Wednesday, November 16, 2011

​បំណង​​របស់​​ក្រុម​​ប្រឆាំង​​មិន​​ចូល​រួម​​ប្រជុំ​សភា​​​អនុម័ត ​ថវិកា​ជាតិ​​ជា​​ការ​​បំផ្លាញ​​ជាតិ​​ពេញ​ទី


សម្ដេ​ច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងឲ្យ​ដឹង​​ពី​ ពុតត្បុត​អាក្រក់​​របស់​ក្រុម​ប្រឆាំង​ ដែលមាន​បំណង​បំផ្លាញ​ជាតិ​តាម​រយៈ​នៃ​​ការ​ព្យាយាម​ប​ន្ទុ​ច​បង្អាក់​ដំណើរ​ ​ការ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ជាតិ​ ដែល​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១១​​ដើម្បី​ អនុម័ត​ថវិកា​ជាតិ​ឆ្នាំ ២០១២​។



សេច​ក្តី​ថ្លែង​របស់​សម្ដេច​តេ​ជោ​ បាន​​​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​ លេខ៣ ចោមចៅ-កំពត​ដែល​ត្រូវ​ប្រកាស​ថា​ជា​ផ្លូវ​មិត្ត​ភាព​កម្ពុជា-កូរ៉េ​ នា​ព្រឹក​ថ្ងៃទី១៤ ខែ​វិច្ឆិកា​ឆ្នាំ​២០១១​។
សម្ដេច​តេ​ជោ​បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា បន្តិចទៀត​នឹងមាន​វីរៈបុរស៤នាក់​នៅក្នុង​គណបក្ស​មួយ​​ដែលមាន​អាសនៈ​នៅក្នុង​ រដ្ឋសភា​លាលែង​ពី​តំណែង ​ជា​គោលបំណង​ដើម្បី​ធ្វើអោយ​រាំង​​ស្ទះ​ដល់​កិច្ច​ប្រជុំ​ពេញអង្គ​ស្ដីពី​ ការអនុម័ត​ថវិកាជាតិ។ ការលើកឡើង​ពី​ការលាលែង​របស់​វីរៈបុរស​ទាំង៤នាក់​នោះ​ធ្វើ​ឡើង​ក្នុង​ កិច្ចប្រជុំ​​តាម​វីដេអូខន​ហ្វឺ​រឹន របស់​បក្ស​នោះ​កាលពី​ថ្ងៃទី៦ខែវិច្ឆិកា ដោយ​សុំអោយ​ជ្រើសរើស​វីរៈ​បុរស​ ៤​នាក់​គឺ​សមាជិក​សភា៤​រូប​​​លាលែង​ពី​តំណែង។​រហូតដល់​ថ្ងៃទី១០ខែវិច្ឆិកា​ ឆ្នាំ២០១១បក្ស​របស់ គេ​ដដែល​បាន​កោះប្រជុំ​វីដេអូ​ខន​ហ្វឺ​រឹន​បី​ជ្រុង​ម្ដងទៀត​ចេញពី​ទីក្រុង​ ភ្នំពេញ ប៉ារីស និង​មួយកន្លែង​ផ្សេង​ទៀត​ជ្រើស​រើស​​វីរៈបុរស៤នាក់​របស់គេ​ ដើម្បី​ធ្វើអោយមាន​អធម្មនុញ្ញភាព​នៃ​ដំណើរការ​សភាជាតិ​ដើម្បី​កុំអោយ​បាន​ អនុម័ត​​ថវិកាជាតិ ព្រោះ​អោយ​វា​ផ្ទុយ​និង​មាត្រា៧៦ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែងថា​រដ្ឋសភា​ត្រូវមាន​អាសនៈ​​យ៉ាងតិច ១២០ ដើម្បី​ដំណើរការ​កិច្ចប្រជុំពេញអង្គ​អនុម័ត​ថវិកាជាតិ។អញ្ចឹងទេ​បើ​គេ​លាលែង ៤ នាក់ ​សភា​មាន​សមាជិក ១១៩ នាក់ ​ដែល​សភា​មិនអាច​អនុម័ត​បានទេ​ហើយ​បើ​អនុម័ត​ទៅ​ក៏​មិន​ប្រក្រតី​ដែរ ។
