Monday, October 31, 2011

រាជរដ្ឋាភិបាលកម្ពុជាអនុវត្តយ៉ាងត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ថ្លែង​អះអាងថា សម្តេច​ធានា​ខុសត្រូវ​ប្រសិន​បើរាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​អនុវត្ត​ខុស ចំពោះប្រការ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ ២៣ តុលា​។

នៅក្នុង ​មហាមិទ្ទីញ​ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់ ៨៩ យាងចូល ៩០ ព្រះ​វស្សា និង​ខួប ២០ ឆ្នាំ​នៃការ​យាងនិវត្តន៍​មកកាន់​មាតុភូមិវិញ​របស់​សម្តេចឳ​ព្រះមហាវីរក្សត្រ​ និង សម្តេចម៉ែ ដែល​មាន​​មហាជន​ប្រមាណជា ៤ ម៉ឺន​នាក់​ ​ចូល​រួម​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នៅថ្ងៃទី ៣០ តុលា សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​មាន ​ប្រសាសន៍​​ឲ្យ​ដឹង​ថា «កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​មិនបាន ​កំណត់​ឲ្យរំលាយ​អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជាប្រភព​នៃ​របប​ប្រល័យ​ពូជសាសន៍​និង​សង្គ្រាម​នោះឡើយ ផ្ទុយទៅវិញ​កិច្ច​ព្រម​ព្រៀង ទីក្រុងប៉ារីស​បាន​តម្រូវ​ឲ្យភាគី​ខ្មែរ​ក្រហម​ជាភាគី​ស្រប​ច្បាប់​នៅ​ កម្ពុជា​ទៀត​ផង» ។

សម្តេចតេជោ​ថ្លែងថា “ក្នុងការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នេះ ហត្ថលេខី​នៃ​ភាគីខ្មែរ​ក្រហម​បានដក​ខ្លួន​ចេញ​មិន​ព្រមអនុវត្ត​ ហើយ​រកគ្រប់​វិធីដើម្បី​បំផ្លាញ​ដំណើរ​ការអនុវត្ត​ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ក្នុង​ស្ថាន​ភាព​​បែប​នេះ  រដ្ឋាភិបាល​នៃរដ្ឋកម្ពុជា​បានខិតខំ​ថែរក្សា​នូវអាយុ​ជីវិត​នៃ​កិច្ច​ព្រម​ ព្រៀង នេះ​ដោយ​បាន​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ក្នុង ប្រការ​ទាំងឡាយ​ក្នុងកិច្ច​ព្រមព្រៀង» ដោយ​​ធ្វើ​សហ ការ​យ៉ាង​ស្មោះ​ត្រង់​ជាមួយ​កម្លាំង​នយោបាយ​នានា និង សហ​គមន៍​អន្តរ​ជាតិ​ធ្វើឱ្យ​មាន​ការបោះ​ឆ្នោត​ជា​សកលនាឆ្នាំ ១៩៩៣ ប្រកប​ដោយ​ជោគជ័យ​ និង សុវត្ថិភាព ។

