សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអនុញ្ញាតឱ្យ លោក Jean David Levitte
.និងលោក Gilbert Guillaume .អតីតទីប្រឹក្សាប្រធានាធិបតីបារាំង
ចូលជួបសំដែងការគួរសម។
ក្នុងជំនួបនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី
ព្រឹកថ្ងៃទី១៣មករានេះ ក្រោយ ពីជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត
ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មានថា ៖ លោក Gilbert មានប្រសាសន៍ថា លោក បានធ្វើការជាច្រើនជុំវិញករណីប្រាសាទព្រះវិហារ
ហើយនៅថ្ងៃទី១៤មករានេះ លោកនឹងទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ។ លោកបន្តថា
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក អវត្តមានមិនបានមកកម្ពុជា ប៉ុន្តែនាពេលនេះ
លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាច្រើន ។
ដោយឡែក លោក Jean David លោកបានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា
លោកធ្លាប់បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន ប៉ុន្តែនៅពេលនេះ លោកបានឃើញកម្ពុជា
មានការផ្លាស់ប្តូរមុខមាត់ថ្មី ហើយអ្វីដែលសំខាន់នោះ គឺ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការដឹកនាំរបស់សម្តេចតេជោ
នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដើរលើផ្លូវដ៏វែងឆ្ងាយហើយ។
សម្តេចតេជោ ហ៊ុន សែន
បានថ្លែងអំណរគុណចំពោះលោកទាំងពីរ ដែលបានរួមចំណែកជួយកម្ពុជា
ជុំវិញសំណុំរឿងប្រាសាទព្រះវិហារ ដោយជួយកាត់ក្តីក្នុងឋានៈលោកជាចៅក្រម។
សម្តេចតេជោ
បញ្ជាក់ថា ប្រទេសនានាពិតជាបានផ្តល់យុត្តិធម៌ដល់កម្ពុជា ជុំវិញករណីនេះ
ដោយទទួលនូវការជុំរុញឲ្យមានការកោះប្រជុំពិភាក្សាជុំវិញ
បញ្ហាប្រាសាទព្រះវិហារ
។
សម្តេចក៏បានថ្លែងអំណរគុណ ចំពោះលោក Jean
David ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរចូលរួមចរចារស្វែងរកសន្តិភាពទីក្រុងប៉ារីស។
សម្តេចបន្ថែមថា កម្ពុជា បានចេញដំណើរពីការស្វែងរកសន្តិភាព រហូតមកដល់ពេលនេះ
ទទួលបានជោគជ័យយ៉ាងច្រើន ហើយការចាប់ផ្តើមនោះជាមូលដ្ឋានគ្រឹះសំរាប់សន្តិភាព
និងការអភិវឌ្ឍនៅកម្ពុជា។
គួរបញ្ជាក់ថា លោក Jean David
Levitte ធ្លាប់មានប្រវត្តិធ្វើការនៅក្នុងវិមានរបស់ប្រធានាធិបតី
ឌីស្កា ដេស្តាំង និងធ្លាប់ធ្វើជាទីប្រឹក្សា
ប្រធានាធិបតី ហ្សាក់ហ្សេរ៉ាក់ និងជាទីប្រឹក្សាការទូត របស់ប្រធានាធិបតី នីកូឡា
ហ្សាកូហ្ស៊ី និងធ្លាប់ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងញូយ៉ក
និងធ្លាប់ជាឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកផងដែរ។
លោក Jean David ធ្លាប់បានចូលរួមចំណែកក្នុងដំណើរការ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសព្វថ្ងៃនេះ លោក Jean David ក៏ជាសមាជិកបណ្ឌិតសភា និងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ
ទីក្រុងប៉ារីស ។
ដោយឡែក លោក Gilbert Guillaume អតីតជាប្រធានតុលាការយុត្តិធម៌អន្តរជាតិ និង
ជាចៅក្រមសម្រាប់កិច្ចដំណើរការរឿងប្រាសាទព្រះវិហារ ដែលកម្ពុជាបានស្នើទៅតុលាការ
យុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលដីការថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ លោក Gilbert
Guillaume ធ្លាប់ធ្វើជាតុលាការរដ្ឋបាលកំពូលរបស់បារាំង
ដែលពេលនោះគេហៅថា ក្រុម ប្រឹក្សារដ្ឋ និងធ្លាប់ធ្វើជាទីប្រឹក្សាផ្នែកច្បាប់
នៃអគ្គលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបារាំង ជាចៅក្រមតុលាការអន្តរជាតិ
និងធ្លាប់ធ្វើជាប្រធានតុលាការអាជ្ញាកណ្តាល ផងដែរ៕