការខិតខំប្រឹងប្រែង របស់សហគមន៍ជាតិ និងអន្តរជាតិគ្រប់មជ្ឈដ្ឋាន វិស័យសុខាភិបាលត្រូវបានស្តារ និងអភិវឌ្ឍន៍ប្រសើរឡើង ជាលំដាប់ ។ ទន្ទឹមនេះ ព្រះមហាក្សត្រកម្ពុជា ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានខិតខំកសាងមន្ទីរពេទ្យ មណ្ឌលសុខភាពជាច្រើន នៅតាមបណ្តាខេត្ត រាជធានី ដែលអាចឱ្យបងប្អូន ជនរួមជាតិ បានចូលពិនិត្យ និងព្យាបាលជំងឺជាសាធារណៈដោយឥតគិតថ្លៃ។ ជាងនេះ រាជរដ្ឋាភិបាល នៅបានយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រីជំនាញវេជ្ជសាស្ត្រគ្រប់កំរិត និងបានផ្សព្វផ្សាយជាទូទៅ នូវកម្មវិធីអប់រំសុខភាពអនាម័យ និងការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ។ ការខិតខំប្រឹងប្រែងខាងលើនេះ បានបង្កើតអត្រាសេវាថែរក្សាសុខភាពសាធារណៈក្នុងសង្គមជាតិ បានធ្វើឱ្យបងប្អូនប្រជារាស្ត្រយល់ដឹងទូលំទូលាយ អំពីសុខភាព និងអនាម័យ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ឆ្លៀតនៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានចូលរួមវិភាគទាននូវ ព្រះរាជទ្រព្យរបស់ព្រះអង្គចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់សកម្មភាពមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនេះផងដែរ។
នៅក្នុងខណៈនេះ ព្រះកុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន ប្រទានដល់សប្បុរសជននានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនេះផងដែរ។
បន្ទាប់មក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដង្ហែដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការ បានយាង និងអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបនៃព្រះរាជពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈ មណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា៖ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទដែលសម្ពោធបើកឱ្យប្រើប្រាស់នាថ្ងៃនេះ មានកំពស់៦ជាន់ បណ្តោយ៤៥ម៉ែត្រ ទទឹង៣០ម៉ែត្រ និងមានគ្រែព្យាបាលអ្នកជំងឺចំនួន៩០គ្រែ និងបន្ទប់បម្រើសេវាពេទ្យជាច្រើនទៀត ស្របតាមប្រព័ន្ធស្តង់ដាមន្ទីរពេទ្យប្រទេសបារាំង ដែលផ្តើមសាងសង់កាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០១២ ៕
ដោយ៖ ខេមរា