Monday, January 24, 2011

ទស្សនៈ ៖ ចង់បាននីតិរដ្ឋត្រូវមានច្បាប់ NGOs

បើនិយាយពី NGOs នៅស្រុកខ្មែរមានរាប់ពាន់ខ្លះក៏ដំណើរការ រីឯខ្លះទៀតមានតែឈ្មោះសឹង តែរកទីស្នាក់ការ​ទំនាក់ទំនងគ្មាន។

សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលមានដំណើរការមានមិនច្រើន ទេគឺមានប្រមាណជាងមួយរយសមាគមអង្គការប៉ុណ្ណោះ ក្នុងចំណោមសមាគមអង្គការក្នុងស្រុកជាងពីរពាន់ដែលបានចុះបញ្ជីជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ឬ ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ពួកគេទាំងនេះបានចូលរួមចំនែកអភិវឌ្ឍន៍ប្រទេសឡើងវិញក្នុងវិស័យផ្សេងៗពីគ្នាជាអាទិ៍វិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ឥណទានច្បាប់ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។ គេអាចបែងចែកពួកគេជាក្រុមទៅតាម វិស័យការងារដែលសមាគមអង្គការក្នុងស្រុកបម្រើសេវានៅក្នុងសង្គម។

សមាគមអង្គការក្នុងស្រុកដែលបម្រើសេវាផ្នែកអប់រំសុខាភិបាល កសិកម្ម ឧស្សាហកម្ម និង ឥណទាន គឺជាក្រុមធំមួយដែលបានជួយសម្រាលបន្ទុកជាច្រើនរបស់រាជរដ្ឋ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។ ដោយឡែកក្រុមសមាគមអង្គការដែលបម្រើសេវាផ្នែកច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាក្រុមតូចមួយ បើប្រៀបធៀបនឹងចំនួនសមាគមអង្គការក្នុងស្រុកដែលបានចុះបញ្ជី។  ក្រុមនេះមានគ្នាតិចប៉ុន្ដែចេះប្រើល្បិចផ្លាស់ប្ដូររូបភាព ក្នុងសង្គមពេលខ្លះគេធ្វើសកម្មភាពតែម្នាក់ឯងដោយ​ឯករាជ្យ ប៉ុន្ដែពេលខ្លះទៀតគេប្រមូលចងក្រងគ្នាជាក្រុមជាសម្ព័ន្ធភាព ជាក្រុមការងារគណៈកម្មាធិការ ឬក្រុម​ចម្រុះ​ផ្សេងៗ​ដើម្បីបំភ័នភ្នែកសាធារណៈជនដែលមើលទៅហាក់បីដូចជាមាន គ្នាច្រើនប៉ុន្ដែបើ​យើងពិនិត្យ​ឱ្យហ្មត់ចត់ទៅពួកគេមានគ្នាមិនលើសពី ៣០សមាគមអង្គការឡើយ ដែលដើរតួធ្វើជាសមាជិក បំពេញឱ្យគ្នា​ទៅវិញទៅមកក្នុងសម្ព័ន្ឋភាពក្រុមការងារ ឬគណៈកម្មការផ្សេងៗ ជាពិសេសពួកគេភាគច្រើន​អួតអាងពីការ​គ្រប់់គ្រង​បានល្អតាមបែបប្រជាធិបតេយ្យតម្លាភាព ឬគណនេយ្យ និងមានរចនា​សម្ព័ន្ឋគ្រប់គ្រងអង្គភាពបាន​គ្រប់គ្រាន់​ជាអាទិ៍ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងជាដើម ប៉ុន្ដែបើពិនិត្យឱ្យច្បាស់ទៅ គឺពួកគេមានគ្នាតែ​មួយ​ដំប​ស្វា តែប៉ុណ្ណោះគឺប្រធានអង្គការមួយទៅធ្វើជាក្រុមប្រឹក្សាភិបាលឱ្យអង្គការមួយទៀត ហើយច្រាស់មក​វិញមានន័យថាគឺ ពួកគេដើរតួនាទីជាអ្នកប្រតិបត្ដិផងនិង ជាក្រុមប្រឹក្សាភិបាលផង​ដែលបំពេញ​ផល​ប្រយោជន៏ឱ្យគ្នាទៅវិញទៅមក។ រីឯអង្គការសមាគមខ្លះបានជ្រើសរើសក្រុមប្រឹក្សា​ភិបាលសុទ្ធ​តែបរទេស​មានមុខមាត់​និងឋានៈ ប៉ុន្ដែពួកគេមិនដែលបាន ប្រជុំក្រុមប្រឹក្សាភិបាលម្ដងសោះព្រោះ​តែក្រុមប្រឹក្សាភិបាល​មានតែឈ្មោះដាក់ក្នុងរចនាសម្ព័ន្ធអង្គការឱ្យតែល្អមើលគ្មានដំណើរការ។ រឹតតែអាក្រក់ខឹងនេះ​ទៀតសមាគម​អង្គការក្នុងស្រុកខ្លះបានទទួលយកបុគ្គលិកដែលធ្វើការក្នុងអង្គការម្ចាស់ ជំនួយរបស់ខ្លួនឱ្យ​ធ្វើជាក្រុមប្រឹក្សា​ភិបាល ដែលធ្វើឱ្យស្ថាប័នប្រតិបត្ដិមានការច្របូកច្របល់គ្មានឯករាជ្យក្នុងការបំពេញការងារ។ ម្យ៉ាងទៀតក៏នៅ​មានប្រភេទក្រុមប្រឹក្សាភិបាលមួយបែបទៀតដែលហួសដឺឡេ (expired) មានន័យថា ពួកគេមុខក្រាស់​បើទោះ​បីជាលក្ខន្ដិកៈ សមាគមអង្គការមានចែងអំពីអាណត្ដិការងាររបស់ក្រុមប្រឹក្សាភិបាល ២ ឬ ៣ ឆ្នាំ ក៏ដោយក៏ពួក​គេ​ធ្វើមិនដឹងមិនឮមិនព្រមលាឈប់ពីក្រុមប្រឹក្សាភិបាលឡើយ គឺពួកគេស្រឡាញ់មុខមាត់ឈរឈ្មោះដំណែង ជាក្រុមប្រឹក្សាភិបាលឱ្យអង្គការសង្គម ប៉ុន្ដែបែរជាបានចូលដៃចូលជើងរួមចំនែកធ្វើឱ្យសមាគមអង្គការទាំងនោះចុះ ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែក្រុមប្រឹក្សាភិបាលមិនដំណើរការឬក្រុមប្រឹក្សាភិបាលដែលគ្មានគំនិតស្ថាបនា បង្កើតឡើងដើម្បីតែគាំទ្រនាយកប្រតិបត្ដិដើម្បីអោយខ្លួននិងបក្ខពួកខ្លួនកាន់ដំណែងទទួលបានប្រាក់ខែបានយូរឆ្នាំប៉ុណ្ណោះ។

