Friday, November 14, 2014

ក្រុម​ប្រឹក្សា​ភិបាល​សហជីព​ជាតិ​កម្ពុជា សំដែង​ការគាំទ្រ​ជា​ឯកច្ឆ័ន ចំពោះ​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បប​រមាកម្មករ​ឆ្នាំ២០១៥

ភ្នំពេញៈ នៅថ្ងៃ ព្រហស្បត្តិ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាភិបាលសហជីពជាតិកម្ពុជា ដែលមាន​សមាជិ​ក៦៣​សហព័ន្ធ​សហជីព និងមានសមាជិកសរុបទាំងអស់ចំនួនជាង៥០ម៉ឺននាក់ បានធ្វើសន្និសីទសារព៌តមាន ដើម្បីប្រកាស​ពីការគាំ​ទ្រចំពោះ​លទ្ធផល​នៃកិច្ចប្រជុំប្រាក់ឈ្នួលរបស់ កម្មករនិយោជិកឆ្នាំ២០១៥នេះ ដែលតួរលេខចុងក្រោយគឺ១២៨ដុល្លារ។

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិល​មិញ​នេះ​យោង​តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារមានតួរលេខនៃការបោះឆ្នោត សំរេច​ចុងក្រោយ​ឃើញ​ថា​មាន​សម្លេងភាគច្រើន បានបោះគាំទ្រយកការតំឡើង១២៣ដុល្លារ ដែលជាប្រាក់ឈ្នួលទាបបំផុតអប្បបរមារបស់កម្មករ សំរាប់ឆ្នាំ២០១៥។ ក្រោយ​ពីការសំរេចនេះ សមាជិកពេញសិទ្ធ៥រូបក្នុងចំណោម៧រូប ពីខាង សហជីពរបស់ លោក សោម អូន បានចេញ​សេច​ក្តីថ្លែង​ការណ៍មួយមិនពេញចិត្ត និងចំនួន១២៣ ដុល្លារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទី១ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺយើងបាន បង្ហាញការមិនពេញចិត្ត និងសូមឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមទៀត ទៅលើប្រាក់ឈ្នួល ចំនួន១២៣ដុល្លានេះ និងសុំអន្តរាគមន៍ទៅលើការ តំឡើងថ្លៃផ្ទះជួលក៏ដូចជាមធ្យបាយ ធ្វើដំណើររបស់កម្មករ ដែលចេះតែឡើងទៅតាមការតំឡើងប្រាក់ឈ្នួលកម្មករ។ លោក សោម អូន បានបន្តថានៅល្ងាចម្សិលមិញនេះ ដោយមានសេចក្តីថ្លែងការណ៍របស់ខាងសហជីពជាតិ កម្ពុជា និងដោយមានរបាយការណ៍របស់ក្រសួងការងារ ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន បានធ្វើការសំរេចបន្ថែម​៥ដុល្លារទៀតទៅលើលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ ការងារ។

