Wednesday, July 5, 2017

ទឹកដីអង្គរជាទីក្រុង​បុរាណ​ធំជាង​គេ​លើពិភពលោក

យោង​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​ស៊ីដនីនៃ ប្រទេស​អូស្ត្រាលី​បានឲ្យដឹងថា អង្គរ គឺជា​ទីក្រុង​បុរាណ​មួយដ៏ធំ​នៅក្នុង​ពិភពលោក​នាសម័យបុរាណ និង ជាទីក្រុង​បុរាណ​ដ៏អស្ចារ្យ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់ជាតិ​សាសន៍​ទស្សនា​ផងដែរ ហើយ​របក​គំហើញនេះ​ត្រូវបាន​ប្រកាស​ឲ្យដឹង​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ បោះផ្សាយ​ដោយ​ទស្សនាវដ្ដី​បណ្ឌិត​សភាវិទ្យា​សាស្ត្រជាតិ (Proceedings of the National Academy of Sciences)។ ​


ប្រភព​ដដែល​បាន​បង្ហាញថា ការប្រើប្រាស់​នូវបច្ចេកវិទ្យាថ្មី​មួយ​ដែលមានឈ្មោះ​ជាភាសាអង់គ្លេង​ថា ឡៃដារ(LIDAR) ដែលជា​បច្ចេកវិទ្យា​ប្រើប្រាស់​នូវ​កាំរស្មីឡាស៊ែរ​ដើម្បី​ធ្វើការ​តាមដាន និង​ស្កែនចុះ​ទៅខាង ក្រោមដី​បានឲ្យ​ពួកអ្នក​ស្រាវជ្រាវ​រកឃើញនូវ​ទំហំពិត​ប្រាកដ​នៃទីក្រុងអង្គរ​ដែលមាន​នៅក្នុង​អតីតកាល​របស់​ខ្មែរ។

ការស្កែន​ដោយ​ឡាស៊ែរ​បង្ហាញ​ឲ្យឃើញ​ទិដ្ឋភាព​ទីប្រជុំជន​ពុំធ្លាប់​បាន​កត់ត្រា​ពីមុនមក​ដែល​មាន​បណ្ដាញតភ្ជាប់​រវាង​បណ្ដាប្រាសាទ​ដែលមាន​ចំណាស់ ១ ២០០ឆ្នាំ។ ឡាស៊ែរ​ពីលើ​អាកាសបាន​បង្កើត​ជាផែនទី​លម្អិត លើក​ដំបូង​អំពី​ទិដ្ឋភាព​ទាំងមូល​របស់​ទីក្រុងនេះ ដែល​រួមមាន​បណ្ដាញ​ផ្លូវថ្នល់ និង​ប្រាសាទ​មួយចំនួន​ដែល​ពុំធ្លាប់​បានស្គាល់​ពីមុន ។

បុរាណវិទូលោក Damian Evans នៃសាកលវិទ្យាល័យស៊ីដនីជាប្រធានក្រុមនិពន្ធអត្ថបទខាងលើនេះ មានប្រសាសន៍ថា គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើផែនទី​ពី​ទី​ក្រុងបុរាណ​នេះ ដ៏លម្អិត​ពីមុនមក​ទេ​ដូចនេះ​វាជាការបំបែក​អាថ៌កំបាំងពិតៗ ដែលអាចឲ្យ​មើល​ឃើញ​ពី​ទីក្រុង​បាន​ច្បាស់​ដូចនេះ​តែ​វា​គួរឲ្យរំភើប​ណាស់​ដែល​បាន​ឃើញភស្តុតាង​នៃសកម្មភាព​មនុស្ស​ជំនាន់នោះ​នៅតែ​បន្សល់ស្នាម​នៅ​ក្រោម​កម្រាលព្រៃ​នៅឡើយ​បន្ទាប់ពី​ទីក្រុងនេះ​មិនមាន​ដំណើរការ និង គ្របដណ្ដប់​ដោយព្រៃ​អស់ជាច្រើន​សតវត្ស។

លោក Damian Evans ដែល​ជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ​នេះ​បាននិយាយថា «ដោយសារ​ការ​ប្រើប្រាស់​នូវបច្ចេកវិទ្យា LIDAR នេះ​ហើយ​ទើបធ្វើ​ឲ្យយើង​បានដឹង​ពីទំហំយ៉ាងពិតប្រាកដ​នៃទីក្រុងអង្គរ​កាលពីសម័យដើម។ លោក​សាស្ត្រាចារ្យបាននិយាយ​បន្តទៀត​ថា តាំងពីឆ្នាំ​១៨៦០ មក​ការស្រាវជ្រាវ​នឹងស្វែងយល់​ពីរាជធានី​បុរាណនេះ​បានធ្វើឡើង​ជាបន្តបន្ទាប់​ហើយអ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់​ផងដែរ​នូវប្រាង្គ​ប្រាសាទជាច្រើន ដែល​ឋិតនៅ​កប់បាត់នៅ​ក្នុងដង​ព្រៃ​ហើយ​មាន​ភ្នំមួយ​ចំនួន​ទៀត ដែល​អ្នកស្រាវជ្រាវ​មិន​បាន​ទៅដល់។


