Thursday, January 13, 2011

ក្រុម​អាវ​លឿង​ដែល​ប៉ុនប៉ង​សម្រុក​មក​ព្រំដែន​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ថៃ

បន្ទាយមានជ័យ: ​ប្រភព​ពី​ជាយ​ដែន​ឲ្យដឹងថា​ក្រុម​អាវ​លឿង​ថៃ​មួយក្រុម​ដែល​គេ​ប្រកាស​ថា​មាន​គ្នា​៥០០​នាក់​កំពុង​ព្យាយាម​បុក​មក​ព្រំដែន​ខ្មែរ​ជា​ពិសេស​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​២៦​
ត្រង់​កន្លែង​ដែល​អាជ្ញាធរ​ខ្មែរ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ឆ្នាំ​២០១០ និង​បង្គោល​លេខ​៣៤​ជិត​ច្រក​បឹង​ត្រកួន​។​

​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​នាក់​​នោះ​វិញ​។ ក្រុម​អាវ​លឿង​នេះ បាន​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​ស្រះកែវ​ មក​កាន់​ស្រុក​អារញ្ញ​ប្រាថេត​ ប៉ុន្តែ ពួក​ជ្រុលនិយម​ទាំងនោះ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ ​ដែនដី​របស់​ថៃ​ជា​ច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​រុល​មក​ព្រំដែន​បានទេ​។​

​មាន​ការឆែកឆេរ​ជាច្រើន​ដំណាក់​នៅតាម​ផ្លូវ​មកកាន់​ព្រំដែន​ខ្មែរ​ហើយ​ចំណុច​ឆែកឆេរ​ធំ​ចុងក្រោយ​​គឺ​នៅ​ចន្លោះ​ស្រុក​អា​រញ្ញា​និង​ច្រក​ខ្លង​លឹក​។ ប្រភព​ព័ត៌មាន​ឲ្យដឹងថា រាល់​ការធ្វើ​ដំណើរ​ដែល​មាន​លក្ខណៈ​ជា​ក្រុម​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​ថៃ​ពីព្រោះ​ពួកគេ ​បារម្ភ​ខ្លាចក្រែង​ពួក​អាវ​លឿង​បន្លំ​ខ្លួន​ចូល​មក​ព្រំដែន​ជាពិសេស​ចូលមក​ផ្សារ​រុងក្លឿ ​ដែល​ជា​ផ្សារ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​ដោយ អ្នក​ស្និទ្ធ​ជាមួយនឹង​អតីត​នាយក រដ្ឋមន្ត្រី​ថាក់ស៊ីន​៕

ដោយ : សុផុន