Tuesday, October 25, 2011

បទអត្ថាធិប្បាយ ៖នៅ អ.វ.ត.ក ៖ សំណុំរឿង០០១ និង០០២ ធ្វើឱ្យ អ.វ.ត.ក ល្បីខ្ទរខ្ទារជា «តុលាការគំរូ» មួយ


          ក្នុងចំណោមគោលបំណងទាំងបួននៃអង្គការសហប្រជាជាតិ ក្រោមមាត្រា១នៃធម្មនុញ្ញអង្គការសហ ប្រជា​ជាតិ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងការចាត់វិធានការរួមដ៏មានប្រសិទ្ធិភាពដើម្បីការពារ និង​លុបបំបាត់ការគម្រាមកំហែងដល់សន្តិភាពនោះ គួរមិនត្រូវបានមើលរំលងដោយបុគ្គលដែលប្រកដោយ គំនិត និង​បញ្ញាខ្ពង់ខ្ពស់ទេ នៅពេលដែលពួកគេទាំងនោះពិភាក្សាលើបញ្ហាទាក់ទងនឹងកម្ពុជា ជាពិសេស បញ្ហានៃ «ការស្វែងរកយុត្តិធម៌ និងការបង្រួមបង្រួមជាតិ ស្ថិរភាព សន្តិភាព និងសន្តិសុខ»។

          ក្រៅពីការព្រួយបារម្ភដ៏ធំធេងអំពីសន្តិភាពដែលមានលក្ខណៈផុយស្រួយ ដែលទទួលបាននៅដើម ទសវត្សរ៍ឆ្នាំ១៩៩០ និងលទ្ធភាពខ្ពស់នៃការមានឡើងវិញនូវសង្គ្រាមរវាងផ្នែកសេសសល់នៃកម្លាំងខ្មែរក្រហម និង​កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ កិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ត្រូវ​ប្រើប្រាស់ពេលវេលាអស់ជាច្រើនឆ្នាំ រហូតដល់ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការបង្កើតនូវអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ​២០០៣ និងត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០០៤។ បេសកកម្ម​របស់ អ.វ.ត.ក គឺដើម្បីនាំយកយុត្តិធម៌មកជូនប្រជាជនកម្ពុជារាប់លាននាក់ ដែលត្រូវបានសម្លាប់ និងបង្អត់​អាហារ ឱ្យស្លាប់ដោយរបបខ្មែរក្រហម ដោយក្នុងពេលជាមួយគ្នានេះរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ នៅក្នុងប្រទេសទៀតផង
          អ.វ.ត.ក គឺជាតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងស្របទៅតាមកិច្ចព្រមព្រៀងមួយរវាងរាជរដ្ឋា ភិបាល​កម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសសមាជិកជាន់ខ្ពស់នៃរបបខ្មែរក្រហម ពី​បទ​រំលោភ​ បំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់ព្រហ្មទណ្ឌកម្ពុជា ច្បាប់ និងទំនៀមទំលាប់មនុស្សធម៌អន្តរជាតិ និង​ពីបទរំលោភ បំពានអនុសញ្ញាអន្តរជាតិនានាក្នុងអំឡុងពេលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៦ ខែ មករា ឆ្នាំ ១៩៧៩ ដែលកម្ពុជាបានទទួលស្គាល់
          សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ចុះថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០០២ «បានទទួល ស្គាល់នូវការព្រួយបារម្ភស្របច្បាប់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ និង​ការ ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងសន្តិសុខ»។
          សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ បញ្ជាក់ច្បាស់ថា «រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា» ត្រូវកំណត់សំណុំរឿងសម្រាប់ អ.វ.ត.ក ធ្វើសវនាការ មិនមែន អ.វ.ត.ក ជាអ្នកកំណត់សម្រាប់ កម្ពុជានោះទេ។ ដោយប្រកាន់ខ្ជាប់ទៅនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ «រាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា» បានកំណត់ថា សំណុំរឿង០០១ និង០០២ គឺជាកម្មវត្ថុនៃសវនាការរបស់ អ.វ.ត.ក។ ដំណើរការនៃការស្វែងរកយុត្តិធម៌ ចាប់ផ្តើមដោយការស៊ើបអង្កេត ដែលពាក់ព័ន្ធនឹងសំណុំរឿង ទាំង​ពីរ​នេះ ហើយបន្តដោយដំណើរការសមស្របដែលបង្កើតឡើងដោយ អ.វ.ត.ក។
          សំណុំរឿងដែលគេហៅថា០០៣ និង០០៤ ស្អីគេនោះ អាចជាលទ្ធផលបណ្តាលមកពីការចាត់ចែង រចនាធ្វើតាមសម្ពាធ និងអាចជាការសម្របសម្រួលនៅឯ អ.វ.ត.ក ដែលមិនស្របទៅតាមសេចក្តីសម្រេច របស់​មហាសន្និបាតអង្គការសហប្រជាជាតិចុះថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០០២ នោះទេ។ ប្រសិនបើ «រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា» មិនដែលបានកំណត់ថា សំណុំរឿង០០៣ និង០០៤ ស្អីគេនោះ គឺជាកម្មវត្ថុនៃ សវនាការ​របស់ អ.វ.ត.ក ទេនោះ អញ្ចឹង គឺគ្មានសំណុំរឿង០០៣ និង០០៤​ ទេ។ សំណុំរឿងទាំងពីរនេះប្រៀប ដូចជា «មេ​រោគ» ដែលធ្វើឱ្យខូចដល់កុំព្យូទ័រ និងប្រព័ន្ធទាំងមូល។ ប្រសិនបើដូចនេះមែន ការជជែកដេញ ដោល​ជុំវិញ​ការលាលែងរបស់ចៅក្រម Blunk និងការចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់សម្ពាធ ទៅលើ​ដំណើរការស្វែងរកយុត្តិធម៌នៃ អ.វ.ត.ក នោះ គឺជាទង្វើដែលគ្មានប្រយោជន៍ហើយដែលជាការបង្ហាញ នូវភាព​រឹងរូសនៃសារជាតិមនុស្សរបស់អ្នកច្បាប់ អ្នកសិក្សាស្រាវជ្រាវ មេដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល មួយចំនួន ដែល​ធ្វើហាក់ដូចជាចង់ស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ប៉ុន្តែតាមពិត ពួកគេមានផែនការអាក្រក់ ដើម្បី​បង្ខូចកិត្តិយស និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីសម្រេចរបស់មហាសន្និបាត អង្គការ​សហប្រជាជាតិចុះថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០០២ គឺជាមូលដ្ឋានគ្រឹះដ៏រឹងម៉ាំរបស់ អ.វ.ត.ក។
សំណុំរឿង០០១ និង០០២ ធ្វើឱ្យអ.វ.ត.ក ល្បីខ្ទរខ្ទារថាជា «តុលាការគំរូ» មួយ ហើយបូរណភាព របស់​អ.វ.ត.ក ត្រូវបានបង្ហាញតាមរយៈសកម្មភាពរបស់អ.វ.ត.ក នៅក្នុងសំណុំរឿង០០១ និងច្បាស់ប្រាដក ណាស់នៅក្នុងសំណុំរឿង០០២ ដែលនឹងចាប់ផ្តើមនៅចុងខែ វិច្ឆិកា ឆ្នាំនេះ៕

លីម វីរ៉ាណារី
អ្នកវិភាគស្តីពីកិច្ចការកម្ពុជា
វិទ្យាស្ថានសន្តិភាព និងផ្សះផ្សាកម្ពុជា