ចេញផ្សាយថ្ងៃទី២៤ ខែមិនា
ឆ្នាំ២០១៧
ដោយលោកស្រី Florence Evin
សម្ដេច សុខ អាន
ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៥ មិនា
នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច
នឹងមានអាយុ៦៧ឆ្នាំបើដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ មានងារកិត្តិយសជា
សម្ដេចវិបុលបញ្ញា សពសម្ដេច សុខ អាន
ត្រូវបានធ្វើឈាបនកិច្ចកាលពីថ្ងៃអាទិត្យ ទី១៩ ខែមិនា នៅរាជធានីភ្នំពេញ
នៅឈាបនដ្ឋានមួយមុខវត្តបុទុមវតី។ ដូចរៀងរាល់ឆ្នាំដែរ
កាលពីថ្ងៃទី២៥ ខែមករា
សម្ដេចបានធ្វើជាអធិបតីភាពកិច្ចប្រជុំពេញអង្គលើកទី២៣នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលដើម្បីកិច្ចការអភិរក្ស
និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា អាយស៊ីស៊ី អង្គរ។
ឧទ្យានអង្គរជារមណីយដ្ឋានលេចធ្លោមួយនៃមហាអាណាចក្រខ្មែរ (សតវត្សទី៩
ដល់សតវត្សទី១៤)។ រូបប្រាសាទអង្គរវត្តមាននៅលើទង់ជាតិខ្មែរ ដែលសម្ដេច សុខ អាន
ចាត់ទុកខ្លួនសម្ដេចថាជាអ្នកការពារអង្គរមួយរូបផងដែរ។
អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣
តាមព្រះរាជសំណើរបស់អតីតព្រះមហាក្សត្រ នរោត្ដម
សីហនុ មួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមន្ត្រីជាន់ខ្ពស់រូបនេះក៏ស្ថិតក្នុងចំណោមអ្នកចរចាម្នាក់ដែរ។
តាំងពីពេលនោះមក អង្គការយូណេស្កូ ជាស្ថាប័នទទួលបន្ទុកលេខាធិការដ្ឋាន
អាយស៊ីស៊ី នេះ ក្រោមសហអធិបតីភាពរដ្ឋាភិបាលបារាំង និងជប៉ុន ដោយមានការគាំទ្រពីអាជ្ញាធរជាតិអប្សរា
ដែលត្រូវបានបង្កើតឡើង និងមានសម្ដេច សុខ អាន ជាប្រធានរហូតមកទល់ពេលនេះ
ដើម្បីគ្រប់គ្រងឧទ្យានអង្គរ។
កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ នៅក្នុងស្រុកគិរីវង្ស
ខេត្តតាកែវ សម្ដេច សុខ អាន
ទទួលបានសញ្ញាបត្រជាច្រើន។ នៅខែមេសា ឆ្នាំ១៩៧៥ ដោយត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ
ពេលនោះរាជធានីដែលត្រូវបានខ្មែរក្រហមបោសសម្អាតប្រជាជនចេញទាំងអស់
សម្ដេចបានរស់នៅក្នុងឋាននរកខ្មែរក្រហមជាមួយភរិយារបស់សម្ដេច
ដែលមានឈ្មោះ ថេង អាយអាន្នី។
ប្ដីប្រពន្ធសម្ដេចមានកូនស្រីម្នាក់ឈ្មោះ សូម៉ា និងកូនប្រុសបួននាក់ គឺ
ពុទ្ធិវុធ សូកាន សូកេន និងសង្វារ និងចៅប្រុសស្រី៧នាក់។
ជាអ្នកស្រលាញ់សត្វស្លាប និងផ្កាអ័រគីដេ
សម្ដេចចូលចិត្តមើលថែសត្វស្លាបចិញ្ចឹម
នៅផ្ទះរបស់សម្ដេចនៅរាជធានីភ្នំពេញ
និងសត្វមាន់នៅចម្ការសូម៉ារបស់សម្ដេចនៅខេត្តតាកែវ។
នៅឆ្នាំ១៩៨០ សម្ដេច សុខ អាន ធ្លាប់ធ្វើជាលេខាផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះ គឺសម្ដេច ហ៊ុន សែន ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្លាយជាលេខាជំនិតរបស់សម្ដេច ហ៊ុន សែន សម្ដេច សុខ អាន បានកាន់មុខងារក្រសួង និងមុខងារថ្នាក់ខ្ពស់ជាច្រើន រួមមាន ឯកអគ្គរាជទូតនៅឥណ្ឌា (១៩៨៥-១៩៨៨) សមាជិកគណៈកម្មាធិការកណ្ដាលបក្សតាំងពីឆ្នាំ១៩៩២ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩៣។
នៅឆ្នាំ១៩៩៩ សម្ដេចបាននាំយុត្តិធម៌ជូនប្រជាជនកម្ពុជាតាមរយៈការកាត់ទោសលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម
និងបានដឹកនាំការចរចាជាមួយអង្គការសហប្រជាជាតិ
ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៤ សម្ដេចបានក្លាយជាឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកការទូតដែលត្រូវបានគេពេញចិត្តនិងគោរព ចេះភាសាបារាំងនិងអង់គ្លេសទាំងពីរយ៉ាងស្ទាត់
ពូកែធ្វើការគួរឲ្យស្ញប់ស្ញែង សម្ដេចមានវប្បធម៌ជ្រៅជ្រះ
និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរាល់អ្វីៗដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនិងអរិយធម៌។
“យើងបានបាត់បង់អ្នកស្រឡាញ់តម្លៃមនុស្សជាតិ និងមនុស្សល្អម្នាក់។
បន្ទាប់ពីព្រះករុណា នរោត្ដម សីហនុ និងសម្ដេច វិបុល បញ្ញា តើអ្នកណានឹងបន្តជាអ្នកការពារអង្គរ?”