សម្ដេច​តេ​ជោ​ បាន​ថ្លែងបន្តថា​ពេលនោះ​សមាជិកសភា​បក្ស​របស់​គេ​ធ្វើបែបនេះ​ចង់អោយ​ អន្តរជាតិ​គាបសង្កត់​រដ្ឋាភិបាល​លោក ហ៊ុន សែន ។ គោលបំណង​លាលែង​របស់​សមាជិកសភា ៤ នាក់ ​នោះ​គ្មាន​ការដាក់​ជំនួស​តំណាងរាស្ត្រ​មកវិញ​ទេ។ គេ​អោយ​លាលែង៤ខែ​ហើយ​គេ​បញ្ជាក់ថា​អ្នក​ដែល​ទៅ​ឈរ​ឈ្មោះ​​​បោះឆ្នោត​ ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​​មួយចំនួន​រង់ចាំ​ការបោះឆ្នោត​ព្រឹទ្ធសភា​ហើយ​ ចាំ​លាលែង។ ឯ​តំណាង​រាស្ត្រ​៤នាក់​គេ​អោយ​លា​លែង​២ខែ​មុន។
ទាក់​ទង​នឹង​បញ្ហា​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បាន ​មាន​ប្រសាសន៍​បញ្ជាក់ថា ខ្ញុំ​សូម​ផ្ដាំ​ទៅវិញ​សិទ្ធិ​បកស្រាយ​រដ្ឋធម្មនុញ្ញ​មិនមែន​ប្រធាន​បក្ស​ ដែល​ជាប់គុក​នោះ​ទេ​ មិនមែន​ទណ្ឌិត​ទេ​ហើយក៏​មិនមែន​សមាជិកសភា​ដែរ​ សូម្បី​នាយករដ្ឋមន្ត្រី​ក៏​អត់​មាន​សិទ្ធិ​ដែរ គឺជា​សមត្ថកិច្ច​ពេញទី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​
សម្ដេច​តេ​ជោ​បាន ​ជម្រុញ​​​ថា បើ​យក​ល្អ​ចង់​ធ្វើជា​វីរៈបុរស​ទាំងអស់គ្នា​គឺ​លាលែង​ពី​តំណាងរាស្ត្រ​ ទាំង២៦នាក់​នោះ​ទៅ រួច​ហើយ​បោះបង់ចោល​អាសនៈ​សភាទៅៗ ងាយស្រួល​អោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​យកស​ន្លឹ​ក​ឆ្នោត​ ទាំងនោះ​បែងចែក​ដល់​បក្សផ្សេងៗទៀត​ ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា។ បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ​​នៅឯ​កិច្ចប្រជុំ​ ផ្ទៃក្នុង​របស់​​ក្រុម​ប្រឆាំង​កាលពី​ថ្ងៃទី៦វិច្ឆិកា ឆ្នាំ ២០១១ ​ក៏មាន​សមាជិកសភា​របស់​ក្រុម​ប្រឆាំង​​បាន​លើកឡើង​អោយសមាជិកសភា​ទាំង២៦នាក់​ នោះលាលែង​ដែរ។ គេ​លើកឡើង​បែបនេះ​គោល​បំណង​​មិន​ចង់អោយ​ខ្ចី​ថវិកា​ពី​អន្តរជាតិ​ព្រោះ​សភា​ ត្រូវ​អនុម័ត​​ថវិកា​ជា​កញ្ចប់​ ដែលមាន​ថវិកាជាតិ​និង​ថវិកា​អន្តរជាតិ។
ប្រមុខ ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​បញ្ជាក់ថា«អានេះ​បំផ្លាញ​ជាតិ​ពេញទី» សូមកុំ​បង្កើត​បញ្ហា​ខាងក្រៅ​ដើម្បី​យកមក​រំងាប់​បញ្ហា​ផ្ទៃក្នុង​បក្ស​ របស់ខ្លួន​ដែល​កំពុង​បែក​​ជា​៥​ក្រុម​។​
សម្ដេច​តេ​ជោនាយក​រដ្ឋមន្រ្តី​ ក៏​បាន​មាន​ប្រសាសន៍​​ផ្ដាំផ្ញើ​ទៅ​មិត្ត​ភ័ក្តិ​បរទេស​ថា បើសិន​ចង់បាន​ខ្សែអាត់​ក្នុង​កិច្ចប្រជុំ​របស់គេ​នៅ​ថ្ងៃទី៦ និង​ថ្ងៃ​ទី១០ វិច្ឆិកា ឆ្នាំ ២០១១ សម្តេច​នឹង​​​ជូន​ខ្សែអាត់​អំពី​បំណង​អាក្រក់​របស់​បក្សនយោបាយ​មួយ​នោះ។ ទាក់​ទង​នឹង​ពុត​ត្បុត​អាក្រក់​នេះ​សម្តេច​តេជោ​បាន​លើក​សំណួរ​ថា តើ​គេ​បំផ្លាញ​ជាតិ​ប៉ុណ្ណា? ចង់អោយ​កើតមាន​អស្ថិរភាព​ប៉ុណ្ណា?