Wednesday, October 19, 2011

បទអត្ថាធិប្បាយៈ ការបែកបាក់ផ្ទៃក្នុង កំពុងបន្តកើតមាននៅក្នុងបក្ស សម រង្ស៊ី


វិបត្តិនយោបាយផ្ទៃក្នុងនៅតែបន្តបោកបក់សន្ធប់ ជញ្រ្ជុំយ៉ាងខ្លាំងមកលើគណបក្ស សម​ រង្ស៊ី​ ស្របពេល​ដែលទ្វីប​អាស៊ី​ទាំង​មូលកំពុងរងគ្រោះនៃវិបត្តិធម្មជាតិទឹកជំនន់។ ចរន្ត​នៃព្យុះរលក​នយោ​បាយ​​​នេះ បានរុញច្រាន​បង្ក​ឲ្យមាន​ការ​បែក​បាក់​ ប្រេះស្រាំជាបន្ត​បន្ទាប់​គ្មាន​ស្រាក​ស្រាន្ត។
ជាក់ស្តែងកាលពីដើមខែតុលាកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី រួម​មាន​សមា​ជិកសភា សមាជិក​ព្រឹទ្ធ​សភា និងសកម្មជនជាច្រើនរូបទៀត បានសម្រេចចិត្តធ្វើ​ចំណាក​បក្ស ដែល​ចលនា​នៃការប្តូរបក្សនេះ បាន​ចាប់​ផ្តើម​កាន់​តែ​ខ្លាំងៗ និងមានទ្រង់ទ្រាយធំជាបន្ត​បន្ទាប់។
ជាការកត់សម្គាល់រាល់ការបោះឆ្នោត ឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ជិត​ឈាន​ចូល​មកដល់ ចលនារត់​ចេញ​ពីបក្ស​មួយ ទៅចូលបក្សមួយ បាន​និង​កំ​ពុង​កើត​មាន​ឡើង​យ៉ាង​គគ្រឹក​គគ្រេង ក្នុងនោះ​ភាគ​ច្រើន ពួកគេ​​​បាននាំ​គ្នា​ទៅចូល​រួមជាមួយគណបក្សប្រជាជនកម្ពុជា ឯមួយ​ចំ​នួន​តូច​ទៀត​ បាន​ទៅ​ចូល​រួម​ជាមួយគណ​​បក្ស​ដទៃ តាម​សិទ្ធិស្វ័យ​សម្រេច​អំពីជោគវាសនា នយោបាយ របស់​បុគ្គល​ម្នាក់ៗ ​ស្រប​តាម​គោលការណ៍​ប្រជាធិប​តេយ្យ​​សេរីពហុបក្ស។ 
អ្វីដែលត្រូវបានគេមើលឃើញថ្មីៗនេះ សមាជិក​សភា​តំ​ណាង​រាស្ត្រមណ្ឌលតាកែវមួយរូប      សមាជិក​​​​​​ព្រឹទ្ធសភា និង​ ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ប្រចាំ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្តកំពង់​ចាម រួមជា​មួយ​​សកម្មជន​ជា​ច្រើន​នាក់ទៀត បាននាំគ្នាចាកចេញពីបក្សប្រឆាំង​មួយ​នេះ​ ​ដោយការ​អស់​ជំនឿ​ចិត្ត​លើរបៀបដឹកនាំ​ដ៏ឥត​អំណោយទាន និង​គ្មានភាព​​​​​​​ប្រាកដប្រជា របស់លោក សម រង្ស៊ី
ការធ្វើចំណាកបក្សរបស់មន្ត្រីជាន់ខ្ពស់ខាងលើនេះ បានបន្សល់ទុកនូវភាពឯកកោខាង នយោបាយ ការចម្រូងចម្រាស់ និងក្តីអាម៉ាស់ជាច្រើនសម្រាប់គណបក្សប្រឆាំង ដែលជិតនឹង​រំលំ​រលាយ​ទៅ​ហើយនោះ។
ជាក់ស្តែងក្រោយពីការចាកចេញរបស់សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្ត តាកែវ​រួមជា​មួយថ្នាក់​​​ដឹកនាំដទៃទៀត ម្នាក់​ក្នុង​ចំ​ណោមនោះ​ ដែល​ជា​តំ​ណាង​រាស្ត្រ គាត់បាន​និយាយ​ជា​សាធារណៈថា លោកមិនសុខចិត្តចំពោះ​ការលប់​​​ឈ្មោះ​​ចេញពីសមាជិកសភាតំណាង​រាស្ត្រខាង​គណ​បក្ស សម រង្ស៊ី ទេ ហើយ​គាត់​បាន​​ប្រកាស​ទាមទារ​រកយុត្តិ​ធម៌​ជាមួយ​នឹងគណបក្ស សម រង្សី ខាងផ្លូវ​តុលាការរហូត​ដល់​ទី​បញ្ចប់ ដោយ​លោក​បានបន្តថា « ខ្ញុំ​ការ​ពារ​យុត្តិធម៌ ហើយនិងការពារ​កិត្តិយស​របស់ខ្ញុំសិន ព្រោះថា បងប្អូន និងមិត្តភក្តិជាច្រើន​បាន​គាំទ្រខ្ញុំ ហើយ​នឹងជួយ​ស្វែង​រកយុត្តិធម៌ឲ្យខ្ញុំ »។