       រួមសេចក្ដីមកសមាគមអង្គការក្នុងស្រុកនៅកម្ពុជាមិនទាន់មានភាពរឹងមាំក្នុងការបំពេញការងារទេ ទាំង​ការ​​គ្រប់គ្រងផ្ទៃក្នុង និងការប្រតិបត្ដិការគម្រោងនានាដែលទាមទារឱ្យមានស្ថាប័ននិងលិខិតបទដ្ឋានគតិយុត្ដិ​ច្បាស់លាស់ ដើម្បីគ្រប់គ្រងអំពីដំណើរការពួកគេនៅក្នុងសង្គមចៀសវាងនូវទំនាស់ផ្សេងៗជាយថា ហេតុដែល​ធ្វើឱ្យបាត់បង់ផលប្រយោជន៍ ចំពោះប្រជាពលរដ្ឋដែលជាអ្នកទទួលផល។ ការបង្កើតឱ្យមានច្បាប់ដើម្បី​គ្រប់​គ្រង​សមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកគឺកាលានុវត្ដថ្មីមួយដែលធ្វើឱ្យអង្គការសង្គមនានា ដែលប្រតិ​បត្ដិការនៅក្នុងប្រទេសកម្ពុជាកាន់តែមានការទទួលខុសត្រូវសាធារណៈច្រើនជាងមុន។ លុបបំបាត់ចោល​នូវ​ភាពអសកម្មនានាដែលពួកគេកំពុងជួបប្រទះ និងធ្វើឱ្យពួកគេកាន់តែមានភាពស្រប​ច្បាប់ក្នុងការបំពេញ​ការងារក្នុងសង្គម។

       ម្យ៉ាងទៀតការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក គឺជាការគោរព​អនុវត្ដ ទៅតាមស្មារតីមាត្រា៤២នៃរដ្ឋធម្មនុញដែលជាមាគ៌ាដ៏ត្រឹមត្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋា​ភិបាល​កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ​នៅ​លើផ្លូវឆ្ពោះទៅកាន់នីតិរដ្ឋពិតប្រាកដ។
មេត្ដា