នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១២៩ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។
ក្នុងនាមជាប្រធានគណៈកម្មាធិការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការ និងគាំទ្រពីអង្គការយូណេស្កូ (UNESCO) និងអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំធ្វើសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ នៅទីក្រុងសៀមរាបអង្គរ ចាប់ពីថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា វាជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ដែលមានប្រទេសចំនួន ១៩៦ ជាសមាជិក និងអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដែលមានប្រទេសចំនួន ១៥៦ ជាសមាជិក សម្រេចជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធទិវាទេសចរណ៍ និងវប្បធម៌អន្តរជាតិ ដែលទិវានេះនឹងមានប្រតិភូជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌ ជាង ៣០០នាក់មកចូលរួម។ មូលហេតុត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បញ្ជាក់ថា គឺដោយសារប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌមានប្រាសាទ និងរមណីយដ្ឋានធម្មជាតិជាច្រើន និងកេរ្តិ៍ឈ្មោះល្បីជាគំរូផ្សេងៗទៀត ដូចជា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាពិសេសបទពិសោធន៍នៃការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអង្គរ (ICC-Angkor) ដែលជាស្ថាប័នគំរូមួយនៅក្នុងពិភពលោកក្នុងការអភិរក្សបេតិកភណ្ឌ។ ចាប់ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន តាមរយៈគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអង្គរ (ICC-Angkor) ទទួលបានថវិកាចំនួន ៥០០លានដុល្លារអាមេរិក ពីអង្គការអន្តរជាតិ និងបណ្តាប្រទេសនានាជាសមាជិកអង្គការយូណេស្កូ មកជួយជួសជុលអភិរក្សប្រាសាទនានា នៅក្នុងតំបន់អង្គរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងទៀតថា សន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ ដែលប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាវេទិការនៃការផ្លាស់ប្តូរបទពិសោធន៍រវាងការងារទេសចរណ៍ និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានណែនាំឲ្យអាជ្ញាធរខេត្តសៀមរាបយកចិត្តទុកដាក់រៀបចំទីក្រុងមានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ក៏ដូចជា សម្រាប់ការរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥នាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ទេសចរណ៍នៅព្រះរាជាណាកច្រកម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលឆ្នាំ២០១៣កន្លងមក ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៤លាន២សែននាក់មកទស្សនា ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណូលយ៉ាងច្រើនលើវិស័យទេសចរណ៍ សម្រាប់ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
នៅក្នុងអនុក្រឹត្យលេខ ១២៩ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ មានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធានអចិន្ត្រៃយ៍ លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន។ សន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ ឆ្នាំ២០១៥ តាមគម្រោងនឹងត្រូវប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងប្រារព្ធពិធីបិទ នៅក្រោមព្រះរាជាអធិបតីភាពសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