Wednesday, October 26, 2011

បទវិចារណកថា៖ តើលោក ឡៅ ម៉ុងហៃ ជាអ្នកណា?


          ក្នុង​វ័យ​ចំ​ណាស់ទៅ​ហើយ​ ដែល​មាន​​ក្បាល​ទំ​ពែក​ ពូកែ​ខាងការ​រិះ​គន់​ មិន​បានចូល​រួម​​ស្ថាប​នា​  គឺជាញឹក​ញាប់ គិត​រំ​ពៃ ​សម្លឹង​មើលរិះ​រក​តែ​ភាព​អវិជ្ជមាន​ តាមរយៈ​ការ​​ជាន់​កំ​ទេច និង​​បំ​ផ្លាញ​ចោល​ទាំង​ស្រុង ​នូវ​សន្តិ​ភាព​ ស្ថិរភាព​​នយោបាយ​នៅ​កម្ពុជា​ លោកឡៅ ម៉ុងហៃ ដែល​គេប្រសិទ្ធនាមឱ្យថា ជា​​អ្នក​វិភា​គ​ឯករាជ្យ  ប៉ុន្តែ​ បើ​ពិនិត្យ​ពី​សកម្ម​ភាព​ពិត​ គឺបុគ្គល​ម្នាក់​នេះ​ ពិត​ជា​ឯករាជ្យ​ទៅ​ខាង​ប្រឆាំង​យ៉ាង​ពិត​ប្រាកដមែន។

លោក ឡៅ ម៉ុងហៃ ដែល​គេដឹង​ថា​ សព្វ​ថ្ងៃជានាយកប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យ​ខ្មែរ​(KID)​ធ្លាប់​បាន​ទៅសិក្សាខាងជំនាញ​សេដ្ឋកិច្ចនៅ​ប្រទេស​អង់​គ្លេស​ និង​បាន​សិក្សារៀន​សូត្រនូវ​វិជ្ជាផ្សេងៗ​ទៀត​ពី​បរទេស​  ប៉ុន្តែ ជា​អកុសល លោក មិន​បាន​យក​ចំ​ណេះ​ដឹង​ទាំង​នោះ​មក​ប្រើ​ប្រាស់ ដើម្បី​បំ​រើ​ជា​ប្រយោ​ជន៍​​ដល់​សង្គម​ជាតិ​បន្តិច​សោះ​ឡើយ។
តាមប្រភពពីអ្នកចាស់ទុំធ្លាប់ធ្វើការជាមួយលោកតាសឺនសាន ​បាននិយាយ​ថា លោក ឡៅ ម៉ុងហៃ   ក្រោយពីចាកចេញពីប្រទេសអង់គ្លេសមក រូបលោកបានមកជ្រក​នៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ ពីឆ្នាំ១៩៨៨ ដល់១៩៩២ ដែលដឹកនាំដោយ លោកតាសឺនសាន  បន្ទាប់មក ​​លោក​​តាសឺន​សាន និង លោក អៀង ម៉ូលី បានបញ្ជូន លោក ឡៅ ម៉ុងហៃ ឲ្យ​ធ្វើ​ជា​ប្រធានស្តី​ទី​នៃ​មជ្ឈ​មណ្ឌល​កំចាត់​មីន ។ ធ្វើ​ការ​នៅ​ទី​នោះ​បាន​មួយឆ្នាំ ដោយ​សារតែ លោក ឡៅ ម៉ុងហៃ គ្មានសមត្ថភាព​ក្នុង​ការ​ធ្វើជា​ប្រធាន​ស្តី​ទី នៅឆ្នាំ​១៩៩៣​ដល់​១៩៩៤​ក៏​ត្រូវ​គេ​ដេញ​ចេញពី​ការងារ​។ ក្រោយ​មកក៏បានផ្លាស់​មក​​ធ្វើការងារ​​ជា​នាយ​ក​ប្រតិបត្តិ​​​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យ​(the Khmer Institute  of Democracy )រហូត​ដល់​សព្វ​​ថ្ងៃនេះ។