សម្តេចតេជោ​មាន ​ប្រសាសន៍ថា «ត្រង់ចំណុច​នេះបើសិន​ជាវាជា​ការខុស​ឆ្គងពិត​ប្រាកដមែន ខ្ញុំ​សុខ​ចិត្ត​ទទួល​ខុស ត្រូវ​ជួសមុខ​ឲ្យ​រាជរដ្ឋាភិបាល និង គណបក្ស​ប្រជាជន ព្រោះ​ខ្ញុំជា​អ្នក​រៀបចំ​យុទ្ធសាស្រ្ត និង ដឹក​នាំ​អនុវត្ត​ដោយ​ផ្ទាល់​នូវនយោបាយ​ឈ្នះៗ​ធ្វើ​ឲ្យ​ខ្មែរក្រហម​រលំរលាយ​ នាំមក​នូវ​សន្តិភាព និង ការ​បង្រួម​បង្រួម​ជាតិ ឯក​ភាព​ទឹកដី ដែល​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស​រាប់​​ទាំង​អតីត​ខ្មែរក្រហម ដែល​ធ្វើ​សមាហរណកម្ម​​ចូល​ក្នុង​សង្គម​ជាតិ ហើយទទួល​បាន​ផល​ពីសន្តិភាព និង​ការ​អភិវឌ្ឍ​រយៈពេល​ជាង ១ ទសវត្ស​កន្លង​មក​នេះ»។ សម្តេចតេជោ​​នាយករដ្ឋមន្រ្តី​ថ្លែងថា បើសិន​នេះ(ការ​រំលាយ​​អង្គការ​ចាត់​តាំង​នយោបាយ​ និង​យោធា​របប​កម្ពុជា​ប្រជាធិបតេយ្យ​)​​ជាកំហុសមែននោះ គេ​គួរ​តែ​ដោះលែង​មេដឹក​នាំខ្មែរ​ក្រហម​ ដែលតុលាការ​កំពុង​ធ្វើ​ការកាត់​ទោស​ឲ្យ​ចេញ​មក​បង្កើត គណបក្ស​នយោ​បាយ និង ចូលរួម​បោះ​ឆ្នោត​​នាពេល​ខាង​មុខ វាប្រសើរ​ជាង​នាំគ្នា​រិះគន់​រាជរដ្ឋាភិបាល​ថា មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ថ្លែង​ថា បន្ទាប់ពី​បញ្ចប់សង្គ្រាម​តាម​នយោបាយ​ឈ្នះ​ឈ្នះ​នៃ​ចុងឆ្នាំ ១៩៩៨ ព្រះរាជាណាចក្រ​កម្ពុជា បាន​បោះ​ជំហាន​​ទៅមុខ​ក្នុង​ស្ថានភាព​ដែល​កត្តា​ខាងក្នុង​និង​កត្តា​ខាង ក្រៅ​មាន​ភាពអនុគ្រោះ​យ៉ាងច្រើន​ធ្វើ​ឲ្យ​ការកសាង​សង្គមជាតិ មានការ​ប្រែ​ប្រួល រីកចម្រើន​ថ្មី គួរ​ឲ្យ​មោទកភាព ។ យើង​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ក្រោម​បាវចនា ​ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី​ថែរក្សា​ការ​ពារ​រដ្ឋធម្មនុញ្ញ ពង្រឹង​សន្តិភាព ស្ថិរភាព នយោបាយ ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង អភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ ទាំង​នៅ​ក្នុង​ប្រទេសទាំងនៅ​ក្រៅ​ប្រទេស ។ សមិទ្ធិ​ផល​ទាំងនេះ​គឺ​កើត​ចេញពី​កម្លាំង​សាមគ្គី​ដ៏​ស្រួច​ស្រាល់​ របស់​ប្រជាជាតិ​​យើង ដែល​មាន​តម្លៃ​ជ្រាលជ្រៅ ជា​ប្រវត្តិសាស្ត្រ ដោយ​បាន​បង្កើត​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​លើ​គ្រប់​វិស័យ ដើម្បី​ធានា​ដល់​ការ​ស្ថិតស្ថេរ គង់វង្ស​និង​រីកចម្រើន​របស់​កម្ពុជាក្រោម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​ដ៏​ ឈ្លាស​វៃ នៃ​ការ​បង្កើត​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ ផ្សះផ្សា​ជាតិ​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​ន​រោត្ត​ម​សីហនុ ព្រះមហាវរ​ក្សត្រ ព្រះ​វីរ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនី​រា​ថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាពសេចក្តីថ្លៃថ្នូរ​និង​សុភ​មង្គល​ជាទី​គោរ​ព​​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ។ សម្ដេចតេជោ​ ​មានប្រសាសន៍ថា កន្លងមក​ក៏​ដូច​បច្ចុប្បន្ន និង​ទៅ អនាគត រាជរដ្ឋាភិបាល បាន​យក​អស់ពី​កម្លាំង​កាយ​ចិត្ត អនុវត្ត​យ៉ាងសកម្ម នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​១ ដំណាក់កាល​ទី ២ ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ លើ​មាគ៌ា​អភិវឌ្ឍន៍​គ្រប់​វិស័យ ។ ភារកិច្ច​រួម​ជា​យុទ្ធសាស្ត្រ​នោះ​ គឺរួបរួមសាមគ្គី​ប្រជាជន​ទាំងមូលការពារ​របប​រាជា​និយម ការពារ​រដ្ឋ​ធម្មនុញ្ញ ការ​ពារ​​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​រឹងមាំ ការពារ​សន្តិភាព​ដ៏​ពេញលេញ ការពារ​ស្ថិរភាព​ន​យោបាយនិង​ការ​បង្រួប​បង្រួម​ជាតិទប់ស្កាត់​គ្រប់​សក​ ម្មភាព ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធា​រណៈ ។ ទន្ទឹម​នេះ នៅ​មាន​ការ​ការពារ​ល​ទ្ធិ​ប្រជា​ធិ​ប​តេ​ត្យ សិទ្ធិមនុស្ស ការ​កសាង​នីតិរដ្ឋ និង​យុត្តិធម៌​សង្គម ។ ការ​ប្តេជ្ញា​ខិតខំ​ធ្វើ​អោយ​មាន​ការ​រីក​ចម្រើន​ថ្មី នូវ​ជីវភាព​រស់ នៅ​របស់​ប្រជាជន ។ ការ​ជ្រោង​ខ្ពស់​ទង់​ឯករាជ្យ អធិបតេយ្យ​ជាតិ ពង្រីក​សហ​ប្រតិបត្តិកា​រ​ជាមួយ សហគមន៍​អន្តរជាតិ ដោយ​ខិតខំ​ទាក់ទាញ​ជំនួយ​បរទេស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ។




ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​​បានថ្វាយ​ព្រះរាជ​សព្ទ​សាធុការពរបវរមហា​ប្រសើរ​ថ្វាយព្រះករុណា​​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ខួប​លើក​ទី ៧ នៃ​ការ​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គង់​ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ ប្រកបដោយ​ព្រះ​បរមសុខ​ក្សេម​ក្សាន្ត មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា ដើម្បី​បាន​ដឹកនាំ​មាតុភូមិ​កម្ពុជា​រីកចម្រើន​ត​រៀង​ទៅ ។ សូម​បួង​សួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ បារមី​ព្រះ​កែវ​មរកត សូម​ជួយ​អភិបាល​រក្សា​ប្រទាន​សព្ទសាធុការពរ​ថ្វាយ ព្រះករុណា ព្រះ​មហា វីរ​ក្សត្រ ព្រវរ​រាជបិតា​ជាតិខ្មែរ និង សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ សូម​ទ្រង់​​ប្រកបដោយ​ព្រះ​ជន្មាយុ​យឺនយូរ ជាង​រយ​ព្រះវស្សា ព្រះ​សុខុមាល​ភាព​ល្អ​បរិបូរណ៍ ព្រះ​កាយ ពល​មាំមួន ដើម្បី​បាន​គង់​នៅ​​ជា​ម្លប់​ដ៏​ត្រជាក់​ក្សេមក្សាន្ត នៃ​កូនចៅ ចៅទួត របស់​ព្រះអង្គ​យូរអង្វែង ត​រៀង​ទៅ។

សូម ​បញ្ជាក់​ថា នៅ​ក្នុងជំហរ​ដើម្បី​បញ្ចប់​នូវសង្គ្រាម រាំរ៉ៃ និង នាំមក​នូវ​សុខសន្តិភាព​ដ៏ពេញ លេញ គណបក្ស​​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​អតីត​រដ្ឋកម្ពុជា បានដាក់​ចេញ​គោល នយោបាយ​បង្រួប​បង្រួម​ជាតិ ផ្សះ​ផ្សាជាតិ និង​ចាត់តាំង​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​នេះ រហូតឈាន​ដល់​ការជួប​ចរចា​ជាលើក​ដំបូង​រវាង​ព្រះករុណាព្រះ​មហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នៅ​ហ្វែរអង់​តាដឺន័រ ប្រទេស​បារាំង​នា​ថ្ងៃទី ០២ ខែធ្នូឆ្នាំ ១៩៨៧ ។ ផ្តើម​ចេញ​ពី​ជំនួប​លើក​ទី ១ នេះ ការ អនុវត្តន៍​យុទ្ធវិធី​ដើម្បី​សម្រេច ទិសដៅ​យុទ្ធសាស្ត្រ​នៃការ​បង្រួបបង្រួម​ជាតិផ្សះ​ផ្សា​ជាតិ រដ្ឋាភិបាល​អតីត​រដ្ឋកម្ពុជា ដែល​មាន​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន​ ជា ​ប្រមុខ​​បានខិត ខំព្យា​យាម ធ្វើអ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ប្រកប​ដោយ​ជំហរ​ស្មោះត្រង់​រហូត​ដល់​បាន​ សម្រេច​នូវ​កិច្ចព្រមព្រៀង មួយ​នៅ​ទីក្រុង​ប៉ារីស​នាថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ ១៩៩១។

ដូច្នេះគេ ​អាច​ធ្វើ​ការ​វាយ​តម្លៃ​ថា អ្នក​ដែល​នាំ​ឲ្យ​មាន​ កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ ១៩៩១ គឺ​ជំនួប​គ្នា​លើកដំបូងរវាងព្រះករុណាព្រះ​មហាវីរ​ក្សត្រ ព្រះវររាជ​បិតាជាតិខ្មែរ និង​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី។ ឯ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ ១៩៩១ ដែល​មាន​ប្រទេស​ចំនួន​ ១៨ ចូលរួម​ចុះ​ហត្ថលេខា​គាំទ្រ​គឺ​គ្រាន់តែ​ជា​ការ​ធានា​ឲ្យ​ភាគី​ខ្មែរ​ជួប​ ជុំ​គ្នា​ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ និង​កសាង​អភិវឌ្ឍន៍​ប្រទេស​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​មិន​បាន​នាំ​មក​នូវ​សន្តិភាព​ពេល​លេញ​ជូន​ប្រជាជន​ និង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។ សន្តិភាព​ពិត​ប្រាកដ​គឺ​បង្កើត​ឡើង​ដោយ​ នយោបាយ​ឈ្នះ​ឈ្នះរបស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ​ ​។