Wednesday, October 26, 2011

បទវិចារណកថា ប្រឆាំងដើម្បីតែប្រឆាំង



          ក្នុងអំឡុងពេលនៃទឹកជំនន់ដ៏ខ្លាំងក្លា ដែលកំពុងធ្វើឱ្យមានការខូតខាតផ្នែកសេដ្ឋកិច្ចនិងសង្គមយ៉ាង ធំធេងសម្រាប់ប្រទេសកម្ពុជានោះ មេដឹកនាំគណបក្សប្រឆាំងបានប្រមាថឥតសំចៃមកលើរាជរដ្ឋាភិបាលដែល បានឆ្លើយតបយ៉ាងរហ័សក្នុងការជួយឱ្យប្រជាជនកាត់បន្ថយបាននូវការលំបាកជាអតិប្បរមា ជួយទប់ស្កាត់ជម្ងឺ ឆ្លងនានាបណ្តាលមកពីទឹកជំនន់ ជួយដល់អាជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការចាំបាច់ក្នុងការការពារជីវិត ប្រជាពលរដ្ឋ។ល។ មូលហេតុដែលពួកមេដឹកនាំគណបក្សប្រឆាំងជេរប្រមាថដល់រាជរដ្ឋាភិបាល គឺដោយហេតុថា ពួកគេភ័យខ្លាចគណបក្សកាន់អំណាចនឹងទទួលបានផលប្រយោជន៍ពីទឹកជំនន់នេះ តាមរយៈការទទួលបាន ការស្រលាញ់ចូលចិត្តបន្ថែមទៀតនៅក្នុងការបោះឆ្នោតខាងមុខនេះ។
          ច្បាស់ណាស់ គេគ្មានមន្ទិលសង្ស័យទេថា ប្រជាពលរដ្ឋមានភាពវៃឆ្លាតគ្រប់គ្រាន់ក្នុងការយល់ដឹងពី ភាពខុសគ្នារវាងពាក្យសម្តីបានតែមាត់របស់ពួកគេដែលមិនបានជួយអ្វីសោះ និងវិធានការជាក់ស្តែងដែលរាជ រដ្ឋាភិបាលបានដាក់ចេញក្នុងកាលៈទេសៈដ៏សែនលំបាកនេះ ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ពេលនិយាយអំពីទំនាក់ទំនងជាមួយនឹងប្រជាជននៅតំបន់ជនបទ មានការខុសគ្នាស្រឡះតែម្តងរវាងមេដឹកនាំ គណបក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំង។ មេដឹកនាំគណបក្សប្រឆាំងដែលធ្លាប់តែចូលចិត្តម្ហូប បារាំង Paté Chaud និង Foie Gras ជាជាង សម្លកកូរ ត្រូវបានគេមើលឃើញជាទូទៅថាខ្វះលក្ខណៈ សម្បត្តិដែលអាចចូលចុះជាមួយប្រជាពលរដ្ឋសាមញ្ញ
          ផ្ទុយទៅវិញ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈរដ្ឋមន្ត្រី ចុះពិនិត្យតំបន់ដែលរងការ ប៉ះពាល់ដោយទឹកជំនន់ ដើរកាត់តាមភូមិដែលមានការជន់លិច ជិះនៅក្នុងទូកដ៏តូច និងមានប្រសាសន៍ទៅ កាន់ប្រជាជនដែលស្វាគមន៍ សម្តេច ដោយភាពកក់ក្តៅយ៉ាងខ្លាំង។ សម្តេច បានណែនាំដល់គណៈរដ្ឋ មន្ត្រីឱ្យជួយប្រជាជនធ្វើស្រែក្រោយទឹកស្រក ដោយត្រៀមសាបសំណាប ដើម្បីផ្តល់ឱ្យប្រជាជនជាជាងចែក គ្រាប់ពូជ ព្រោះខ្លាចមិនទាន់ទឹកស្រក