ជាមួយ​នឹង​ការ​បរិហារ​រិះ​គន់​ដ៏​ច្រើន​ដែល​លោក ឡៅ ម៉ុងហៃ ធ្លាប់​បាន​ប្រើ​ប្រាស់​វេទិកានានា ដើម្បី​វាយ​ប្រហារ​​​ពី​ក្រៅ​ប្រទេស​តាម​រយៈវិទ្យុ​បរទេស​និយាយភាសាខ្មែរ និង​វិទ្យុ​ក្នុង​ស្រុក​ដែល​គាំ​ទ្រ​និន្នាការប្រឆាំង ថ្មី​ៗនេះ​​ បុគ្គល​រូប​នេះ​ បាន​ធ្វើ​ការ​រិះ​គន់ដោយ​­ឥត​សំ​ចៃមាត់​ និង​ធ្វើ​ខ្លួន​លោក​ ហាក់​ដូច​ជា​ អទិ​ទេព​ ចេះដឹង​សព្វ​គ្រប់​នូវ​បញ្ហា​នយោបាយ​ក្នុង ​និង​ក្រៅ​ប្រទេស​ ​​ហើយ​​អាចមាន​សមត្ថភាព​ ក្នុង​ការ​​បង្គាប់​បញ្ជាឱ្យ​រដ្ឋាភិបាល​ ធ្វើតាម​ចិត្តរបស់​លោក​បានគ្រប់​​ពេល​ទៀត​ផង​។
ក៏​ប៉ុន្តែ រាល់​ពាក្យ​ទិតៀន​ទាំង​នោះ​ របស់​បណ្ឌិត​ឆ្វេង​និយម​ម្នាក់​នេះ​ ហាក់​ដូច​ជាមិន​មាន​ន័យ​សម្រាប់​យក​មក​ពិចារណាបាន​ជា​ប្រយោជន៍​​ដល់សង្គម​​កម្ពុជា​ឡើយ​។ លោក ឡៅ​ ម៉ុង​ហៃ​ បាន​រិះ​គន់​​ដូច្នេះ​ថា ​«ការ​ចង​ចំណង​អាពាហ៍ពិពាហ៍​របស់​កូន​អ្នក​កាន់​​​​អំណាច​​ គឺ​មិន​មែន​ជា​សញ្ញា​ល្អ​នោះ​​ទេ​​​សម្រាប់​ប្រទេស ពី​ព្រោះ​វា​អាច​នាំ​មក​នូវ​ការ​បង្កើត​ច្បាប់​​​​នានា ​​មាន​លក្ខណៈ​លំអៀង​ទៅ​រក​តែ​ក្រុម​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ »​ និង​បាន​បន្ត​ថា​ ​« ដល់​​​តែ​ចាក់​​ស្រេះ​អ៊ីចឹង​ទៅ​ ជា​ថ្នាក់​ដឹក​នាំ​អ៊ីចឹង គឺ​ស្រទាប់​មួយ​ហ្នឹង គឺ​កាន់​អំណាច​រហូត​ទៅ ហើយ​ពេល​ធ្វើ​ច្បាប់​ទម្លាប់​​អី​សម្រាប់​តែ​ការ​ពារ​ផល​ប្រយោជន៍ ឬ​ពង្រឹង​អំណាច​របស់​ខ្លួន​ហ្នឹង»។
យើង​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ ជុំ​វិញ​ការ​បង្កើត​ច្បាប់​នានា គឺដើម្បីបំ​រើ​ សេចក្តី​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋបាលសាធារណៈ និង​រក្សានូវ​ស្ថិរភាព​នយោបាយ​ ជាពិសេសការ​លើក​ស្ទួយ​នីតិរដ្ឋនៅ​កម្ពុជា​ ដែល​ច្បាប់​ទាំង​នោះ​ គឺមាន​វិសាល​ភាព​ទូ​លំ​ទូ​លាយ​ និង​បាន​បំ​រើ​ជាប្រយោជន៍​ដល់​មហាជន​ទូទៅ​ វាមិន​មែន​ដូចជា​ការ​ចោទ​ប្រកាន់​ដោយ​ខ្វះ​វិចារញ្ញាណបែប​លោក​ឡៅ​ ម៉ុង​ហៃ នោះ​ទេ​។
