Wednesday, October 21, 2015

សម្តេច​តេជោ ហ៊ុន សែន រំលឹក​ក្នុង ហ្វេសប៊ុក ពីដំណើរ​ការចរចារ រហូត​សម្រេច​បាន​ជាកិ​ច្ចព្រម​ព្រៀង សន្តិភាព​ក្រុងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥)

អត្ថបទ៖ CNV  ១៩ តុលា ២០១៥

ថ្ងៃ ១៩ តុលា​សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹង​ឈាន​មកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាព​នៅ​កម្ពុជា។

ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនា​សម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវ​ដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។

ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេស​បារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។ ប៉ុន្តែ ជំនួបនេះត្រូវបានអាក់ខាន​អាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។

បន្ទាប់ពី ខ្ញុំព្រះករុណាខ្ញុំ ក្លាយជានាយករដ្ឋមន្រ្តី នាខែ មករា ឆ្នាំ ១៩៨៥ ខ្ញុំព្រះករុណាខ្ញុំ និងថ្នាក់ដឹកនាំគណ​បក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសារជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជន​ខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាង​គេ ក្នុងទំនាក់ទំនងរវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងជួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្រើនពេលចរចានៅទីក្រុងប៉ារីស។ ខ្ញុំសូមយកឱកាស​នេះថ្លែងអំណរគុណចំពោះបងស្រី ពុង ឈីវហ្កិច ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា។

ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពល​រដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ។ ការ​ចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង​ដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ​ព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ​ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។

ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅ​កម្ពុជាកាន់តែរីកធំឡើង វេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយ​ចំនូន ដូចជា JIM1, JIM2, IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែ កក្កដា និងខែ សីហា ឆ្នាំ ១៩៨៩ តែពុំមានលទ្ធផល។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវរកមធ្យោបាយ ដើម្បីធ្វើការជាមួយសម្តេច​ព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែល​ចែកចេញជា ៣ ដំណាក់កាល៖

ដំណាក់កាលទី ១៖ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងខ្ញុំព្រះ​ករុណាខ្ញុំ នៅទីក្រុងបាងកក។

ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុង​នាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជា​ប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
ដំណាក់កាលទី ៣៖ ថ្ងៃទី ០៩-១០ ខែ កញ្ញា ឆ្នាំ ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំ បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច ពុំមានព្រះនាមសម្តេចព្រះ​នរោត្តម សីហនុ នោះទេ  ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតានោះទេ ហើយត្រូវជំនួសដោយ សម្តេចចៅ សែន កុសល។

ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅទី ១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំ​នៅទីក្រុងបាងកក ប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិច។

បន្ទាប់ពីមានការជ្រោមជ្រែងប្រទេសធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែ ដំណើរនៅតែមិនទៅមុខ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ​ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេច​ព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្ម​នុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯខ្ញុំព្រះករុណាខ្ញុំ នៅតែជានាយករដ្ឋមន្ត្រី តែព្រះអង្គបានស្នើឲ្យបង្កើតឡើងនូវ​គណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធាន ខ្ញុំព្រះករុណាខ្ញុំ បានឯកភាពលើ​សំណើនេះ។ សម្តេចព្រះនរោត្តម សីហនុ​ បានមានបន្ទូលម្តងហើយម្តងទៀត ប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ទោះ​មាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំត្រូវតែវិលត្រឡប់ទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះ​មិន​អាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ។

ការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ​ វាជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ ពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំ ណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែន កុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើង វិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិន មែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរុះមួយនេះ។

ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលខ្ញុំព្រះករុណាខ្ញុំបានជួបជាសម្ងាត់ជាមួយសម្តេចព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជ​តួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងហត្ថលេខា ដោយខ្ញុំព្រះ​ករុណាខ្ញុំ លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងដោយមានការយល់ព្រម​ពីសម្តេចព្រះនរោត្តម សីហនុ។ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហ​ប្រ​ជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។

ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖

ទី ១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគី​ណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយ លោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹង រក្សា​ទុក​បានកងទ័ពចំនួន ៦,០០០ នាក់ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០, ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយ។ ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០,០០០ នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២,០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ខ្ញុំព្រះករុណាខ្ញុំបានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាព​រំសាយ​កងទ័ព ៧០ ភាគរយ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់ខ្ញុំព្រះករុណាខ្ញុំ បាន អញ្ជើញប្រធាន​គណៈ​ប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយខ្ញុំព្រះ​ករុណាខ្ញុំ បានសួរទៅ​កាន់​ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំ​ទាំង ៥ យល់យ៉ាង​ណា? ប្រធានប្រតិភូបារាំងបានឆ្លើយតបមកខ្ញុំព្រះករុណាខ្ញុំវិញថា ច្បាស់ជាមានការគាំទ្រ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន  និងលោក សឺន សាន រង់ចាំតែ​ជំទាស់នឹង​ការ​ស្នើ​របស់​ខ្ញុំ។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណង​ឱ្យ​ភាគី​កម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើង​ខ្ញុំនឹង​គាំទ្រភ្លាម។

អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅ លោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះ​មានន័យថា នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យ ហ៊ុន សែន​ ទទួលទានវិញឆ្ងាញ់ពិសារ។

ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី ២៖ អំពីប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ ខ្ញុំព្រះករុណាខ្ញុំ បានមក ពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយ​ត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូត​ដល់សព្វថ្ងៃនេះ។

ទី ៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅអោយប្រធានអាជ្ញាធរអាសន្នរបស់ អង្គការសហប្រជាជាតិហៅកាត់ថា « អ៊ុនតាក់» ឯខ្ញុំព្រះករុណាខ្ញុំ ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេច ចុង​ក្រោយ​នេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុច​នេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវបានដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែល​ពេល​នោះ​ខ្ញុំព្រះករុណាខ្ញុំប្រៀបបានដូចជា កស្ថិតនៅលើជ្រុញ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការ សហប្រជាជាតិ  ខ្ញុំព្រះករុណាខ្ញុំ បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ ដោយមានន័យថាសិទ្ធិ សម្រេចចុងក្រោយដោយប្រធាន អេស អ៊ិន ស៊ី ឬប្រធាន អ៊ុន តាក់អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន​ ជា​អ្នក​សម្រេច។ ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួច រាល់នៅ​ពេល​ដែល អេសអ៊ិនស៊ី ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់ យក​ថ្ងៃ​ទី ២១ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាកតែវាប្រសើរជាងការបន្ត សង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង​ ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេល ដែលអ៊ុន តាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុង ក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្ត​ដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែល​កម្ពុជា ជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ  មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋា ភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវ​សន្តិ​ភាពនេះ៕