          ប្រជាជនគ្រប់រូបមានការហួសចិត្តយ៉ាងខ្លាំងស្ទើរតែមិនអាចជឿបានថា មេដឹកនាំគណបក្សប្រឆាំង ប្រកាន់ជំហរមិនសមស្រប នៅចំពោះមុខគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងររបស់ប្រទេសនេះ។ ប្រជាជនក្នុងតំបន់រង ការប៉ះពាល់ដោយទឹកជំនន់ ឆ្ងល់ថាតើមេដឹកនាំគណបក្សប្រឆាំងទាំងនោះមានបំណងយ៉ាងណា បានជាប្រកាន់ អាកប្បកិរិយាមិនអើពើរទៅនឹងការរងទុក្ខរបស់ប្រជាជនបែបនេះសំនួរនៅត្រង់ថា តើពួកគេនឹងធ្វើអ្វីទៅវិញ នៅពេលដែលពួកគេឈ្នះឆ្នោត ហើយបង្កើតរដ្ឋាភិបាលនោះ។ ច្បាស់ណាស់ ពួកគេនឹងមិនខ្វល់ពីជីវភាពរស់ នៅរបស់ប្រជាជននោះទេ។ ផ្ទុយទៅវិញ ពួកគេធ្វើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ដែលនោះគឺមហិចិ្ឆតាដើម្បីអំណាច។ ជាលទ្ធផល ពាក្យសម្តី និងទង្វើរបស់ពួកគេបានបង្កឱ្យមានការអាក់អន់ ចិត្តយ៉ាងជូរចត់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ក្នុងសុន្ទរកថារបស់ សម្តេច តាម ទូរទស្សន៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន បានហៅគណបក្សប្រឆាំងថា «កំពុងមានជំនន់ទឹកមាត់ខ្លួនឯង»
          ទាក់ទងនឹងហេតុផលនេះ មេដឹកនាំគណបក្សប្រឆាំងកំពុងប្រឆាំងនឹងប្រជាជនរបស់ខ្លួនផង និងប្រឆាំង នឹងនិន្នាការសាកលផងដែរ។ នៅក្បែរយើង លោក Abhisit បានត្រូវគេមើលឃើញនៅជិតលោកស្រី Yingluck ហើយពិភាក្សាពីវិធានការនានា ដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីទឹកជំនន់ដ៏ខ្លាំងក្លានាពេល បច្ចុប្បន្ននេះ។ ដូចគ្នានេះដែរ លោកស្រី Aung San Su Kyi បានលះបង់ចោលជំហរដ៏តឹងរ៉ឹងរបស់ខ្លួនប្រឆាំង នឹងរដ្ឋាភិបាល ហើយកំពុងសហការជាមួយរដ្ឋាភិបាលដើម្បីជាប្រយោជន៍ដល់ប្រជាជន។ នៅពេលដែល ពិភពលោកកំពុងផ្លាស់ប្តូរ ប្រទេសកម្ពុជារបស់យើងក៏កំពុងផ្លាស់ប្តូរជាវិជ្ជមានផងដែរ ដោយសារតែមានគោល នយោបាយដ៏សមស្របត្រឹមត្រូវ និងប្រកបដោយតថភាពរបស់ សម្តេចតេជោ ហ៊ុន សែននៅក្នុង របត់ថ្មីនៃពិភពលោកយើងនេះ បញ្ហាប្រឈម និងហេតុការណ៍ជាក់ស្តែងថ្មីៗជាច្រើនដែលបាននិងកំពុងកើត ឡើង ហើយដែល​ទាមទារឱ្យមានយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីនិងសមស្រប។
          ប៉ុន្តែ ទោះបីជាស្ថិតនៅចំពោះមុខព្រឹត្តិការណ៍ទាំងនេះក៏ដោយ ក៏គណបក្សប្រឆាំងនៅតែមិនអើពើអ្វី សោះ ហាក់ដូចជា «ជើងមិនជាប់ដី» អញ្ចឹង ដូចដែល សម្តេចតេជោ លោកធ្លាប់បានប្រៀបប្រដូចពួកគេ ដោយហេតុតែគេមិនស្គាល់ស្ថានភាពពិតប្រាកដរបស់ប្រទេសជាតិ និងរ​បស់ពិភពលោក។ ជាឧទាហរណ៍ រាល់លើកដែលពួកគេនិយាយទៅកាន់ប្រជាជននៅតាមមូលដ្ឋាន ពួកគេតែងតែនិយាយដដែលៗពីគោល បំណងរបស់ពួកគេ ក្នុងការចម្លងគំរូប្រជាធិបតេយ្យពីប្រទេសលោកខាងលិច នៅខណៈពេលដែលអតីតរដ្ឋ មន្ត្រីក្រសួងការបរទេស Madeleine Albright បានណែនាំផ្ទុយពីនោះថា «ប្រទេសនីមួយៗត្រូវអនុវត្តប្រជាធិប តេយ្យទៅតាមល្បឿនរបស់ខ្លួនរៀងៗខ្លួន និងទៅតាមវិធីរៀងៗខ្លួន។ រដ្ឋាភិបាលដែលកើតឡើងដោយប្រជាជន មិនអាចចាប់បង្ខំពីខាងក្រៅបានទេ។ ជានិច្ចកាល និងគ្រប់ទីកន្លែង ប្រជាធិបតេយ្យ គឺជាការងារត្រូវធ្វើជាបន្ត បន្ទាប់ ហើយគ្មានប្រជាធិបតេយ្យណាអាចបន្តរស់រានទៅបានដោយគ្មានការចូលរួមយ៉ាងសកម្មពីសំណាក់ ប្រជាពលរដ្ឋនោះទេ»។ (យោង៖ សុន្ទរកថារបស់លោកស្រី Albright ស្តីពីសិទ្ធិមនុស្សនៅអាត្លង់តា ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ១៩៩៨)។
          ជាមួយគ្នានេះដែរ បណ្ឌិត Mahathir Mohammad បានទទូចឱ្យប្រជាជនម៉ាឡេស៊ីជៀសវាងមិនឱ្យ ធ្លាក់ចូលក្នុងកលល្បិចរបស់ពួកលោកខាងលិចនោះទេ។ ចំពោះរូបលោក «ប្រជាធិបតេយ្យវាល្អហើយ ប៉ុន្តែផល ប្រយោជន៍របស់វា មានសារៈសំខាន់ជាង» (យោង៖ សុន្ទរកថាគន្លឹះរបស់លោក Mahathir ក្នុងសន្និបាត UMNO ទីក្រុង កូឡាឡំពួរ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០០)។ ចំពោះប្រទេសយើង គ្មានអ្វីសំខាន់ជាងថាតើ យើងអាចរក្សាសន្តិភាព និងស្ថិរភាពដែលជាបុរេលក្ខខណ្ឌចាំបាច់ ដើម្បីរក្សាកម្លាំងចលករនាពេលបច្ចុប្បន្ន នៃសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់របស់យើងបានដែរឬអត់ ហើយបានដោយរបៀបណានោះទេ។ ចំពោះ ប្រជាជនរបស់យើង គ្មានអ្វីសំខាន់ជាងថាតើយើងអាចធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេប្រសើរឡើង តាមរយៈការ កាត់បន្ថយភាពក្រីក្រដែរឬអត់នោះទេ។ ពាក្យស្លោកមួយនៃពាក្យស្លោកនានារបស់គណបក្សប្រជាជនដែល ចែងថាអ្វីៗទាំងអស់ ដើម្បីប្រជាជន ពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនេះ។
          ដូចនេះ ដល់ពេលដែលគណបក្សប្រឆាំងត្រូវពិនិត្យឡើងវិញ និងកែសម្រួលគោលនយោបាយរបស់ ខ្លួនហើយ។ ការយកភាពគុំគួន និងការសសឹធ្វើជាមូលដ្ឋាននៃគោលនយោបាយរបស់ខ្លួននោះ គឺជាទង្វើ ឆោតល្ងង់ ហួសសម័យកាល ហើយនិងខ្វះលក្ខណៈសម្បត្តិជាអ្នកដឹកនាំប្រទេស និងខ្វះការថ្លឹងថ្លែង។ ការផ្លាស់ ប្តូរទាំងស្រុងនៃផ្នត់គំនិតរបស់ពួកគេ គឺជាការចាំបាច់ខ្លាំងណាស់ ប្រសិនបើពួកគេចង់ក្លាយទៅជាគណបក្សដែល មានការទទួលខុសត្រូវ ដែលឈរលើគោលនយោបាយ ជាជាងគ្រាន់តែប្រឆាំងដើម្បីប្រឆាំងមួយមុខគត់នោះ។

សាន់ដ្រា អេង
ទីប្រឹក្សាអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស