Monday, January 24, 2011

កងទ័ពថៃ​គំរាម​​រុះរើ​ផ្ទាំង​ថ្ម​ចារឹក​ទល់មុខ​វត្ត​​កែវ​សិក្ខា​គិរីស្វារៈ​ ខណៈ​ទាហាន​កម្ពុជា​ប្រកាស​ថា មិនអនុញ្ញាត​​ដាច់ខាត



តាមប្រភពព័ត៌​មាន​​ពីកាសែត​​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​​២៤ មករា ផ្សាយ​​ថា កងទ័ពថៃគំរាម​​​ថា ខ្លួន​នឹង​ចូល​​​រុះរើ​​ផ្ទាំង​ថ្ម​​ចារឹក​នៅ​ទល់​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​​​ចេញ​ដោយខ្លួន​ឯង ប្រសិនបើ​​អាជ្ញាធរ​កម្ពុជា​នៅតែ​​មិនព្រម​​រុះរើ​​ចោល ។ ផ្ទាំង​ថ្ម​​ចារឹក​នោះ​មាន​​សរសេរ​​ជាអក្សរ​ខ្មែរ​ថា «​កង​ទ័ព​​​ថៃ​ឈ្លាន​​​ពាន​កម្ពុជា​» ដោយ​មាន​​ថ្ងៃ​ ខែ​ ឆ្នាំ កំណត់​កាល​បរិច្ឆេទ​​ច្បាស់លាស់ ត្រូវ​បាន​បង្កើត​ឡើង​នៅបរិ​វេណ​​ទល់មុខ​វត្តកែវសិក្ខាគិរីស្វារៈ ដែលបង្ហាញ​​ពី​​ការឈ្លានពាន​​​របស់​​កង​ទ័ព​​ថៃ​​​មកលើ​កម្ពុជាថ្ងៃទី​​​១៥ កក្កដា ២០០៨ ។​
​កាសែត​បាង​កកប៉ុស្តិ៍​​បានផ្សាយ​​ឱ្យ​​ដឹង​ថា មេ​បញ្ជា​ការ​​ភូមិ​ភាគ​២ថៃ ​លោក​​ថាវ៉ាត់​ឆៃ សាមុត សាខន បានស្នើ​ដល់​កងទ័ព​កម្ពុជា​​ដែល​​ឈរ​ជើង​​នៅ​តំបន់​វត្ត​កែវ​សិក្ខាគិរីស្វារៈ​​​ឱ្យ​រុះរើ​ចេញ​​​វិញ​នូវ​​​​ផ្ទាំង​ថ្មចារឹក​នោះ ។ ចំណែក​នាយករដ្ឋ​មន្ត្រី​​​​ថៃ​លោក​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​ក៏​បាន​ថ្លែងផងដែរ​​​ថា រូប​លោកនឹង​ទុក​ករណី​​រុះរើ​​ផ្ទាំង​​ថ្ម​ចារឹក​​​នោះ ទៅ​ឱ្យ​កងទ័ព​ថៃ​​ជាអ្នក​ដោះ​ស្រាយ ។
សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​មិន​ទាន់​មានប្រតិ​កម្ម​​បែបណានៅឡើយ​ទេ ចំពោះ​​ការប៉ុនប៉ង​រុះរើ​​ផ្ទាំងថ្ម​ចារឹក​​អំពី​ការ​ចូលឈ្លាន​ពាន​លើសំណាក់​កង​ទ័ព​ថៃ មកលើ​ទឹកដី​កម្ពុជា​...​ប៉ុន្តែ​មជ្ឈ​ដ្ឋានជាតិ​-អន្តរជាតិ បានយល់​ឃើញ​ថា ប្រសិនបើ​​ថៃ​ចង់​ធ្វើអ្វី​​ដោយ​ឯក​ចិត្ត​​នៅក្នុងទឹកដី​​កម្ពុជានោះ ​គឺមិន​អាចទៅរួច​ទេ ព្រោះ​​ប្រទេស​កម្ពុជា មានអធិបតេយ្យ​ភាព​ បូរណ​ភាព​​ទឹកដីពេញលេញ ម៉ឺងម៉ាត់ មិនអាច​ប្រទេស​ណា​​រំលោភ​​បំពាន​បានទេ​...​ហើយ​បើ​​ថៃ​នៅ​តែ​រឹង​ទទឹង​ចង់​​ចូលមក​រុះរើ​​​តាម​រូបភាព​បែប​ណា​មួយនោះ គឺជា​ការរំលោភ​​បំពាន​​ដោយខុស​ច្បាប់​​​ មិនតែប៉ុណ្ណោះ​​នឹង​កើត​មាន​​គ្រោះថ្នាក់​​ដល់​ខ្លួន​​ឯង​ទៀត​ផង ព្រោះ​កម្ពុជា​នឹងប្រើសិទ្ធិ​​ស្វ័យ​ការពារ​...​ទោះ​ជាយ៉ាង​ណា​​ ថៃ​​ប្រហែលជា​មិន​ល្ងង់​​នោះ​ទេ។​
ចំណែកឯ​ទាហាន​កម្ពុជា​​វិញ​កំពុងតែ​​ស្ថិត​ក្នុង​លក្ខណៈ​​ប្រុងជើងការ​ខ្ពស់ ​បន្ទាប់ពីទាហាន​​សៀម​​បាន​​​គំរាម​​​ប្រើ​កំលាំង​ទ័ព​ចូល​​មក​​ដក​ស្លាក​របស់​កម្ពុជា​​ដែលសរសេរ​ថា «ទាហាន​ថៃ​ឈ្លាន​ពាន​កម្ពុជា» ដែល​កម្ពុជា​​បានសរសេរ​នៅលើ​ផ្ទាំង​សិលាចារឹក​​ទុកនៅ​មុខ​វត្តកែវ​សិក្ខាគិរីស្វារៈ ។ ការគំរាម​​របស់ទាហាន​​សៀម​នៅ​​ថ្ងៃ​ចន្ទ ទិ​២៤ មករា ធ្វើឡើង​​បន្ទាប់ពី​​នាយករដ្ឋ​មន្ត្រី​​​ថៃ លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កាលពីថ្ងៃអាទិត្យ​​​ ម្សិល​មិញ ​បានបញ្ជា​​ឱ្យ​​ប្រមុខ​​យោធា​ថៃ ​ទាក់​ទង​ទៅ​កង​ទ័ព​កម្ពុជា ​ដែលឈរ​ជើងនៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​នៅវត្ត​កែវ​សិក្ខា​គិរី​​ស្វារៈ​​ឱ្យរុះរើ​​ចេញ​វិញ​នូវ​​ថ្ម​ចារឹក​នោះ ។ លោកអាប់​ភី​ស៊ីត បានលើកឡើង​​​ដូច្នេះ​ក្នុងអំឡុងពេល​លោក​អញ្ជើញ​​ចូលរួមក្នុង​​កម្មវិធី​​ចាក់​ផ្សាយ​​តាម​ទូរទស្សន៍ NBT ប្រចាំ​សប្តាហ៍​​​របស់​លោក​ ដែល​កម្មវិធី​នោះ​មានឈ្មោះ​ថា ​​«​ការ​ជឿទុកចិត្ត​នៅប្រទេសថៃ​​ជាមួយ​នាយករដ្ឋ​មន្ត្រី​​អាប់ភី​ស៊ីត»។
​លោកនាយឧត្តមសេនីយ៍​​​គន់ គីម និង​លោក​​ជា តារា អគ្គមេបញ្ជា​ការ​​រង​កង​យោធ​ពល​​ខេម​រ​ភូមិន្ទ​​​ដែលប្រចាំ​ការ​​នៅលើកំពូល​​ប្រាសាទ​​​​ព្រះ​វិហារ​​បានមានប្រសាសន៍​​ថា ទាហាន​កម្ពុជា​មិន​អនុញ្ញាត​​​ឱ្យទាហានថៃ​​ចូលមក​​ដក​​ ឬ​រុះរើ​ស្លាក​ថ្ម​ចារឹក​ស្តី ពី​ការចូលឈ្លានពាន​​របស់​ទាហានថៃ​​មកលើ​កម្ពុជានោះទេ ព្រោះស្លាក​នេះ​ស្ថិត​ក្នុង​ទឹក​ដី​​​កម្ពុជា ៕
ដោយ ៖ កោះឯករាជ្យ