រចនាសម្ព័ន្ធ​រៀបចំ​ក្រុងអង្គរ​ទាំងមូល ដូចជា ផ្លូវ​ថ្នល់ប្រព័ន្ធបង្ហូរទឹកត្រូវបានខាងសកលវិទ្យាល័យប្រើប្រាស់នូវបច្ចេកវិទ្យាឡៃដារ​រកឃើញ​ហើយថា វា​ប្រហែល​ជា​ទីក្រុង​បុរាណ​ដ៏សែនធំមួយ ដែល​គេបានរ​កឃើញនៅ​ក្នុងប្រវត្តិសាស្ត្រ។


លោក Damian Evans និយាយថា ក្រុម​បុរាណវិទូ ដែល​បានចំណាយ​ពេល​ជាច្រើនឆ្នាំ​ស្រាវជ្រាវនៅ លើដី​ដើម្បី​គូសផែនទី​នៃផ្នែកមួយ​មាន​ទំហំ៩គីឡូម៉ែត្រក្រឡា ដែល​ជាចំណុច​ប្រជុំជន​នៃតំបន់​ទាំងមូល។ប៉ុន្តែ​ឡៃដារ​បាន​បង្ហាញ​ពីទី​ប្រជុំជន​មាន​ទំហំធំ​ជាង​នេះយ៉ាង​ឆ្ងាយ​គឺ​មាន​ទំហំដល់ទៅ ៣៥គីឡូម៉ែត្រក្រឡា និង មាន​ប្រជាជន​រស់​នៅកុះករ​ជាង​ចំនួន​ដែលគេធ្លាប់​ជឿកន្លងមក។ ការ​បំបែក​អាថ៌កំ​បាំងពិតៗ​គឺការ​រកឃើញថា តំបន់​ប្រជុំជននេះ​មានមនុស្ស​រស់នៅ​ច្រើនកុះករ និង​មានគម្រោង​ប្លង់​ទីក្រុង​ធំ​ជាង​ដែលធ្លាប់​គិត​កន្លងមក។ មើល​ឃើញ​ពី​ទំហំ​ដែល​យើង​បាន​មើល​រំលង​ពីមុន​ធ្វើឲ្យយើង​ផ្លាស់​ប្ដូរការ​យល់​ដឹងអំពី​របៀប ដែល​ទីក្រុងបុរាណ​ទាំងនេះ​ត្រូវបាន​រចនា កសាងឡើង។

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា LiDAR គឺជា​បច្ចេកវិទ្យា​ទំនើបដោយ​គេ​យក​ប្រអប់​របស់​វា​មក​ផ្អោប​ជាមួយ​ឧទ្ធម្ភាគចក្រ​ហើយ​បាញ់កាំ​រស្មីឡាស៊ែ​ចុះ​មក​ក្រោម​ដោយឆ្លងកាត់​ដើមឈើ និង​ព្រៃ​ព្រឹក្សា​រហូត​មកដល់ដី ហើយ​កាំរស្មីនេះ​បាន​ឡង​ឡើង​មកលើវិញ​ដោយ​នាំមកជាមួយ​នូវទិន្នន័យ​ជាក់ស្ដែងនៃ​ស្ថានភាពដី ក្រោមដី និងដើម ឈើ​គឺ​បង្កើតជាផែនទីបី​ទំហំ(3D)លម្អិត​នៃតំបន់នោះ។

វាគឺជា​ឧបករណ៍ដ៏​មានប្រយោជន៍​សម្រាប់បុរាណ​វិទូពីព្រោះ​កាំរស្មីឡាស៊ែរ​អាចទម្លុះ​ដើមឈើ​ក្រាស់​បាន និង​គ្របដណ្ដប់​ផ្ទៃដីទំហំធំ​បានលឿង​ជាង​ការ​ដើរ​វិភាគ ដោយ​ថ្មើរជើង។ ឡៃដារ​ត្រូវបាន​ប្រើដើម្បីរុករក​នៅទីតាំង​បុរាណ​វិទ្យា​ផ្សេងៗទៀត​ផងដែរ ដូចជានៅ Stonehenge ចក្រភព​អង់គ្លេស។ ការ​ឆ្លុះថតដោយ​ប្រើកាំរស្មីឡាស៊ែរ​អាច​ធ្វើឱ្យអ្នក​ស្រាវជ្រាវ​យល់ដឹង​អំពី​សណ្ឋាន​ដីរុក្ខជាតិ និង​ផែនទី​បុរាណ​វិទ្យា នៃរមណីយដ្ឋាន​អង្គរ ប្រកប​ដោយ​សុក្រឹត​ភាព​ខ្ពស់៕

អត្ថបទ៖ លោក វិសិទ្ធ ប្រភព៖ KhmerDaily