សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សំណុំរឿងឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ សម្តេចមិនបានរំលោភអំណាចតុលាការនោះឡើយ ហើយសម្តេចស្នើឲ្យ អ្នករិះគន់សម្តេចទៅពិនិត្យឡើងវិញ ពីទំនាក់ទំនងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃសកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
បន្ទាប់ ពីសម្តេចតេជោ បានមានប្រសាសន៍ជុំវិញករណី ការអនុវត្តច្បាប់របស់តុលាការក្រុងភ្នំពេញលើសំណុំរឿងឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ មានការរិះគន់មួយចំនួនទៅលើសម្តេចថា បានបំពានលើអំណាចតុលាការក្នុងរឿងដោះលែងឱពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ ដែលនាំឲ្យមានការដកតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ។
ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសម្តែងការព្រួយបារម្ភចំពោះការដក តំណែង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីស្នើសុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមស៊ើបអង្កេតសំណុំរឿងដោះលែងឪពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឡើងវិញជាបន្ទាន់។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថាអ្នកខ្លះថាសម្តេចល្អ តែអ្នកខ្លះថា សម្តេចកំពុងតែបំពានអំណាចតុលាការ។ សម្តេចបានបដិសេធនឹងការចោទប្រកាន់នេះ ដោយស្នើឲ្យពិនិត្យទំនាក់ទំនងរវាងអំណាចទាំងបី ដោយសម្តេចបានបញ្ជាក់ថាអំណាចទាំងបីមានទំនាក់ទំនងជាមួយគ្នា មិនអាចដាច់ពីគ្នាបានទេ។
សម្តេច នាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា វាជារឿងប្រសើរមួយ ដែលចាប់សេះមកវិញ ក្រោយពេលសេះរួចចេញពីក្រោល។ សម្តេចបានរិះគន់សង្គមស៊ីវិល និងអំពាវនាវកុំឲ្យតាំងខ្លួន«អង្គុយលើក្បាលរាជដ្ឋាភិបាល»។ សម្តេចបន្តថាសង្គមស៊ីវិលមួយចំនួនកំពុងតែតាំងខ្លួនខ្ពស់ជាងអំណាចរដ្ឋសភា រដ្ឋាភិបាល និងតុលាការ។ សម្តេចបានចាត់ទុកថា ការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួន គឺជាការប្រើអំណាចហួសហេតុលើរាជដ្ឋាភិបាល ដែលមានទំនាក់ទំនងជាមួយអង្គតុលាការ៕