បន្ទាប់ពីគណបក្សសម រង្ស៊ី លប់ឈ្មោះពីសមាជិកសភាតំណាងរាស្រ្ត មណ្ឌល​ខេត្ត​តាកែវ អតីត តំណាងរាស្រ្តរូបនេះ ​​​បានដាក់ពាក្យបណ្តឹងមួយច្បាប់ ទៅតុលាការក្រុងភ្នំពេញ  កាលពីថ្ងៃទី ១០ ​ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ហើយ​នៅថ្ងៃ​ដដែលនោះ លោក​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញបានចេញដីការរក្សាការពារដើម្បីឲ្យគណបក្សសម រង្ស៊ី ផ្អាកសេចក្តី​​សម្រេច​របស់ខ្លួន។ ក្រោយ​ពីតុលាការបានចេញដីការ រក្សាការពាររួច​មក គណបក្ស សម ​រង្ស៊ី បែជាធ្វើការ​វាយ​ប្រហា​រ​ទៅលើ​ស្ថាប័ន​តុលាការ​ថា ​គ្មាន​​ឯករាជ្យ ទៅ​វិញ​ ដែល​ការ​ចោទ​ប្រកាន់​ចំ​ពោះ​តុលាការបែប​នេះ​ ​បានក្លាយ​ទៅ​ជា​ទម្លាប់​របស់​គណបក្ស​ សម រង្ស៊ី​ ទៅ​ហើយ​។
គេបាន​សង្កេត​ឃើញ​ថា​ រាល់ការចាកចេញ របស់មន្រ្តីបក្សម្តងៗ លោក សម រង្ស៊ី តែងតែ​ធ្វើ​ការ​ចោទ​ប្រកាន់ ​​​អ្នកទាំងអស់នោះថា  ជាសំរាម របស់ស្អុយរលួយ ​​​​​គ្មានតំលៃសំរាប់គណបក្សទេ។ តើ​ទម្លាប់​ជាន់​ឈ្លី​ទៅ​លើ​កិត្តិយសនិង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​បែប​នេះ ​សក្តិសម​ជាមេដឹកនាំ​ដែលមាន​ការ​​​ទទួលខុសត្រូវដែរ ឬទេ? តើសីលធម៌ សច្ចៈ​ធម៌ របស់សម រង្ស៊ី នៅឯណា? នៅពេល​ដែល​គាត់ត្រូវការពួកគេ ដើម្បី​បំរើ​ផល​ប្រយោជន៏គាត់ គាត់(សម រង្ស៊ី )និយាយថា ​ពួកគេជាដុំពេជ្រ ឬ ជា​ត្បូង​​ដ៏មានតម្លៃ។  
ការស្រែកទាមទាររកយុត្តិធម៌របស់អតីតអ្នកតំណាងរាស្ត្រ សម រង្ស៊ី នេះ កើតឡើង​តែ​ប៉ុ​ន្មា​​​​ន​ខែប៉ុណ្ណោះ បន្ទាប់ពីមាន​ការចាក​ចេញរបស់ លោក ម៉ៅ មុន្នីវណ្ណ អតី​តតំ​ណាង​រាស្រ្ត​មណ្ឌ​ល​កំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ ១០ រូបទៀត ទៅ​ចូល​រួម​ជាមួយគណបក្ស​ដ៏​ទៃ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១១ កន្ល​​ង​ទៅនេះ ដែលកាលនោះលោក ម៉ៅ មុន្នីវណ្ណ បានធ្វើសន្និសីទកាសែត និងបានលើក​បដារិះគន់ គ​ណ​បក្ស សម រង្ស៊ី ថា​ ជាគណបក្សគ្រួសារ មិនប្រជាធិបតេយ្យ និងមិនគោរពបាវចនាសីលធម៌ សច្ចៈ​ធម៌​ជាដើម ។ល។ 
ដោយភាពអយុត្តិធម៌ស៊ីរូងផ្ទៃក្នុង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងផ្តាច់ការ​ បែបបក្សពួក គ្រួសារ​និយមយ៉ាងដូចនេះ តើសក្តិសមនឹងប្រើពាក្យប្រជាធិបតេយ្យដែរឬទេ ។ ម៉្យាងវិញ​​ទៀត បើសូម្បីតែ​ក្រុម​អ្នក​គាំទ្រដ៏​តូច​មួយ​របស់​គណបក្ស​ខ្លួន គេមិន​អាច​​​ទទួល​យក​បាន​ផងនូវ​ការ​ដឹក​នាំរបៀប​នោះ ចុះទំរាំប្រជាជាតិទាំងមូល ឱ្យគេជឿម្តេច​បាន?
