(រូបថត ត្បែងមានជ័យ)
ខេត្តព្រះវិហារ ៖ វត្ដកែវសិក្ខាគិរីស្វារៈ ហៅវត្ដប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរត្រូវបានកត់ត្រាទុកពីមហិច្ឆតា ឈ្លានពានរបស់សៀមកាលពីជាង២ឆ្នាំមុន ។ នៅទីនោះមានផ្ទាំងថ្មមួយដុំធំជាកន្លែងដែលឧត្ដមសេនីយ៍មេបញ្ជាការ ទ័ពសៀមម្នាក់ឈ្មោះកាណុក បានដឹកនាំទាហានសៀមប្រមាណពី៤៥០ ទៅ៧០០នាក់ ចូលឈ្លានពានឈរជើងកាន់កាប់ក្នុងទីអារាមខ្មែរ កាលពីវេលាម៉ោង១២ និង៣៥នាទីរសៀលថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨កន្លងទៅ ខណៈព្រះសង្ឃខ្មែរជាច្រើនអង្គកំពុងគង់នៅទីនោះជាប្រចាំ ។
ចំណុច នេះគឺជាទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជា ដែលនៅថ្ងៃ្ងទី១៥ កក្កដា ២០០៨ បានត្រូវមេដឹកនាំសៀមវង្វេងប្រវត្ដិសាស្ដ្របានបញ្ជាឱ្យឧត្ដមសេនីយ៍ មេទ័ពថ្មើរជើងរបស់ខ្លួនឈ្មោះកាណុកកែនប្រមូលទ័ពឈុតខ្មៅរបស់ ពួកគេចូលឈ្លានពានក្នុងទឹកដីវត្ដកែវសិក្ខាគិរីស្វារៈ ។ ពេលនោះកងទ័ពខ្មែរដ៏អង់អាចក្លាហានបានធ្វើការប្រឈមមុខតបវិញដោយ មិនអនុញ្ញាតឱ្យទ័ពសៀមឈរជើងទីនោះបានយូរឡើយ គឺត្រូវចាកចេញជាបន្ទាន់ពីក្នុងអធិបតេយ្យភាពរបស់ខ្មែរ ។ តែនៅពេលនោះតាមការសង្កេត ទោះកងទ័ពសៀមដកចេញពីក្នុងទឹកដីខ្មែរស្ទើរតែ១០០%ក៏ពិតមែន តែពួកជ្រុលនិយមសៀមនៅធ្វើមុខក្រាស់ដោយរក្សាកម្លាំងទ័ពរបស់ខ្លួន ឱ្យឈរជើងនៅលើផ្ទាំងថ្មដ៏ធំ ដែលស្ថិតនៅកណ្ដាលបរិវេណវត្ដកែវសិក្ខាគិរីស្វារៈចំនួន១០ នាក់ចាប់តាំងពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី១ ធ្នូ ២០១០ ទើបពួកគេបង្ខំចិត្ដចាកចេញអស់ពីក្នុងវត្ដកែវសិក្ខាគិរីស្វា រៈរបស់ខ្មែរ ។
ពេល នេះទោះបីទ័ពសៀម បានដកចេញអស់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះហើយក្ដី ក៏អ្វីដែលជាស្លាកស្នាមនៃការប្រឈមមុខនឹងគ្នារវាងខ្មែរ និងសៀមនៅលើផ្ទាំងថ្មក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈដែល ឧត្ដមសេនីយ៍កាណុក មេទ័ពសៀមបានចូលឈ្លានពានត្រូវបានប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល កម្ពុជាសំរេចឱ្យអាជ្ញាធរខេត្ដព្រះវិហារចារឹកជាស្លាកសញ្ញាសំគាល់ សំរាប់បង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលចូលទៅទស្សនាប្រាង្គប្រាសាទព្រះវិហាររបស់ខ្មែរនៅ លើកំពូលភ្នំដងរែកបានឃើញបានជ្រាបនូវរាល់អ្វីដែលជាសច្ចភាព និងសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីប្រវត្ដិសាស្ដ្រថ្មីៗ របស់ជាតិខ្លួន ។
លោកស ថាវី អភិបាលរងខេត្ដព្រះវិហារ ប្រចាំការតំបន់ប្រាសាទព្រះវិហារដែលជាអ្នកដឹកនាំក្នុងការសាងសង់ ស្លាកសញ្ញាសំគាល់កាលពីរសៀលថ្ងៃទី៨ មករា កន្លងទៅថ្មីៗនេះ បានមានប្រសាសន៍ឱ្យដឹងថា ស្លាកសញ្ញាដែលបានសាងសង់នៅលើផ្ទាំងថ្មនៅកណ្ដាលវត្ដកែវសិក្ខា គិរីស្វារៈ ដែលមានឆ្លាក់អក្សរដាក់ចំណងជើងថា «ទីនេះជាកន្លែងសៀមឈ្លានពាន» នោះគឺមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល កម្ពុជា និងមានការឯកភាពពីសំណាក់គណៈមេបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគ ទី៤ និងមេបញ្ជាការសមរភូមិទិសទី១ប្រាសាទព្រះវិហារ ។ ស្លាកសំគាល់ទីកន្លែងនោះធ្វើឡើងនៅថ្ងៃទី៣ មករា ឆ្នាំ២០១១ អំពីថ្មម៉ាប ទំហំ ០,៩០ម៉ែត្រ×១,៨០ម៉ែត្រចារឹកអក្សរធំៗពណ៌មាស បែរមុខទៅទិសខាងកើតចំគោបុរៈទី៥ ។ លោកស ថាវី បានបញ្ជាក់ឱ្យដឹងទៀតថា ស្លាកសំគាល់នោះបានសាងសង់រួចរាល់ហើយ ប៉ុន្ដែបច្ចុប្បន្នកំពុងតែរៀបចំធ្វើរបងហ៊ុមព័ទ្ធជុំវិញបរិវេណ ផ្ទាំងថ្មនោះ ដើម្បីការពារទៀតផង ៕