នេះជាសំណួររបស់បុរាណវិទូជនជាតិទុយណេស៊ី លោកសាស្ត្រាចារ្យ អាហ្សេឌីន
បេសាអ៊ូស សមាជិកបណ្ឌិតសភាអក្សរសាស្ត្រ អគ្គលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃ
អាយស៊ីស៊ី អង្គរ និងជាទីប្រឹក្សាពិសេសខាងផ្នែកបេតិកភណ្ឌ។
ចំណេះវិជ្ជា និងវប្បធម៌ជ្រៅជ្រះ
និងលក្ខណៈសម្បត្តិខាងយុទ្ធសាស្ត្រប្រកបដោយភាពប៉ិនប្រសប់របស់សម្ដេច បានធ្វើឲ្យសម្ដេចក្លាយជារដ្ឋបុរសការទូតដែលត្រូវបានគេពេញចិត្តនិងគោរព។
ពោរពេញទៅដោយភាពស្ងប់ស្ងៀម និងសុភាពរាបសារ សម្ដេចបានបង្ហាញការជឿជាក់
ប្រកបដោយភាពម៉ឺងម៉ាត់។ នៅខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីមានសង្គ្រាម
ឬពេលខ្លះឈានទៅបង្ហូរឈាមផង អស់រយៈពេល៦០ឆ្នាំ ជាមួយប្រទេសថៃ
ដែលមានការប្រទាញប្រទាក់គ្នារឿងប្រាសាទព្រះវិហារនៅតាមព្រំដែន។
ប្រាសាទព្រះវិហារដែលប្រៀបដូចជាប្រាសាទសួគ៌មួយល្អវិចិត្រនូវចម្លាក់ថ្មភក់
(សតវត្សទី១០-សតវត្សទី១២) សម្ដេចបានបិទទំព័រប្រវត្តិសាស្ត្រចាស់ ហើយបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃសន្តិភាព
ស្ទើរតែដូចជាគ្មានរឿងអ្វីកើតឡើងដូច្នោះដែរ
ដោយសារសេចក្ដីស្រឡាញ់បេតិកភណ្ឌរបស់សម្ដេច។
តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ
បានបញ្ជាក់សារជាថ្មីកាលពីមួយឆ្នាំមុននោះថា ប្រាសាទព្រះវិហារជារបស់ព្រះរាជាណាចក្រកម្ពុជា
ហើយ ឆ្លៀតក្នុងឱកាសពិសារអាហារផ្លូវការបែបពិកនិក
ក្រោមម្លប់ប្រាសាទជាទីសក្ការៈមួយនេះ
នៅចំពោះមុខអ្នកការទូតនិងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ សម្ដេច សុខ អាន
បានប្រកាសពីរាត្រីទឹកឃ្មុំជាមួយប្រទេសថៃ។ ការប្ដេជ្ញាចិត្តដើម្បីសន្តិភាព
ឯកអគ្គរាជទូតថៃនាពេលនោះត្រូវបានអញ្ជើញចូលរួម និងសម្តេចបានស្នើឲ្យប្រទេសថៃផ្ដល់កិច្ចសហប្រតិបត្តិការជូនគណៈកម្មាធិការបច្ចេកទេសថ្មីដែលទើបនឹងបង្កើតឡើងនោះ។
"សម្ដេច សុខ អាន
នឹងនៅជាស្ថាបត្យករពិតប្រាកដមួយរូបក្នុងប្រតិបត្តិការឃោសនាអន្តរជាតិដែលដឹកនាំដោយអង្គការយូណេស្កូ
និងជួយជ្រោមជ្រែងដោយលោកស្រី ហ្វ្រង់ស៊ីន ដ័រហ្សឺវ៉ាល់ និងលោក ប៊្រុយណូ
ហ្វាវែល ខាងប្រទេសបារាំង ជាមួយលោក អាហ្សេឌីន បេសាអ៊ូស "
នេះជាការគូសបញ្ជាក់របស់លោក មូនៀរ ប៉ូឆឺណាគី ដែលជាអ្នកកដឹកនាំការិយ៉ាល័យអង្គការយូណេស្កូប្រចាំប្រទេសអារ៉ាប់
និងមានមូលដ្ឋាននៅប្រទេស បារ៉ែន។
នោះគឺជាអ្វីដែលពន្យល់អំពីក្ដីរន្ធត់ដោយសារការបាត់បង់រូបសម្ដេច
ថែមទាំងមានការចូលរួមរំលែកទុក្ខផ្ទាល់ពីលោកស្រី អ៊ីរីណា បូកូវ៉ា
អគ្គនាយិកាអង្គការសហប្រជាជាតិមួយនេះ។
កាលបរិច្ឆេទគន្លឹះមួយចំនួនអំពី សម្ដេច សុខអាន៖
១៦ មេសា ១៩៥០ កើតនៅស្រុកគិរីវង្ស (ព្រះរាជាណាចក្រកម្ពុជា)
ឆ្នាំ១៩៨០ លេខាផ្ទាល់របស់សម្ដេច ហ៊ុន សែន
រដ្ឋមន្ត្រីក្រសួងការបរទេស (១៩៨០)
ឆ្នាំ១៩៨៥-១៩៨៨ ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា
ឆ្នាំ១៩៩២ ចូលរួមក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស
១៩៩៣ ការបង្កើតគណៈកម្មាធិការអន្តរជាតិអង្គរ
ឆ្នាំ១៩៩៥ ការបង្កើតអាជ្ញាធរជាតិអប្សរា ដែលមានសម្ដេចជាប្រធាន
ឆ្នាំ២០០៤-២០១៧ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
១៥ មិនា ២០១៧ ទទួលមរណភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន