Tuesday, February 15, 2011

ប្រមុខ​ការទូត​កម្ពុជា លើកឡើង​ពី​សង្គ្រាម​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ចំពោះមុខ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​

ភ្នំពេញ: ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ឡើង​ថ្លែងការណ៍​នៅ​ចំពោះមុខ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ កិច្ចប្រជុំដោយបិទទ្វារនោះ បានធ្វើឡើង កាលពី​ម៉ោង ១០ ព្រឹក ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក ត្រូវ​នឹង​ម៉ោង ១០ យប់ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​    ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស បានបង្ហាញ​ថា ជា​ដំបូង​លោក​ប្រមុខ​ការទូត ហោ ណាំហុង បានលើកឡើង​ពី​សង្គ្រាម​ឈ្លានពាន​ប្រឆាំង​កម្ពុជា ប្រព្រឹត្ត​ដោយ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៤, ៥, ៦ និង​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១​។ ការវាយប្រហារ ដែល​ជា​សង្គ្រាម​ឈ្លានពាន​នោះ ថៃ​បាន​បាញ់​លើ​កម្ពុជា​ជាច្រើន​កន្លែង រួមមាន​៖ ប្រាសាទ​ព្រះវិហារ​, វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​, តំបន់​ឃ្មុំ ដែល​មាន​ចម្ងាយ​ប្រមាណ ៥០០ ម៉ែត្រ​ពី​ប្រាសាទ​, តំបន់​វាល​ឥ​ន្ទ្រី និង​ភ្នំ​ទ្រព្យ ដែល​មាន​ចម្ងាយ​ប្រមាណ ១.១២០ ម៉ែត្រ និង ១៦.០០០ ម៉ែត្រ ពី​ព្រំដែន រួម​ទាំង​នៅ​តំបន់​តា​សឹម និង​កន្លែង​ដទៃទៀត នៅ​បរិវេណ​ប្រាសាទ​ព្រះវិហារ​។​
​    ​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​លើកឡើង​ថា ក្នុងពេល​វាយប្រហារ​លើ​កម្ពុជា​នោះ ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់ រួមមាន​៖ គ្រាប់មីន​ចង្ក្រោ​ម និង​កាំភ្លើង​ធំ ប្រភេទ ១០៥, ១២០, ១៣០ និង ១៥៥ ម​.​ម​. ដោយ​បាន​បាញ់​ផ្លោង​ចូល​ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ​ប្រមាណ ២០ គ​.​ម​.​។​
​    ​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់​ចំពោះមុខ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ថា ការវាយប្រហារ​របស់​ថៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤​កុម្ភៈ ឆ្នាំ​២០១១ បាន​បណ្តាលឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​លើ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ និង​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ជាមួយគ្នា​នោះ ក៏​បាន​បណ្តាល​ឲ្យ​កងទ័ព​កម្ពុ​ជា និង​ប្រជាជន​ស៊ីវិល​ចំនួន ៦ នាក់ បាន​ពលី និង​ស្លាប់ ព្រមទាំង​រងរបួស​ចំនួន ៧១ នាក់​ផ្សេង​ទៀត​។ ក្នុង​ចំណោម​អ្នក​របួស និង​ស្លាប់​ទាំងនោះ ក៏​មាន​មនុស្ស ២ នាក់ បាន​ស្លាប់ និង​របួស ៨ នាក់​ផ្សេង​ទៀត ដោយសារ​តែ​គ្រាប់មីន​ចង្កោម របស់​កងទ័ព​ថៃ​។ ការប្រើ​គ្រាប់មីន​ចង្កោម ដែល​ត្រូវបាន​ពិភពលោក ហាមឃាត់​។​
​    ​ក្រៅ​តែ​លើកឡើង​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​ថៃ និង​រថក្រោះ តាម​បណ្តោយ​ព្រំដែន ដើម្បី​ជា​ការគំរាមកំហែង​ដល់​កម្ពុជា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​រម្លឹក​ពី​ឫ​សគល់ ដែល​នាំ​ដល់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​លើ​កម្ពុជា​នា​ពេល​នេះ​។ ហេតុផល​ទាំងនោះ រួមមាន​៖ ថៃ​រំលោភ​លើ​សន្ធិសញ្ញា​ព្រំដែន​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ពិសេស​ថៃ​បាន​រំលោភ​លើ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ ) ឆ្នាំ​១៩៦២​។ នោះ​គឺ​សេចក្តីសម្រេច ដែល​បាន​ដាក់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត​ក្នុង​អធិបតេយ្យ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ផ្អែក​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ គូស​ដោយ​បារាំង​-​សៀម​។ 