គួរបញ្ជាក់ថាមកដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្លូវការ គឺកម្មករសាកល្បង១ខែ ចំនួន១២៣ដុល្លារ ហើយចំពោះកម្មករពេញសិទ្ធិគឺ១ខែចំនួន១២៨ដុល្លារ។ តួរលេខចុងក្រោយ របស់ក្រសួងនេះគឺក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានសំរេចចិត្តស្វាគមន៍ជាពិសេស គឺគាំទ្រ និងថ្លែងអំណរគុណ ទៅដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរប្រើឆន្ទានុសិទ្ធិក្នុងនាម នាយករដ្ឋមន្ត្រីគឺបន្ថែម៥ដុល្លារទៀតទៅលើលទ្ធផលរបស់យើង។ ដោយឡែកចំពោះការសំដែង ការមិនសប្បាយចិត្តពីខាងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា ជុំវិញតួលេខបឋម១២៣ដុល្លារ លោក សោម អូន បានលើកឡើងថារោងចក្រតូចៗដែលដេរស៊ីឈ្នួលរោងចក្រធំៗគឺអាច មានផលប៉ះពាល់ខ្លះៗ ហើយសំរាប់រោងចក្រធំៗ នឹងរោងចក្រមធ្យម លោកគិតថាមានការ ប៉ះពាល់តិចតួច នេះបើតាមអ្វីដែលខាងលោក បានធ្វើការវាយតំលៃបន្ទាប់ពីតំឡើងប្រាក់ឈ្នួល។ នៅក្នុង ដំណោះស្រាយរឿងនេះ លោក សោម អូន បានបង្ហាញជំនឿថារាជរដ្ឋាភិបាលកម្ពុជា និងអាច បើកកិច្ចប្រជុំក្រុមការងារទី៨ រឺយើងហៅថា​ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ដើម្បីស្តាប់នូវសំណូមពររបស់ភាគីនិយោជក ដើម្បីយើងអាចបញ្ចៀសឲ្យបាននូវផល ប៉ះពាល់ធំ ទៅលើវិស័យនេះ។ ចំពោះការតវ៉ារឺការមិនពេញចិត្តនូវលទ្ធផលប្រាក់ឈ្នួលដែលយើងតែងតែ ឃើញកើតមានកន្លងមកពីខាងសហជីពមួយចំនួនតូច​នោះ លោក សោម អូន បានចាប់ អារម្មណ៍ថា ការចរចារពីប្រាក់ឈ្នួលក្នុងប្រទេសប្រជាធិបតេយ្យ គឺតែងតែមិនអាចស្វែងរក ការឯកភាពជាឯកច្ឆ័នបានឡើយ។ ប៉ុន្តែយ៉ាងណាគេត្រូវតែទទួលយក និងគាំទ្រនូវមតិភាគច្រើន ហើយម៉្យាងទៀតវាជាវប្បធម៌ទៅហើយ សំរាប់ប្រទេសកម្ពុជាពាក់ព័ន្ធនិងបញ្ហាប្រាក់ខែនេះ យើងមិនដែលប្រជុំស្វែងរកការឯកភាពជាឯកច្ឆ័ន ពីគ្រប់សហជីពដែលមកពីគ្រប់និន្នាការនយោ បាយនោះទេ។ លោក សោម អូន បានបន្តថាដូចជានៅពេលនេះក្រសួងការងារ រឺក៏គណៈ កម្មការត្រីភាគី បានព្យាយាមប្រជុំដើម្បីស្វែងរកធ្វើយ៉ាងណា ឲ្យមានការឯកភាពគ្នាជាឯកច្ឆ័ន ទាំងអស់គ្នាដែលបានចំណាយរយះពេលប្រជុំដល់ទៅ៦ខែ និងរួមទាំងមានសិក្ខាសាលាដើម្បីជួយ ប្រឹក្សាយោបល់បច្ចេកទេសរូបមន្តពីអង្គការ ILO ផងហើយពីដៃគូរពាក់ព័ន្ធផង ហើយចុងក្រោយ គ្រាន់តែអាចសំរួលថាការសំរេចចុងក្រោយតួលេខគឺនៅជិតគ្នា។ លោក សោម អូន បន្ថែមថា សហជីពមួយចំនួនដែលមិនយល់ស្រប គឺជាសិទ្ធិរបស់គាត់ តែសូមឲ្យការធ្វើសកម្មភាពផ្សេងៗ ធ្វើយ៉ាងណាកុំឲ្យគាត់ប៉ះពាល់ដល់កម្មករ ដែលស្វាគមន៍ហើយពេញចិត្តទៅលើតួលេខនេះ។

គួរកត់សំគាល់ថា បើយើងប្រៀបធៀបទៅនិងការដំឡើងប្រាក់ឈ្នួលនាពេលកន្លងមក គឺលើក នេះមានចំនួនច្រើនជាងលើកមុនៗ ហើយតួលេខនេះជាតួលេខមួយដែលសមស្របទៅតាម ស្ថានភាពសង្គម និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង ហើយជាទូទៅយើង សង្កេតឃើញថា ការតំឡើងប្រាក់ឈ្នួល១២៨ដុល្លារនេះ គឺនៅតែធានាបាននូវការប្រកួតប្រជែង និងស្ថេរភាពនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ លោក សោម អូន ​បានគូសបញ្ជាក់ថាទោះបី ជាការសំរេចអំពីប្រាក់ឈ្នួលចុងក្រោយនេះ នៅមិនទាន់មានភាពល្អប្រសើរខ្លាំងសំរាប់ជីវភាព កម្មករក្តី ប៉ុន្តែវាអាចកាត់បន្ថយការលំបាករបស់កម្មករបានខ្លះ ព្រោះកាលណាប្រាក់ខែគោលឡើង ពេលដែលគាត់ធ្វើការថែមម៉ោងនោះ និងធ្វើឲ្យប្រាក់ខែសរុបរបស់ពួកគាត់កើនឡើងខ្ពស់ដែរ។
ដោយៈ ច័ន្ទ ទេវី