Monday, February 14, 2011

បទ​អត្ថា​ធិប្បាយ​​: ហេតុ​អ្វី​បានជា​ថៃ​ចង់​ប្រើ​យន្តការ​ទ្វេភាគី?



ហេតុ​អ្វី​បានជា​ថៃ​ចង់​ប្រើ​យន្តការ​ទ្វេភាគី?

          នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់ភី​ស៊ីត​ វ៉េចាជី​វ៉ាក់​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ៣១ មករា​ ឆ្នាំ​ ២០១១ ថា​ រដ្ឋាភិបាល​ថៃ​ នៅ​តែ​ទទូចចង់​បន្ត​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ដោយ​សន្តិ​វិធី​ជាមួយ​កម្ពុជា​ រី​ឯសង្គ្រាម គឺ​ជាជម្រើស​ចុង​ក្រោយ​( អត្ថបទ​ Bangkok Post  ចុះ​ថ្ងៃ​ទី​ ៣១ មករា​ ឆ្នាំ​២០១១ ម៉ោង​ ៥:៤៣ ល្ងាច​។​
          នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​គំ​រាម​ឲ្យ​កម្ពុជាដក​បង្គោល​សិ​លា​ចារឹក ​​​ដក​ទង់​ជាតិ​កម្ពុជាចេញ​ពី​វត្ត​កែ​វ​សិក្ខាគី​រី​ស្វារៈ​ និង​បណ្តាញ​​ប្រជាជន​កម្ពុជា ចេញ​ពី​តំ​បន់​ដី​៤.៦​ គី​ឡូ​ម៉ែត្រ​ក្រឡា​ ( Bangkok Post  ចុះ​ថ្ងៃ​ទី​២៤ ‑ ២៥ ខែ​ មករា ឆ្នាំ​២០១១ )។
          នាយក​រដ្ឋម​ន្ត្រី​ថៃ អាប់​ភី​ស៊ីត​​ បាន​បើក​ភ្លើង​បៃ​តង​ឲ្យ​កង​ទ័ព​ថៃ​ ធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​បណ្តាយ​ព្រំ​ដែន​ក្នុង​ប្រទេស​ថៃ​ខេត្ត​ នៅ​ទល់​មុខនឹង​ប្រាសាទ​ព្រះ​វិហារ​​ ដើម្បី​គំ​​រាម​កម្ពុ​ជា​ និង​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​កសាង​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិ​ហារ( Bangkok Post ចុះ​ថ្ងៃ​ទី​២៦ ខែ​ មករា ឆ្នាំ​២០​១១)។
 ​រដ្ឋមន្ត្រីការបទេស​ថៃ​ កាស៊ីត​ ភិ​រម្យា និង​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិកម្ពុជា ជួប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទិ​ ២‑ ៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ខេត្ត​សៀម​រាប​ ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ និង​ជន​ជាតិ​ថៃ​ពីរនាក់​ ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​រាជ​ធានី​ភ្នំ​ពេញ​ ឲ្យ​ជាប់​ពន្ធ​នាគារ​៨​ឆ្នាំ​ និង​ម្នាក់​ទៀត​ ៦ឆ្នាំ​ ពី​បទ​ចារកម្ម​  ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​ឆ្លង​កាត់​ចូល​ក្នុង​តំ​បន់​ហាម​ឃាត់​របស់​យោ​ធា​។ ឯកឧត្តម ​ហោ​ ណាំ​ហុង​ បាន​ប្រកាសថា កម្ពុជា​ មិន​រុះ​រើ​វត្ត​កែវ​សិក្ខាគី​រី​ស្វារៈ និង​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញ​ពី​វត្ត​តាម​សំ​ណូម​ពរ​របស់​ភាគី​ថៃ​ទេ​ ពី​ព្រោះ​វត្ត​នេះ ស្ថិត នៅ​ក្នុង​បូរណភាព​ និង​អធិ​បតេយ្យ​ភាព​ដែន​ដី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ដែល​បាន​កសាង​ឡើង​ដោយ​ប្រជា ជន កម្ពុជា​ កាល​ពី​ឆ្នាំ​ ១៩៩៨  មុន​អនុស្សារណៈយោគ​យល់​គ្នា​​ឆ្នាំ​២០០០ (យោង​សាល​ដីកា តុលាការ​ យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡា​អេ​ ចុះ​ថ្ងៃ​ទី​១៥ មិថុនា​​ ឆ្នាំ​ ១៩៦២​​) ។ នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់​ភី​ស៊ីត​ បាន​ឲ្យ​រដ្ឋមន្ត្រី​កាបរទេស​ថៃ តវ៉ា​ពី​អ្វី​ដែល​កម្ពុជាមិន​ព្រម​ដក​ចេញ​ពី​តំ​បន់​ជម្លោះ​នោះ ( The Nation ថ្ងៃ​ទី​ ៣១ ខែ​មករា​ ឆ្នាំ ២០១១​)។
នៅ​ថ្ងៃ​ទី​ ៤‑៥‑៦ និង​ទិ​៧ ខែកុម្ភៈ ឆ្នាំ ២០១១ កង​ទ័ព​ថៃ​បាន​បើក​ការ​វាយលុក​ចូល​ក្នុង​តំ​បន់​ដី​៤.៦ គី​ឡូ​ម៉ែត្រ​ក្រឡា​ ដែល​ស្ថិត​នៅ​បូ​រណភាព​ និងអធិ​បតេយ្យ​ដែន​ដី​របស់​កម្ពុជា ដែល​បញ្ហា​នេះ​កើត​ឡើង​​ដោយ​​​ថៃ​​​​​​បាន​បញ្ជូន​គ្រឿង​ចក្រ​ធ្វើ​ផ្លូវ​ អម​ដោយ​រថក្រោះ​ យន្ត​ហោះ​ចម្បាំង​យក​ការណ៍​ បាញ់​កាំ​ភ្លើង​ផ្លោង​ធុន​ធ្ងន់​គ្រប់​​​​​​​ប្រភេទ​ មាន​បេ៤០ ដេកា៧៥, ៨០ មី​ល្លី​ម៉ែត្រ​ ,៨១ . ១០៥. ១២០. ១៣០. និង១៥៥​មី​ល្លី​ម៉ែត្រ​ បាញ់​ផ្លោង​​​​គ្រាប់​បែក​ចង្កោម​  អាវុធ​គី​មី​ពុល​របស់​ទាហាន​ថៃ​ជា​ច្រើន​គ្រាប់​។ នេះ​ សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ថៃ​ប៉ុន​ប៉ង​កាន់​កាប់​ រំ​លោភ​ដី​ទំ​ហំ​ ៤.៦ គី​ឡូ​ម៉ែត្រ​ក្រឡា​ តាម​រយៈការ​លួច​គូស​ផែន​ទី​ចោរ មិន​មាន​បរទេស​ណាទទួល​ស្គាល់ ហើយ​បាន​យក​ផែន​ទី​ចោរនោះ​មក​អនុវត្ត និងបានបាញ់​​បំ​ផ្លាញ​តំ​បន់​រមណី​យដ្ឋាន​ប្រាសាទ​ព្រះ​វិហារ​ បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​កង​ទ័ព​ និង​ជន​ស៊ី​វិល​​កម្ពុជាជាច្រើន​នាក់ ព្រម​ទាំង​បណ្តាល​ឲ្យ​ខូខ​ខាត​តួ​ និង​ផ្លែក​ជាច្រើន​នៃ​បា្រសាទ​ព្រះ​វិហារ​​​ និង​វត្ត​កែវ​សិក្ឋាគី​រី​ស្វារៈ​ ត្រូវ​បាន​បំ​ផ្លិច​បំ​ផ្លាញ​កំ​ទេច​ជាដំ​ណំ។
សាធារណមតិជា​ច្រើន​ បាន​ពី​ពណ៌​នា​ថា នាយក​រដ្ឋមន្ត្រីថៃ​អាប់​ភី​ស៊ីត​ គួ​រណាស់​ស្វែង​រក​ដំ​ណោះ​ស្រាយ​តាម​សន្តិ​វិធី ដោយ​ប្តូរ​ពី​យន្ត​ការ​ទ្វេភាគី​ មក​យក​យន្ត​ការ​សហគមន៍​អន្តរជាតិ​ ពហុភាគី​ ( អាស៊ាន​ អង្គការ​សហប្រជាជាតិ​) ហើយ​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់​ភី​ស៊ីត​ ត្រូវ​អនុវត្ត​និង​គោរព​តាមសេចក្តី​សម្រេច​របស់​តុ​លាការ​យុត្តិ​ធម៌​អន្តរជាតិទី​ក្រុង​ឡាអេ​ ឆ្នាំ​ ១៩៦២​  ក្នុង​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​ កម្ពុជា ទល់​នឹង​ថៃ​ ។ ថៃ​ត្រូវ​គោរព​សន្ធិ​សញ្ញា​ក្រុង​ឡាអេ​ ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​ ១៩៥៤ អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ​ ឆ្នាំ​១៩៧២ ដើម្បី​បញ្ចប់​​ដោយ​សន្តិ​វិធី​នូវ​ការ​រំ​លោភ​ឈ្លាន​ពាន​របស់​ថៃ​លើ​អធិ​បតេយ្យ​ និង​បូរណភាព​ដែន​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​​​​កម្ពុជា។​
