ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល ដែលមានចរិតប្រឆាំងជាមួយរាជរដ្ឋាភិបាល បានធ្វើការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្រុមនោះបានចោទថា លោកបានប្រើអំណាចបំពានលើអំណាចតុលាការ បន្ទាប់ពី លោក ហ៊ុន សែន មានប្រសាសន៍ពាក់ព័ន្ធនឹងវិធានការរបស់សមត្ថកិច្ចក្នុងការនាំខ្លួន ឪពុក-ម្តាយ របស់ឧក្រិដ្ឋជន ថោង សារ៉ាត់ ត្រឡប់ចូលពន្ធនាគារវិញ និងស្នើឲ្យមានការធ្វើអធិការកិច្ច លើសំណុំរឿងដ៏រស៊ើបនេះ។
ការចោទប្រកាន់នេះ គឺជារឿងមួយដែលក្រុមអង្គការសង្គមស៊ីវិលទាំងនោះ មិនបានយល់ទាល់តែសោះអំពីទំនាក់ទំនងនៃអំណាចទាំងបី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ពិតជាបានចែងថា អំណាចទាំងបី ត្រូវបានចែកដាច់ពីគ្នាក៏ពិតមែន ក៏ប៉ុន្តែ អំណាចនីមួយៗនៅក្នុងរដ្ឋតែមួយ គឺអាចស្នើទៅអំណាចមួយផ្សេងទៀត ដើម្បីពិនិត្យអំពីដំណើរការរបស់ស្ថាប័ននានាដែលនៅក្រោមការគ្រប់គ្រងអំណាចរបស់ខ្លួន ប៉ុន្តែសកម្មភាពបែបនេះគឺមិនមែនបានន័យថា លូកដៃចាត់ចែងការងាររបស់អំណាចណាមួយនោះទេ។ រីឯចំណាត់ការ គឺជាបុព្វសិទ្ធិ របស់អំណាចសាម៉ីតែប៉ុណ្ណោះ។ ឧទាហរណ៏ នៅពេលដែលរដ្ឋសភា ជាតំណាងអោយអំណាចនីតិបញ្ញត្តិពិនិត្យឃើញអំពីភាពមិនប្រក្រតីណាមួយ របស់អំណាចនីតិប្រតិបត្តិ(រាជរដ្ឋាភិបាល) គឺរដ្ឋសភាក៏អាចមានសិទ្ធិស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យមើលអំពីភាពមិនប្រក្រតីរបស់ស្ថាប័នណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អំណាចនីតិប្រតិបត្តិនោះដែរ។ រីឯចំណាត់ការ អនុវត្ត គឺស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាល។
ដូច្នេះ ការចោទប្រកាន់នេះគឺជារឿងមួយដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះធ្វើឡើងដើម្បីជារបាយការណ៍សំរាប់ចិញ្ចឹមជីវិតអង្គការរបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេមិនបានយល់ថា អ្វីទៅដែលហៅថាការងារ និងតួនាទីរបស់ខ្លួនជាអង្គការក្រៅរដ្ឋាភិបាលដែលត្រូវធ្វើនោះទេ។ ជាទូទៅ បេសកកម្មរបស់ពួកគេ គឺផ្អែកទៅលើការរិះគន់ និងចោទប្រកាន់ ចាប់កំហុសមកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះគឺមិនដែលលើកសរសើរពី ចំណុចល្អ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលឡើយ។
តាមពិត គឺក្រុមអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងមួយចំនួននោះទៅវិញទេ ដែលបានប្រើសិទ្ធិ និងអំណាចរបស់ខ្លួនហួសហេតុមកលើរាជរដ្ឋាភិបាល។ អង្គការក្រៅរដ្ឋាភិបាលខ្លះបានដើរតួនាទីធំជាងសភា ធំជាងរដ្ឋាភិបាល និងធំជាងតុលាការទៅទៀត។ ដូច្នេះហើយ សូមឲ្យអង្គការទាំងនោះពិនិត្យមើលអំពីទំនាក់ទំនងរវាងអង្គទាំង៣ គឺអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ ជាមុនសិនមុននឹងធ្វើការចោទប្រកាន់ គឺទំនាក់ទំនងនេះមិនអាចដាច់ពីគ្នាបានទេ។
រាជរដ្ឋាភិបាលតែងតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អរបស់ខ្លួន ក៏ប៉ុន្តែ មិនមែនមានន័យថា ពួកគេមកបញ្ជា និងមកអង្គុយលើក្បាលអំណាចនីតិប្រតិបត្តិ បានឡើយ។
ជាការកត់សំគាល់ ទាំងអ្នកវិភាគ និងអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំង តែងលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជាមិនមានយុត្តិធម៌ ហើយចោទប្រកាន់រាជរដ្ឋាភិបាលថាអត់មើលប្រព័ន្ធតុលាការ និងចូលដៃជាមួយតុលាការ ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលអនុវត្តការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ បែរជាក្រុមរបស់គេចោទថា បានប្រើអំណាចបំពានទៅវិញ តើនេះឬជាការរិះគន់បែបស្ថាបនា របស់ក្រុមអង្គការសង្គមស៊ីវិលនោះ? តើអាចនិយាយបានថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ពិតជាមាននិន្នាការប្រឆាំងផ្កាប់មុខ បានឬទេ បើធ្វើនេះក៏ខុស ធ្វើនោះក៏ខុសបែបនេះ?
បើតាមការសង្កេតមើលរបស់ប្រជាពលរដ្ឋ ក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងទាំងនោះ និងគណបក្សប្រឆាំង គឺពិតជាក្រុមតែមួយ ពីព្រោះនៅពេលដែលគណបក្សសង្គ្រោះជាតិស្រែកបែបណា គឺក្រុមសង្គមស៊ីវិលប្រឆាំងទាំងនោះតែងតែលើកហេតុផលដូចគ្នាជានិច្ច។ មានពេលខ្លះ ក្រុមរបស់គេក៏បើកឱកាសឲ្យក្រុមសង្គមស៊ីវិលស្រែកមុន រួចទើបខាងគណបក្សសង្គ្រោះជាតិ ស្រែកបន្ទរវិញម្តង មើលទៅវាហាក់ដូចជាត្រូវដង ត្រូវផ្លែគ្នាខ្លាំងណាស់។ ត្រង់នេះបញ្ជាក់ថា អង្គការសង្គមស៊ីវិលដែលមាននិន្នាការរិះគន់រដ្ឋាភិបាលទាំងនោះ មិនមែនជាអង្គការសង្គមស៊ីវិលឯករាជ្យអ្វីឡើយ គឺពិតជាមានគណបក្សប្រឆាំងនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។
សរុបមក អ្វីដែលក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង បានចោទប្រកាន់ថាអំណាចនីតិប្រតិបត្តិ បានបំពានទៅលើអំណាចតុលាការនោះ វាគឺជាលេសដដែលៗ សម្រាប់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ដែលតែងតែស្រែកដើម្បីការកេងចំណេញនយោបាយរបស់គណបក្សខ្លួន នៅពេលដែលប្រជាពលរដ្ឋ កាន់តែអស់ជំនឿលើគោលនយោបាយភូតកុហក់រាស្ត្រកន្លងមក តែប៉ុណ្ណោះ។ ការបន្តមិនទទួលស្គាល់នូវអំពើល្អ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន របស់ក្រុមប្រឆាំង វានឹងក្លាយជាកញ្ចក់ឆ្លុះសម្រាប់ប្រជាពលរដ្ឋ ក្នុងការវាយតម្លៃអំពីគុណសម្បត្តិកាន់តែច្រើនឡើងរបស់គណបក្សប្រជាជនកម្ពុជា និងជាគំនិតដល់ពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំនាពេលអនាគត៕