ភ្នំពេញ ៖ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា (ការិយាល័យ OHCHR) និងអង្គការសហប្រជាជាតិស្តីពីស្រី្ត (UN WOMEN) បានស្វាគមន៍ការផ្តល់សច្ចាប័នរបស់កម្ពុជា លើពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ រើសអើងប្រឆាំងនឹងស្រ្តីភេទ ដែលចូលជាធរមាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១១។
តំណាង UN WOMENលោកWenny Kusumaបានប្រសាសន៍ថា ការិយាល័យOHCHR និងUN WOMEN សូមអបអរសាទរដល់រាជរដ្ឋាភិបាលចំពោះការបង្ហាញឲ្យឃើញជាក់ស្ដែងនូវ ការប្តេជ្ញាចិត្តជាបន្តដើម្បីការពារនិងលើកស្ទួយសិទ្ធិមនុស្សជា ពិសេសសិទ្ធិស្រ្តី។ ការទទួលយករបស់រដ្ឋាភិបាលនូវនីតិវិធីបណ្ដឹងរបស់CEDAWបង្ហាញថា រដ្ឋាភិបាលអនុវត្តន៍កាតព្វកិច្ចអន្តរជាតិរបស់ខ្លួនយ៉ាងហ្មត់ ចត់ក្នុងការធានាថាការដោះស្រាយពិតប្រាកដទាន់ពេលវេលានិងអាច អនុវត្តន៍បានពិតជាមានសម្រាប់ការរំលោភសិទ្ធិស្ត្រី ។តាមរយៈការផ្ដល់សច្ចាប័នពិធីសារបន្ថែមលើអនុសញ្ញាCEDAW បច្ចុប្បន្ននេះកម្ពុជាអនុញ្ញាតឲ្យឯកត្តបុគ្គលនិងក្រុមផ្សេងៗដែល យល់ថាសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពានអាចដាក់ពាក្យបណ្ដឹងទៅ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្រ្តី ។ គណៈកម្មាធិការនេះ អាចពិនិត្យលើពាក្យបណ្ដឹងទាំងនេះនៅពេលដែលការដោះស្រាយបណ្តឹងនេះ ត្រូវបានប្រើប្រាស់អស់លទ្ធភាពនៅកម្ពុជា។ បន្ថែមលើនេះទៀតគណៈកម្មាធិការនេះអាចផ្ដួចផ្ដើមការស៊ើបអង្កេតដោយ ស្វយ័តទៅលើការរំលោភសិទ្ធិស្រី្តធ្ងន់ធ្ងរឬជាប្រព័ន្ធ។ក្នុង នាមជារដ្ឋទី១០០ដែលផ្តល់សច្ចាប័នលើពិធីសារបន្ថែមនេះកម្ពុជាក៏ ក្លាយជាប្រទេសនាំមុខគេមួយផងដែរនៅអាស៊ីអាគ្នេយ៍ក្នុងការផ្ដល់ វេទិកាអន្តរជាតិសម្រាប់ដោះស្រាយបណ្តឹងផ្សេងៗ ដែលមានហ្វីលីពីន និង ថៃ ជាប្រទេសពីរទៀតក្នុងសមាគមអាស៊ាន ដែលបានចាត់វិធានការនេះ។
តំណាង ការិយាល័យOHCHR លោកគ្រីស្តូហ្វ ប៉េស៊ូ មានប្រសាសន៍ថា យន្តការដោះស្រាយបណ្តឹងដែលសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិបាន បង្កើតឡើងផ្តល់អត្ថន័យជាក់ច្បាស់ដល់សិទ្ធិស្រ្តីតាមរយៈ ការផ្តល់ឲ្យឯកត្តបុគ្គលនូវមធ្យោបាយបន្ថែមក្នុងការដោះស្រាយត្រឹម ត្រូវតាមផ្លូវច្បាប់ចំពោះការរំលោភសិទ្ធិរបស់ខ្លួនក្នុងជីវិតរស់ នៅ។
រដ្ឋាភិបាល កម្ពុជាទទួលបានការអបអរសាទរចំពោះភាពជឿនលឿននេះ។ យើងសង្ឃឹមថាកម្ពុជានឹងកសាងបន្ថែមពីលើចំណុចចាប់ផ្តើមនេះហើយ ផ្តល់សច្ចាប័នលើយន្តការដោះស្រាយបណ្តឹងទាំងឡាយក្រោមសន្ធិសញ្ញា សិទ្ធិមនុស្សឯទៀត ។យន្តការបណ្តឹងជាបុគ្គលផ្សេងទៀតបើកសម្រាប់ប្រទេសកម្ពុជាទទួលយក មានជាអាទិនៅក្រោមអនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌និងអនុសញ្ញាប្រឆាំងទារុណកម្មនិងការប្រព្រឹត្តមកលើ ខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាប។យន្តការដូច នេះក៏មានផងដែរក្រោមអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិ កម្មករទេសន្តប្រវេសន៍ និងសមាជិកគ្រួសារទាំងអស់របស់ពួកគេនិងអនុសញ្ញាស្តីពីសិទ្ធិជន ពិការហើយកម្ពុជា អាចទទួលយកនៅពេលដែលកម្ពុជា បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាទាំងនេះរួច ៕
ឡាយោ