​    ​លោក ហោ ណាំហុង បាន​គូសបញ្ជាក់ថា ចាប់តាំងពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​សាលក្រម កាលពី​ឆ្នាំ​១៩៦២ ប្រទេស​ថៃ​បាន​ទទួលយក ហើយ​បាន​ដក​កងទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ​។ ក៏​ប៉ុន្តែ​ប្រទេស​ថៃ បានចាប់ផ្តើម​ទាមទារ​ទឹកដី ដែល​គេ​ហៅថា តំបន់ ៤,៦ គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ នៅពេល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ពិភាក្សា និង​ទទួល​ចុះ​ឈ្មោះ​ប្រាសាទព្រះវិហារ ចូលទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​២០០៨​។ ការទាមទារ​របស់​ថៃ ដោយ​ផ្អែក​លើ​ផែនទី ដែល​គូស​ជា​ឯកតោភាគី​របស់​ថៃ និង​ដោយ​គ្មាន​តម្លៃ​ផ្លូវ​ច្បាប់​ឡើយ​។​
​    ​ជាមួយ​នឹង​ការលើកឡើង​ខាងលើ លោក​ប្រមុខ​ការទូត ហោ ណាំហុង ក៏​បាន​លើក​បង្ហាញ​ពី​ការ​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ ៣ លើក ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨, ថ្ងៃទី​១៥​តុលា ឆ្នាំ​២០០៨ និង​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០០៩ ក្នុង​ទឹកដី​កម្ពុជា នៅ​តំបន់​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ វាល​ឥន្ទ្រី​យ៍ ភ្នំ​ទ្រព្យ និង​តា​សឹម ព្រមទាំង​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។ រាល់​ការឈ្លានពាន​របស់​ថៃ​ទាំង​នោះ បាន​រំលោភ​លើ​មនុស្សជាតិ ដោយ​បាន​ធ្វើឲ្យ​ខូចខា​តដល់​សម្បត្តិ​បេតិកភណ្ឌ ពិសេស​ខូចខាត​ដល់​ប្រាសាទ​ព្រះវិហារ​។​
​    ​ជាមួយ​នឹង​ការលើកឡើង​ខាងលើ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ ដាក់​សំពាធ​ជាបន្ទាន់​លើ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ថៃ​បញ្ឈប់​ការឈ្លានពាន​លើ​កម្ពុជា​។ ការឈ្លានពាន​របស់​ថៃ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថេរភាព​ក្នុង​តំបន់​។​
​    ​មួយវិញទៀត ក្នុង​កំឡុង​ពេល​រក​ដំណោះស្រាយ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ លោក ហោ ណាំហុង បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា យល់ឃើញថា វា​ជា​ការចាំបាច់ ដែល​ត្រូវតែមាន​ក្រុម​អ្នកសង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ ឬក៏​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ ហើយ​យ៉ាងហោចណាស់ ក៏​ត្រូវ​មាន​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការសហប្រជាជាតិ ចុះ​មក​កាន់​តំបន់​ជម្លោះ​ព្រំដែន ដើម្បី​ធានា​ថា នៅ​តំបន់​ព្រះវិហារ មិន​មាន​កងកម្លាំងប្រដាប់អាវុធ​តទៅទៀត​។​
​    ​ទោះជា​យ៉ាងណា​ក៏ដោយ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់​បន្ថែមថា កម្ពុជា​ប្រកាន់​នូវ​ជំហរ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី តាមរយៈ​យន្តការ​តំបន់ ដូចជា សមាគម​អាស៊ាន ព្រោះ​កម្ពុជា និង​ថៃ ជា​សមាជិក​អាស៊ាន​។ ប៉ុន្តែ​ក្នុង​ករណី​គ្មាន​ដំណោះស្រាយ​នៅ​អាស៊ាន​ទេ កម្ពុជា​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ ធ្វើ​អន្តរាគមន៍ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ទៅតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​
​    ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ គួរតែ​បញ្ជូន​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ប្តឹង​បក​ឲ្យ​ស្រាយ​សាលក្រម ឆ្នាំ​១៩៦២​។ 
​    ​នៅ​ចុងបញ្ចប់ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លើ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ នាពេលនេះ បាន​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន និង​ជួយ​ដោះ​ទុក្ខវេទនា មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ថៃ​ផងដែរ​៕​

ដោយ : លីហូវ