ការបែកបាក់ទ្រង់​ទ្រាយ​ធំ និង​ជាប្រព័ន្ធរបស់គណបក្ស សម រង្ស៊ី ជាបន្តបន្ទាប់បែបនេះ បាន​បង្ហាញឲ្យឃើញយ៉ាង​ច្បាស់​ពីកំសោយភាព និងកង្វះបទពិសោធនយោបាយ នៃការដឹកនាំផ្ទាល់ របស់​ លោក សម រង្ស៊ី តែប៉ុណ្ណោះ ​ហើយ​គេក៏​បាន​ដឹង​យ៉ាង​ច្បាស់​ដែរ​ថា​ សព្វ​ថ្ងៃ​គណបក្សនេះ​​កំ​ពុង​​គ្មាន​មេថែទាំ ហើយ​មេបក្ស​នោះ​ ក៏​ជាជន​មាន​ពិរុទ្ធ​ភាព​ទៀត តើឱ្យ​ពួកគាត់​គាំទ្រ​ដូច​ម្តេច​កើត?
ក៏ប៉ុន្តែ អ្វីដែលជាការអស់សំណើចបំផុតនោះ ពួកនេះ (ថ្នាក់​ដឹក​នាំគណបក្ស  សម រង្ស៊ី) មិន​ដែលបានទទួលស្គាល់ការពិតពី​ភាព​​បរាជ័យ នៃយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនម្តងណានោះទេ ផ្ទុយ​ទៅវិញ​រាល់ការ​បែក​បាក់​ម្តងៗ គេ​បែ​ជាព្យាយាមទម្លាក់បញ្ហា និងធ្វើការចោទប្រកាន់ដដែលៗ ម្តង​ហើយម្តងទៀត​ មកលើ​គណបក្ស​ប្រ​ជា​​ជនកម្ពុជាថា ជាអ្នក​នៅពីក្រោយខ្នង នៃការចាក​ចេញ​​របស់​មន្ត្រីបក្ស និងបាន​រៀប​ចំផែនការបំបែកគណបក្ស សម រង្ស៊ី»។
ការលើកឡើងបែបនេះ ត្រូវបានអ្នកតាមដានស្ថានករណ៍នយោបាយ នៃសង្គមកម្ពុជា​មើល​ឃើញថា វាគ្រាន់តែជាការលាបពណ៌ឲ្យគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ពោលគឺ គណបក្ស​ប្រ​ជា​ជន​​កម្ពុជា មានកម្មវិធីនយោបាយច្បាស់លាស់ មានរចនាសម្ព័ន្ធរឹងមាំ ពីថ្នាក់​មូលដ្ឋាន ដល់ថ្នាក់ជាតិ ហើយ​ក៏មិនដែល​ជ្រៀតជ្រែក​ចូល​​កិច្ចការផ្ទៃក្នុងរបស់​គណបក្សនយោបាយ​ណាមួយឡើយ។             ផ្ទុយ​ទៅ​វិញ​​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​​មានធនធានមនុស្សគ្រាប់គ្រាន់រួចទៅហើយ ប៉ុន្តែ​បើ​សិន​ចង់ចូលរួមរស់​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជានោះ គឺច្រក​ទ្វាបក្សនៅចំហចាំជានិច្ច។

អ្វីដែលគណបក្សប្រជាជនយកចិត្តទុកដាក់បំផុត ​គឺ​បញ្ហា ស្ថេរភាពនយោបាយ   សង្គម​កិច្ច និងសុខ​មាលភាពសង្គម ដែលជាកត្តារុញច្រាននៃការអភិវឌ្ឍន៍ សង្គម​ជាតិ​ទាំង​មូលប្រ​កប​ដោយ​ចីរ​ភាព។
ដូច្នេះ គណបក្ស សម រង្ស៊ី ល្មមបញ្ឈប់នូវវប្បធម៌ បៀមឈាមព្រួសដាក់អ្នកដ៏ទៃទៀតទៅ ពីព្រោះ​ពលរដ្ឋគ្រប់រូប មានគតិវិនិច្ឆ័យច្បាស់លាស់  ស្គាល់ល្អ  និងអាក្រក់  ហើយ​តែង​​​តែផ្តល់យុត្តិធម៌
សម្រាប់គណបក្សប្រជាជនកម្ពុជាជា​រៀង​រហូត៕

                                                                                                            ដោយៈ ឧត្តម សក្តិ