Wednesday, October 19, 2011

បទអត្ថាធិប្បាយ «គំរូកម្ពុជា» ដើម្បីសន្តិភាវូបនីយកម្ម និងដំណោះស្រាយជម្លោះផ្ទៃក្នុង


កាលពីថ្ងៃច័ន្ទ ទី ១៩ ខែ កញ្ញា ឆ្នាំ២០១១ នៅក្នុងវេទិកាអន្តរជាតិស្តីពី «សតវត្សអាស៊ី៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម» ដែល​បានត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញ លោក Mushahid   Hussain Sayed ដែលជា​អគ្គលេ​ខាធិ​ការ​នៃ​ចលនា​អ្នក​ប្រ​ជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក (CAPDI) បានពិពណ៌នាយ៉ាងច្បាស់លាស់អំពី «គំរូកម្ពុជា» របស់ CAPDI សម្រាប់ បង្កើតឲ្យមានសន្តិភាព និងដំណោះស្រាយជម្លោះផ្ទៃក្នុង។ សំខាន់បំផុតនោះ នេះគឺជាសារ ដែល​ឮរ​ន្ទឺដល់គ្រប់ទិសទីនៃទ្វីបអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក នៅទីណាក៏ដោយ ដែល​ជម្លោះ​ផ្ទៃក្នុង​កំពុង​តែបំផ្លាញ​ដល់​ជីវិតមនុស្ស និងទ្រព្យសម្បត្តិ ហើយរាំងស្ទះដល់ សន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​ឲ្យបាន​ដឹង​​ថាដំ​ណោះស្រាយពិតជាមាន ហើយដែលគួរតែមើលដំណោះស្រាយបែប «គំរូកម្ពុជា» ដែល​បាន​ធ្វើ​សមាហ​រណ​កម្មភាគី ក្នុង​ជម្លោះ​បួន​ភាគី​ដែល​រួម​មាន​ក្រុម​រាជានិយម និងកម្លាំងខ្មែរក្រហម​ឱ្យ​ទៅ​ជា​កម្លាំង​ប្រដាប់ អាវុធ​រួម​ជាតិ​កម្ពុជា​មួយ និង​សម្រេច​បាន​សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន កម្ពុជាទាំងមូល។ គួរបញ្ជាក់ថា «ស្ថាបនិក» នៃ «គំរូ​កម្ពុជា» ​នេះ​គឺថ្នាក់ដឹកនាំនៃគណបក្ស ប្រជាជនកម្ពុជា (CPP) ដែលក្នុងចំណោមនោះ ឥស្សរជន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ បំផុតគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
          CAPDI គឺជាអង្គការតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយប្រហែលជានៅក្នុង ពិភពលោកផងដែរ ដែលមិនត្រឹមតែប្រមូលផ្តុំគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប្រមូលផ្តុំស្ថាប័នសង្គមស៊ីវិលទៀតផង។ សមាសភាពក្រុមនាយកប្រតិបត្តិនៃ CAPDI មាន នាយករដ្ឋមន្ត្រីជាច្រើនរូប អតីតប្រធានាធិបតី និងអតីតនាយករដ្ឋមន្ត្រី មេដឹកនាំសង្គមស៊ីវិល និងពាណិជ្ជកម្មនានា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាសហប្រធានកិត្តិយស (Co-Chairman Emeritus) ហើយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី គឺជាអនុប្រធានជាន់ខ្ពស់។
         «គំរូកម្ពុជា» ដើម្បីសន្តិភាវូបនីយកម្ម និងដំណោះស្រាយជម្លោះផ្ទៃក្នុងមានលក្ខណៈ ពិសេស​ជាក់លាក់​ប្រាំ​មួយ​ចំ​នុច​​ដូចតទៅ៖
          ១. សន្តិភាពមួយដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ
          ២. ការបោះឆ្នោតដោយសេរី ក្រោយពីមានបទឈប់បាញ់គ្នា
          ៣. សមាហរណកម្មភាគីជម្លោះទាំងបួន ទៅជាកងកម្លាំងប្រដាប់អាវុធរួមជាតិមួយ
          ៤. ការផ្សះផ្សាជាតិដោយមានការបង្កើតរដ្ឋាភិបាលចម្រុះ (ដែលមាននាយករដ្ឋមន្ត្រីពីរ)
         ៥.​ ការអនុវត្តនីតិរដ្ឋជាបណ្តើរៗតាមដំណាក់កាល ដោយមានការបង្កើតឡើងនូវអង្គ ជំនុំជ​ម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (ECCC) ដើម្បីកាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្ត
ដោយមេដឹកនាំកំពូលបំផុតនៃរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
         ៦. ការសម្រេចបាននូវសន្តិភាព ស្ថិរភាពជាយូរអង្វែង និងភាពជាអ្នកជិតខាងល្អជាមួយ នឹងប្រទេសដទៃ។

          ក្នុងចំណោមលក្ខណៈពិសេសខាងលើនេះ គេអាចទទួលបានមេរៀនជាច្រើនគឺ៖
          ១. ការផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកឈ្នះស៊ីដាច់តែម្នាក់ឯង» ទៅជា «នាំគ្នាធ្វើការជាមួយគ្នា»
          ២. ការទទួលស្គាល់ និងគោរពដល់ភាគីពាក់ព័ន្ធទាំងអស់
          ៣. តួនាទីដ៏សកម្មរបស់សហគមន៍អន្តរជាតិ
         ៤. ជំនះភាពជូរចត់នៃអតីតកាល ហើយសន្តោសប្រណី និងបំភ្លេចអតីតកាលជូរចត់
                ឈឺចាប់ខ្លោចផ្សារ
          ៥. ភាពច្នៃប្រឌិតនៃភាគីពាក់ព័ន្ធទាំងអស់
          ៦. នយោបាយបង្រួបបង្រួមជាតិ

          «គំរូកម្ពុជា» ដែលជាគំរូមួយបង្កើតឡើងក្នុងទ្វីបអាស៊ី បានត្រូវបញ្ជាក់ថាមានប្រសិទ្ធិភាព យ៉ាងគ្រប់​គ្រាន់​សម្រាប់​ព្យាបាល​ការឈឺចាប់នៃភាគីជម្លោះ នាំយកសន្តិភាពឲ្យទៅដល់ទាំង តំបន់ទីក្រុង និងទាំងគ្រប់​តំបន់​ដាច់​ស្រ​យាល​នៅជន​បទ ហើយសម្រាប់ធ្វើឱ្យទទួលបាន សុខដុមរមនា និងវិបុលភាពសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នា។