ផ្ទុយ​ទៅ​វិញ​ ពាក្យ​សម្តី​ទាំង​នេះ​ វាគ្រាន់​តែជា​ការអុជ​អាល​  ញុះ​ញង់​ បំ​បែក​បំ​បាក់​កម្លាំង​សាមគ្គី​ភាព​ ឯកភាព​ជាតិ រវាង​ ខ្មែរ​និង​ខ្មែរតែ​ប៉ុណ្ណោះ។ គ្មាន​ហេតុ​ផល​ណាមួយ ដែល​ចំ​ណង​គ្រួ​សារ​ត្រូវ​បាន​កំ​ណត់​លក្ខខណ្ឌ ថា មិន​អាច​ភ្ជាប់​ទំ​នាក់​ទំ​នង​រវាង​​ឧបនិស្ស័យ​ នៃសេចក្តី​ស្រឡាញ់​ និង​ការ​រំ​ពឹង​ទុក​ពីភាព​សុខសាន្ត​នៃជី​វិត​គូរស្រករបាន​ទេ​ វាជាក្រិត​ក្រម​នៃច្បាប់​ធម្ម​ជាតិ។
សម្តី​ រិះ​គន់​រ​​បស់​លោក ឡៅ​ ម៉ុង​ហៃ គឺបង្កប់​ទៅដោយ​ចរិតនយោបាយ​​ឡូក​ឡំ​ជាមួយ​មនោសញ្ចេត​នា​ពិត​នៃ​ទឹក​ចិត្តរបស់​មនុស្សជាតិ​ និង​ជា​លេសនៃការ​សម្រេច​ទិសដៅ​វាយ​ប្រហារ​របស់​ខ្លួន​ ដែល​មិន​ផ្អែក​ទៅ​លើការពិត​​ ជាក់​ស្តែង នៃសង្គម​កម្ពុជា​បច្ចុប្បន្ន​ ដែលសិទ្ធិ​សេរី​ភាព​ ទាំង​នេះ​​​ ​ត្រូវ​បាន​ចែងក្នុង​រដ្ឋធម្ម​នុញ្ញរបស់​ប្រទេស។ ម៉្យាង​ទៀត បើ​យោង​​តាមប្រពៃណីរបស់​ខ្មែរ តាំង​ពី​បុរាណ​រៀង​មក ការ​រកគូរស្រករ​ គឺគេតែង​តែមើល​ទៅ​តាមពូជអំបូរ សូម្បីតែក្នុងកំណាព្យរបស់ ភារម្យភាសាអ៊ូ ហៅក្រម ង៉ុយ ក៏បានរំលឹក​ដល់​កូនចៅ​ប្រុសស្រី​ដែរថា « បើរើសប្រពន្ធប្តីឲ្យមើលផៅសន្តាន » បានន័យថា​បើរើសកូន​ចៅ​ត្រូវ​តែ​មើល​ពូជពង្ស ឬ ក្រុមគ្រួសារ​ដោយ លោកចង់ឲ្យយើងចេះគិតគូរឲ្យបានហ្មត​ចត់មុននឹង​ស្តីដណ្តឹង​កូន​ចៅ​​អ្នកណា​ម្នាក់ ៗ  ។ ត្រង់​​នេះ​ គឺ​ចង់​បញ្ជាក់​ថា ចំ​ណងអាពាហ៍​ពិពាហ៍​ វា​មិន​មាន​ឥទ្ធិ​ពល​ណាមួយ​ក្នុង​អំ​ណាច​របស់​ថ្នាក់​ដឹក​នាំ​នោះ​ទេ គឺចង់​បញ្ជាក់​ថា​ រាល់​កំ​ហុសឆ្គង​របស់​បុគ្គល​ណាម្នាក់​ត្រូវ​តែទទួល​ខុសត្រូវ​ចំ​ពោះមុខច្បាប់ ដោយ​មិន​អាង​លើចំណង​អាពាហ៍​ពិពាហ៍​ឡើយ​។
