ឯកឧត្តម ស ខេង នាយករដ្ឋមន្រ្តីស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាត អោយឯកឧត្តម Dato Sri Ahmad Sabery Cheek រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងពហុព័ត៌មាន នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នំា២០១៥ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។
ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី បានស្វាគមន៏ និងវាយតម្លៃខ្ពស់ក្នុងតំណើរទស្សនកិច្ច របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី មកកាន់កម្ពុជា ហើយ ឯកឧត្តម ចាត់ទុកថា ដំណើរការនៃការទំនាក់ទំនងក៏ដូចជាការពិភាក្សា រវាងក្រសួងទំាងពីរនៃប្រទេសម៉ាឡេស៊ីក៏ដូចជាកម្ពុជា ស្តីអំពីបញ្ហាសារព័ត៌មាននេះ គឺមានសារៈសំខាន់ក្នុងការ ពង្រឹងនិងការចូលរួមចំណែកលើកស្ទួយ នូវសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាសន្តិសុខផងដែរ ។
ទន្ទឹមនេះ កន្លងមក កម្ពុជាបានកត់សំគាល់ថា មានជនល្មើសមួយចំនួន ក៏បានប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើការប្រព្រឹត្តនៅបទល្មើសផ្សេងៗ ហើយយើងបានធ្វើការស៊ើបអង្កេត និងកាត់ទោសដល់ជនល្មើសដែលបានប្រព្រឹត្តបានជាច្រើន ។
ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រទេសម៉ាឡេស៊ី ថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមសង្ឃឹមថា នៅក្នុងដំណើរនៃការជជែកពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា នឹងផ្តោតសំខាន់ ទៅលើបញ្ហានៃការពង្រឹង នូវខ្លឹមសារ ខាងផ្នែកទូរទស្សន៏ និងផ្នែកភាពយន្ត។ ជាពិសេសប្រទេសម៉ាឡេស៊ីចង់មើលឃើញ អំពីទំនាក់ទំនង អោយកាន់តែជិតស្និទ្ធថែមទៀតទៅលើវិស័យនេះរវាងប្រទេសទំាងពីរ ។
ឯកឧត្តម សង្ឃឹមថា គឺធ្វើយ៉ាងណា ដើម្បីកំណត់អោយម៉ាឡេស៊ីបានឃើញកាន់តែច្រើននូវអ្វីដែលជាតថភាពរបស់កម្ពុជា ហើយចង់អោយកម្ពុជា បង្ហាញអោយច្រើន ដើម្បីអោយឃើញអំពីខាងម៉ាឡេស៊ី នូវអ្វីដែលជាតថភាពរបស់ម៉ាឡេស៊ី ។
ជាមួយគ្នានេះ ផែនការនៃការពង្រឹងខ្លឹមសារនៃសារព័ត៌មាននេះ នឹងផ្តល់សារប្រយោជន៏ទំាងសងខាង ក៏ដូចជាក្នុងបរិបទក្នុងអាស៊ានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រទេសម៉ាឡេស៊ី ក៏បានលើកឡើងផងដែរ នៅក្នុងដំណើរការនៃការពិភាក្សានោះ ឯកឧត្តមនិងមានគម្រោង លើកឡើងពីបញ្ហាពង្រឹងសមត្ថភាពនៃវិស័យសារព័ត៌មាននេះ ដើម្បីរៀបចំធ្វើយ៉ាងណាយើងអាចរៀនសូត្រ ទៅវិញទៅមកពីគ្នានូវចំណេះដឹងជាច្រើន សំរាប់ចាត់ចែងនៅការងារនេះ ជាពិសេសប្រសិនបើកម្ពុជាត្រូវការ ប្រទេសម៉ាឡេស៊ី នឹងរៀបចំពិចារណានូវសមត្ថភាពនេះជូនដល់កម្ពុជា ៕