នាយក​រដ្ឋមន្ត្រី​ថៃ​អាប់​ភី​ស៊ីត​ ​ មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់​​អន្តរជាតិ សន្ធិ​សញ្ញា​  អនុសញ្ញា​ អន្តរជាតិ និង​មិន​ព្រម​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ទី​ក្រុង​ឡាអេ​នោះ​ទេ ផ្ទុយ​ទៅ​​វិញ​បាន​យក​ការ​ធ្វើ​សង្គ្រាម ដើម្បី​ឈ្លាន​ពាន​មក​លើ​កម្ពុជាយ៉ាង​ព្រៃ​ផ្សៃ​ ដោយ​សំ​អាង​ថា​ ខ្លួន​​ជា​​ប្រទេស​ធំ​មាន​កង​កម្លាំង​ទ័ព​ច្រើន​ ដែល​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​លើ​លើ​ពិ​ភព​លោក​ ប៉ុន្តែ​ទី​បញ្ចាប់​ ថៃ​ត្រូវ​បរាជ័យ​ យ៉ាង អាម៉ាស់ ​​លើ​ឆាក​អន្តរជាតិ​ ដោយ​ការ​ដក​ទ័​ពរបស់​ខ្លួន​ថយ​ជាបន្ត​បន្ទាប់​។
នៅ​ថ្ងៃ​ទី​៦ ខែ​ កុ​ម្ភៈ ឆ្នាំ ២០១១ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ប្តឹង​ទៅ​ក្នុង​បប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​អំ​ពី​ថៃ​ បង្ក​សង្គ្រាមឈ្លាន​ពាន​កម្ពុជា។ សម្តេច​តេជោ បាន​បញ្ជាក់​ថា​ គ្មាន​ការ​ជជែក​គ្នា​ទ្វេភាគី​ទៀត​ទេ  ពី​ព្រោះ​នេះ​គឺ​ជា​កល​ល្បិច​យុទ្ធ​សាស្ត្រ​ឈ្លាន​ពាន​របស់​ថៃ​ មកលើ​កម្ពុជា ដោយ​ថៃ​ប្រើ​យន្ត​ការ​ទ្វេភាគី​ ដើម្បី​បំ​ភាន់​មតិ​អន្តរជាតិ​ ក្នុង​បំ​ណង​រំ​លោភ​ឈ្លាន​ពាន​យក​ដី​៤.៦ គី​ឡូ​ម៉ែត្រ​ក្រឡា​ ស្អី​គេនោះ​ ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់​តុលាការ​ទី​ក្រុង​ឡា​អេ​ ក្នុង​គោល​បំ​ណង​កុំ​ឲ្យ​អន្តរជាតិ​ ជា​ពិ​សេស​កង​កម្លាំង​រក្សាសន្តិ​សុខរបស់​អង្គការ​សហប្រជាជាតិ​ចូល​ជួយ​ការ​ពា​​​រ​​​​​កម្ពុជា​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ឡើយ។
ឯកឧត្តម​បណ្ឌិត​ សភាចារ្យ​ សុខ​​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្តុក​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​ប្តឹង​ទៅ​អង្គការ​យូ​ណេស្កូ​ អំ​ពី​ប្រាសាទ​ព្រះ​វិហារ​ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិ​ភព​លោក​ កំ​ពុង​ប្រឈម​មុខនូវ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ពី​ការ​វាយ​ប្រហារ​ដោយ​ទ្រង់​ទ្រាយ​ធំ​របស់​ភាគី​ថៃ​។
ក្រុម​ប្រឹក្សាសន្តិ​សុខ​ អ.ស.ប សម្រេច​កោះ​ប្រជុំ​នៅទិ​ក្រុង​ញូ​យ៉ក​ ​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បី​ដោះ​ស្រាយ​អំ​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​។
អង្គការ​យូ​ណេស្កូ​ នឹង​បញ្ជូន​បេសកជន​ពិ​សេសរបស់​ខ្លួន​ដើម្បី​មក​ពិ​និត្យ​អំពី​ការ​ខូត​ខាត​នៃ​ប្រាសាទ​ព្រះ​​​​​​​​វិហារ​ ដោយ​ការ​វាយ​ប្រហារ​របស់​ថៃ​នោះ​។