ជានិច្ចកាល​ប្រមុខដឹក​នាំ​ប្រទេស​ តែង​តែ​រំ​លឹក​ជារឿយ​ៗ​ ដោយ​ផ្តើម​ចេញ​ពី​សាច់​សារលោហិត​ផ្ទាល់ របស់​លោក​ ឱ្យ​យក​ចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​កសាង​នូវ​អំពើ​ល្អ​ ហើយ​​គ្រប់​គ្នាត្រូវ​តែគោរព​​ និង​អនុវត្តតាម​ច្បាប់​ ជាអទិ​ភាព​ ដើម្បី​បញ្ចៀសបាន​នូវ​រឿង​ក្តី​នានាឡើង​តុលាការ​។
ដូច្នេះ​ ការ​រិះ​គន់​ របស់​លោក ឡៅ​ ម៉ុង​ហៃ ជុំ​វិញ​បញ្ហា​នេះ​ គឺជាការ​ប្រើ​ពេល​ទំ​នេរ ដ៏​ឥត​ប្រយោជន៍​ គិត​តែពីប្រយោជន៍​ផ្ទាល់​ខ្លួន​ តាម​រយៈការ​និយាយ​បំ​ភ្លើស ខុសពី​ការពិត​ និយាយសម្តី​ចោល​ម្សៀត​ ឥត​បាន​ការ ឬជាការ​ប្រកាន់​មាំ​ក្នុង​ជំ​នាញ​ពូ​កែតែខាងជេរ និង​បន្ថោកតម្លៃ​ ខ្មែរគ្នាឯង​ ដោយ​ធ្វើ​មិន​ដឹង​មិន​ឮអំពី​គោល​ការ​ណ៍​ច្បាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បុគ្គល​រូប​នេះ​ បាន​ប្រើ​យុទ្ធ​នាការ​ខ្មៅ ទាំង​នេះ​ គឺត្រូវ​បាន​គេដឹង​ថា​ បាន​និង​កំ​ពុងធ្វើ​បាវ​បំ​រើ​ឱ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដោយ​ចំ​ហរ និង​ ក៏​ដើម្បី​ទាក់​ទាញជំ​នួយ​ក្នុង​ការ​ចិញ្ចឹម​អាជីព​របស់​ខ្លួន​ឱ្យ​បាន​យូរតែប៉ុណ្ណោះ។
ទោះ​ជាយ៉ាង​ណាក៏​ដោយ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ តែង​តែ​ប្រកាសពី​ជំ​ហរ​ច្បាស់​លាស់​នូវ​ការ​ទទួល​យក​រាល់​មតិ​រិះ​គន់​ ទាំង​ឡាយ​ណា​ក្នុង​ន័យ​កែលំ​អរ ស្ថាបនា​ និង​អភិ​វឌ្ឍ​សង្គម​ជាតិ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ​ ។ ប៉ុន្តែ រដ្ឋាភិបាល​ ក៏​សូម​រក្សាសិទ្ធិ​ក្នុង​ការ​ទប់​ស្តាត់​ និង​ចាត់​វិធាន​ច្បាប់​ទៅ​លើ​ការរិះ​គន់​ទាំង​ឡាយ​ណា​ ដែល​មាន​ចរិត​ញុះញង់​ បំ​បែក​បំ​បាក់​ឯកភាពជាតិ​ ដើម្បីធានាបាន​នូវ​ស្ថិរភាព​ សណ្តាប់​ធា្នប់​សង្គម​ និង​ការ​បញ្ចៀសនូវ​ភាព​អាណាធិបតេយ្យ៕
ដោយៈ រួម​ ជាតិ​​​