Thursday, January 13, 2011

ពលរដ្ឋ​ខ្មែរ ​៧​នាក់ ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​អធឹកអធម

បន្ទាយមានជ័យ: ​ពលរដ្ឋ​ខ្មែរ ​៧​នាក់ ​ដែល​អាជ្ញាធរ​ថៃ​សម្រេច​ដោះលែង​នៅ​ថ្ងៃនេះ​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាងអធឹកអធម​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ដោ​យ​មាន​ទាំង​បាច់ផ្កា​សម្រាប់​ជូន​ទៀតផង ​។ ការទទួល បដិសណ្ឋារកិច្ច​នេះ​បាន​ទទួល​ការណែនាំ​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ដែល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័​យមាន​អភិបាលខេត្ត​ផង​ទៅ​ទទួល​ដល់​ព្រំដែន ប៉ោយប៉ែ​ត​តែម្តង ​។​

​អាជ្ញាធរ​ថៃ​បានសម្រេច​ដោះលែង​ជនជាតិខ្មែរ ​៧​នាក់ ​ដែល​ខ្លួន​ចាប់​នោះ​ឲ្យ​វិលត្រឡប់​មក​ប្រទេស​វិញ​នៅ​ល្ងាច ​ថ្ងៃ​ទី​១៣ ​មករា​នេះ ​។ ការដោះលែង​នេះ​ក្រោម​ហេតុផល​ថា​ពួកគេ​គ្មាន​កំហុស​ធ្ងន់ធ្ងរ​ឡើយ​ពោល​គឺ​គ្រាន់តែ​បណ្ណ័​ចេញចូល​របស់​ពួកគេ​ហួស​សុពលភាព​តែប៉ុណ្ណោះ​ ។ ពួកគេ​ត្រូវបាន​បញ្ជូន​មកដល់​ព្រំដែន​នៅ​ម៉ោង ​៦និង១២នាទី​ល្ងាច​នេះ ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ អាជ្ញាធរ​ខេត្ត​ស្រះកែវ​បាន​អះអាង​ប្រាប់​ភាគី​កម្ពុជា​ថា​ពី​នេះ​ទៅ​ដល់​ថ្ងៃទី​២៤ ​មករា ​ដែល​ជា​ថ្ងៃ​កំណត់​បើក​សវនាការ​របស់​តុលាការ គេ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ​។ ប៉ុន្តែថ្ងៃនេះ ពួកគេ​បាន​ប្តូរ​ចិត្ត​វិញ​ដោយ​សុខចិត្ត​ដោះលែង​ជនជាតិ​ខ្មែរ​ទាំង​ ៧​នាក់ ​ឲ្យមក​ស្រុក​វិញជាមួយនឹង​ការបង់ប្រាក់​លោះ​ខ្លួន​ចំនួន​ជាង​មួយ​ពាន់​បាត ​។​

​ពលរដ្ឋ​ខ្មែរ​ទាំង ​៧ ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០​ មករា​ដោយសារតែ​បណ្ណ័​ចេញ​ចូល​ដី​ថៃ​របស់​ពួកគេ​អស់​សុពលភាព ​។ ពលរដ្ឋ​ទាំង​នោះ​តែង​ចេញ​ចូល​ទៅ​រកស៊ី​នៅលើ​ទឹកដី​ថៃ​ជាពិសេសក្នុង​ផ្សារ​រុងក្លឿ​ជិត​ទល់ដែន​ខ្មែរ ​៕