លោក​ Bernard Valero អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ទី​ ៩ ខែ​ កុម្ភៈ​ ឆ្នាំ ២០១១ ថា​ទី​ក្រុង​ប៉ារីស​ រីក​រាយ​និង​ជួយ​ផ្តល់​ឯកសារ​​ផែន​ទី​ច្បាប់​ដើម​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡា​អេ​ឆ្នាំ​ ១៩៦២ សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​កម្ពុជា​‑ថៃ​​ទៅ​ឲ្យ​ប្រទេស​ណាមួយ​ដែល​ស្នើ​សុំឯកសារ​នោះ។
នាយក​រដ្ឋមន្ត្រី​អាប់​ភី​ស៊ីត​ បាន​និយាយ​ថា​ មិន​មែន​ជា​ការ​ចាំ​បាច់​សម្រាប់​ប្រទេស​បារាំង​មក​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា‑ ថៃ  ឡើយ​។ អាប់​ភី​ស៊ីត​ វេចាជីវ៉ាក់​  ក៏​បាន​ទាម​ទារ​ឲ្យ​អង្គការ​យូ​ណេស្កូ​សើ​រើ​ការ​ចុះ​បញ្ជីប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពភិ​ភព​លោក​ មុន​ពេល​ដែល​មាន​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិ​ការ​បេតិ​ក​ភណ្ឌ​ពិ​ភព​លោក​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១១ ខាង​មុខ​ និង​ទាម​ទារ​លុបចោល​ផែន​ការ​គ្រប់​គ្រងប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជាទៀត​ផង​។ សម្តី​របស់​នាយក​រដ្ឋមន្ត្រីថៃ​ ​អាប់​ភី​ស៊ីត​ដ៏​ព្រហើន​នេះ​ បាន​ប្រមាថ​មាក់​ងាយ​ដល់​ស្ថាប័ន​អន្តរជាតិ​ និង​ច្បាប់​អន្តរជាតិ​ នៃ​អង្គការ​សហប្រជាជាតិ​ ដែល​ជាអង្គការ​កំ​ពូល​ ដើម្បី​ធានានូវ​សុខសន្តិ​ភាព​ពិ​ភព​លោក។
ប្រជា​ជន​កម្ពុជាទូទាំង​ប្រទេស​ គ្រប់​ជាន់​ថ្នាក់ គ្រប់​មជ្ឈដ្ឋាន​ ទាំង​សង្គម​ស៊ី​វិល​ ក្នុង​និង​ក្រៅ​ប្រទេស​​ បាន​រួប​រួម​គ្នា​ជា​ធ្លុងមួយ​ ក្នុង​ការ​សាមគ្គី​ដ៏​រឹង​មាំ​ដូច​ថ្មអង្គរ  ក្រោម​ការដឹក​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ប្រឆាំង​រាល់​សង្គ្រាម​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​ មិន​ដូច​ជា​នៅ​ក្នុង​ស្រុក​ថៃ​ ដែល​​​​បាន​និង​កំពុង​ជួប​នូវ​វិបត្តិ​ និង​ការ​បែក​បាក់ធ្ងន់​ធ្ងរ​នោះ​ទេ។
ការ​ដែល​កម្ពុជា ស្នើ​សុំ​អង្គការ​សហប្រជាជាតិ​ ក៏​ដូច​ជា​អង្គការ​យូ​ណេស្កូ​ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ និង​អង្គការ​អន្តរជាតិ​ទាំង​អស់​ ឲ្យ​ចូល​រួម​ជួយ​អន្តរាគមន៍​ជាបន្ទាន់​នោះ​  គឺ​ដើម្បីកុំ​ឲ្យ​ភាគី​ថៃ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​មកលើ​កម្ពុជា​​​​បាន​ទៀត​។ បច្ចុប្បន្ន​ ភាគី​ថៃ​កំ​ពុង​បន្ថែម​កង​ទ័ព​ជា​ច្រើន​សន្ធឹក​សន្ធាប់​នៅ​តាម​តំ​បន់​បណ្តាយ​ព្រំ​ដែន​កម្ពុជា ‑ ថៃ​​នៅ​ជិត​តំ​បន់​​​ប្រាសាទ​​​​ព្រះ​វិហារ​ ដែលបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិ​ភព​លោក​នោះ​​ ឥឡូវ​កំ​ពុង​ត្រូវ​ប្រឈម​នឹង​ការ​រំ​លោភ​ទន្ទ្រាន​ឈ្លាន​ពាន​​​ពី​ភាគី​ថៃ​៕
                                                              ដោយ​: ទិត សារុន​រ៉េត​
                                                           ទី​ប្រឹក្សាអម​រាជ​បណ្ឌិត​សភាកម្ពុជា