Wednesday, September 17, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ឯកឧត្តម Zhang Gaoli ឧបនាយក​រដ្ឋ​មន្រ្តីទី១នៃ​រដ្ឋាភិបាល​ចិន

ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ ក្នុងទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃទី១៥នេះ ឯកឧត្តម​ Zhang Gaoli ឧបនាយករដ្ឋ​មន្រ្តីទី១នៃ​រដ្ឋាភិបាល​ចិន បានមាន​​ប្រសាសន៍​ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កាលពីឆ្នាំ២០០៨ ឯកឧត្តម​បាន​អញ្ជើញទៅ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១០ ឯកឧត្តម​បានទទួលសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ដែលបាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តមមាន​ប្រសាសន៍​បន្តថា កម្ពុជា‑ ចិន គឺជាមិត្តចាស់ ក្នុងនោះសម្តេចតេជោ គឺជា​មិត្ត​ដ៏ល្អរបស់​ប្រទេស​ និងប្រជាជន​ចិន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាការអញ្ជើញមកចូលរួមការតាំងពិព័រណ៌ចិន - អាស៊ាន​លើកទី​៨នៅទី​ក្រុង​ណាន​នីង​របស់​សម្តេច ដែលនោះត្រូវបានចាត់ទុកថា​គឺជាព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជាចិន ក៏ដូចជា​ទំនាក់​ទំនង​ចិន‑​អាស៊ាន​។​ ក្នុងជំនួប​ពិភាក្សាគ្នានោះ​ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍​លើកឡើង​ពីគំរោង​របស់​កម្ពុជា​​ក្នុងការ​ប្រើប្រាស់​ជំនួយឥត​សំណង៧០០លានយ័ន និងកម្ចីឥតការប្រាក់ចំនួន២០០លាន​យ័ន​ដែលសម្តេចតេជោ និង​ឯកឧត្តមប្រធានាធិបតីចិនស៊ីជិនពីង​បានពិភាក្សាគ្នាក្នុងដំណើរ​ទស្សនកិច្ច​របស់សម្តេចទៅ​កាន់ទីក្រុង​សៀងហៃ​កាល​ពីខែ​ឧសភាកន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជានឹងប្រើប្រាស់ជំនួយទាំងនោះ​ដើម្បី​ក្នុង​ការកសាង​អគារ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ថ្មី កសាងអគាររដ្ឋបាលសាលា​ខេត្តត្បូងឃ្មុំ ​កសាង​មជ្ឈមណ្ឌលការពារជំងឺឆ្លង និងបញ្ហាជាក់​ស្តែង​ដទៃទៀត​ដែល​កម្ពុជាកំពុង​ត្រូវការជាបន្ទាន់​នោះ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ភាគីចិនបន្តរក្សា​នូវអត្រា​ការប្រាក់​១,២៥​% ក្នុង១ឆ្នាំ​សំរាប់​រាល់​កម្ចី​របស់​កម្ពុជា។ ជាមួយគ្នានេះ ​សម្តេចតេជោបានស្នើ​ដល់​ភាគី​ចិនផ្តល់នូវឥណ​ទានដល់កម្ពុជាក្នុងការពង្រឹងដល់វិស័យ​គមនាគមន៍ និងសន្តិ​សុខជាតិ​សំរាប់​កម្ពុជា។ សម្តេចតេជោក៏បានស្នើដល់ភាគីចិនឲ្យជួយសាងសង់​ឃ្លាំងរក្សាស្តុកស្រូវអង្ករ​ដល់កម្ពុជា​សំដៅ​ធ្វើយ៉ាង​ណា​ឲ្យ​កម្ពុជាឈានទៅសំរេចបាននូវការនាំអង្ករចេញ​ឲ្យបាន១លានតោន​ នៅឆ្នាំ​២០១៥ខាងមុខ។

តាមរយៈ​នោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់​ភាគីចិនជួយទិញនូវ​កសិផលមួយ​ចំនួន​ដូចជាពោត សណ្តែកសៀង កៅស៊ួ អង្ករ ចេក ស្វាយ ពិសេស​ជួយជំរុញការនាំចូល​មកកាន់ប្រទេស​ចិន​​ដោយគ្មានកូតា គ្មានកំណត់ចំនួន និង​ដោយ​គ្មាន​ការ​បង់​ពន្ធ​នៃការ​នាំចូល​ប្រទេសចិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិនZhang Gaoliមានប្រសាសន៍គាំទ្រចំពោះ​គំរោងនៃ​ការប្រើ​ប្រាស់ជំនួយឥតសំណង និង​កម្ចីគ្មាន​ការប្រាក់​របស់​ប្រទេស​កម្ពុជាក្នុងការកសាង​អគារពហុ​កីឡាដ្ឋាន​ជាតិ​អូរឡាំ​ពិក​ថ្មី អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងមជ្ឈមណ្ឌលការពារជំងឺឆ្លងដែលជា​បញ្ហា​​ជាក់ស្តែងរបស់​កម្ពុជា​។ ​ឯកឧត្តមមានប្រសាសន៍បន្តថា ភាគីចិននឹងពិនិត្យលើគំរោងដែល​បានលើក​ឡើងដោយភាគីកម្ពុជា ប៉ុន្តែ ភាគីទាំង​ពីរត្រូវតែសហការគ្នាជាបន្តទៀត។​ជាមួយគ្នានេះឯកឧត្តម​ក៏បានគាំទ្រនិងស្វាគមន៍ចំពោះ​ការនាំ​ចូល និងទិញ​នូវ​កសិ​ផល​បន្ថែម​ទៀត​ពីប្រទេសកម្ពុជាដែល​ក្នុង​នោះឯកឧត្តមនឹងស្នើដល់ក្រសួងពាណិជ្ជកម្ម និងគយ​របស់ប្រទេសចិនធ្វើការសិក្សា​ដើម្បី​ឈាន​ទៅការ​ទិញ​កសិផល​បន្ថែមពីកម្ពុជា៕