Wednesday, November 2, 2011

ឯកឧត្តម​បណ្ឌិត​ សុខ អាន ជួប​​សំណេះ​សំណាល​ជាមួយ​កង​យោ​ពលខេមរៈភូមិន្ទ ឈរ​ជើង​នៅតំបន់​ប្រាសាទ​ព្រះវិហារ


អំណោយរួម​មាន​អង្ករ ៣០តោន ត្រីខកំប៉ុង ២០០កេះ មី ៣០០កេះ តង់ ១០០ និងថវិកា ចំនួន៨៥​​លានរៀល ត្រូវបានឯកឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ ប្រគល់​ជូន​ដល់កង យោធពល​ខេមរៈភូមិន្ទ ដែល​កំពុង​ឈរ​ជើង​ការពារ​នៅទិស​ប្រាសាទ​ព្រះវិហារ​ក្នុង​ពិធី​សំណេះ​សំណាល​ មួយ​ ដែល​រៀប​ចំ​ឡើង​​នៅ​ទី​បញ្ជា​ការ​ដ្ឋាន កង​អង្គរក្ស​ប្រចាំ​ទិស​ព្រះវិហារ។



ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរៈភូមិន្ទ ក្នុងនាម​នាយទាហាន ពលទាហាន​ទាំង​អស់​បាន​មាន​ប្រសាសន៍ ថ្លែង​អំណរ​គុណ​ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែល​តែងតែ​បានយក​ចិត្ត​ទុកដាក់ ចំពោះ​កងទ័ព​នៅសម​រភូមិមុខ តាម​រយៈ​ជួយ​ឧបត្ថម​សំភារៈ ហូប​ចុក និង​កន្លែង​ស្នាក់​នៅ​សម​រម្យ ដល់​កងទ័ព។ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង ក៏​បាន​មាន​ប្រសាសន៍​ លើក​ឡើង​ពីវីរៈភាព​អង់អាច​ក្លាហាន​របស់ កងទ័ព​ដែល​មាន​ស្មារតី​ស្នេហា​ជាតិ និង​ការពារ​បាន​នូវ​បូរណៈ​ភាព​ទឹកដី ព្រម​ទាំង​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​បទ​បញ្ជា និង​អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
មាន​ប្រសាសន៍​​ក្នុង​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខអាន បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ នាយ​ទាហាន ពលទាហាន​ដែល​បាន​តស៊ូ លះបង់​អាយុ​ជីវិត ដើម្បី​ការពារ​ប្រទេស​ជាតិមាតុ​ភូមិ និង​សេច​ក្តី​សុខ​សាន្ត របស់​ប្រជាពល​រដ្ឋ ​ជាពិសេស​ការពារ​បាន​នូវ​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភព​លោក។ ឯកឧត្តម​បណ្ឌិត​បាន​ណែនាំ ដល់​ក្រុម​គ្រួសារ​កងទ័ព ឳ្យ​ចេះ​បង្ក​បង្កើន​ផល ដាំដំ​ណាំ ចិញ្ចឹម​សត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ជា​ពិសេស​​បញ្ជូន កូនចៅ​ឳ្យ​ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈនៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈព្រះ​វិហារ​ យ៉ាឡាយ។ ឯកឧត្តម​បណ្ឌិត សុខ អាន ក៏ ​បានមាន​ប្រសាសន៍​ជម្រាប​ដល់​​មន្រ្តី​កងយោធពល​ខេមរ​ភូមិន្ទ​ពី​សភាព​ការណ៍​ នយោបាយ​ក្នុង និងក្រៅ​ប្រទេស​ជាពិសេស​ជោគជ័យ​ថ្មីៗ របស់​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​លើក​ទី​១៦ របស់​គណបក្ស​នយោបាយ​នៅអាស៊ី ដែល​បាន​ស្នើ​ឳ្យ​ប្រទេស​ដែល​ពុំទាន់​មាន សន្តិភាព​ពេញ​លេញ​ គួរយក​ប្រទេស​​កម្ពុជា​ធ្វើជាគំរូ ក្នុង​ការ​ដោះស្រាយ​នូវវិវាទ​នានា​ការស្វែង​រកសន្តិភាព និង​ការ​អភិវឌ្ឍន៍។

ឯកឧត្តម​បណ្ឌិត​ សុខ អាន ក្នុង ​ឱ​កាស​នោះ​ បាន​ប្រគល់​អំណោយ​ជូន​កង​ពលតូច លេខ៧,៨,៩ កង​ពល​ធំអន្តរាគម​លេខ០៣ បញ្ជា​ការ​​ដ្ឋាន​អង្គរក្ស វរៈនគរ​បាល​ការពារ​ព្រំដែន ក្រុម​សង្កេតការណ៍​ឈប់​បាញ់ និង​គណៈកម្មការ​អភិរក្ស ព្រម​ទាំង​បាន​ចែក​ជូន​ដល់​នាយ​ទាហាន ពលទាហាន​ចំនួន​១៧០០នាក់ នូវ​ថវិកា​ម្នាក់ៗ​ទទួលបាន ២០.០០០រៀល។ បន្ទាប់​មក​ឯកឧត្តម​បណ្ឌិត​​បាន​អញ្ជើញ​ទៅទស្សនកិច្ច​មជ្ឈមណ្ឌល​ បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រះ​វិហារ​យ៉ាឡាយ ដែល​រហូត​មកដល់​បច្ចុប្បន្ន​មជ្ឈមណ្ឌល​បាន​បើក​វគ្គផ្នែក​កសិកម្ម ចំនួន ០៣វគ្គ​ សិក្សា​ក្នុង​រយៈពេល ០១ ខែ លើ​ជំនាញ ដំណាំ​បន្លែ​ចម្រុះ និង​ចិញ្ចឹម​ត្រី ។​ផ្នែក​ឧស្សាហកម្ម​សេវាកម្ម សិក្សា​រយៈ​ពេល ០៤ ខែ ដែល​មាន​ជំនាញ ជួស​ជុលវិទ្យុ ម៉ាញ៉េ និង​ទូរទស្សន៍ ជួស​ជុល​ម៉ាស៊ីន​ធុនតូច និង​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ចេញ​ពី​ឈើ។