Wednesday, November 16, 2011

ប្រមុខ​​រាជ​​រដ្ឋាភិបាល​​កម្ពុជា​ សម្តេច​​តេជោ​​ព្រមាន​​ចាត់​វិធាន​ការ​ផ្លូវច្បាប់ ចំពោះ​ការ​​ប្រៀប​​ប្រដូច​​រូប​សម្តេច​ទៅ​នឹង​អតីត​​មេដឹក​​នាំ​លីប៊ី​ ហ្គាដាហ្វី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានព្រមាន​យ៉ាង​ម៉ឹងម៉ាត់នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ​ចំពោះ​ការប្រៀប​ប្រ​​ដូច​រូប​សម្តេច​​ទៅ​នឹង លោក ហ្គាដាហ្វី អតីត​មេដឹកនាំ​ប្រទេស​លីបី​ ដែល​ត្រូវ​​បាន​សម្លាប់​ដោយ​ក្រុម​ប៉ះបោ​ ក្រោម​ការ​គាំទ្រ​ជា​អតិបរមា​ដោយ​អង្គការ​ណាតូ​។

​ក្នុងពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ៣ ពី​ចោម​ចៅរាជធានីភ្នំពេញ​​ទៅ​កាន់​ទី​រួម​ខេត្ត​កំពត នា​​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ សម្តេចតេជោនាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ ​ថា «ខ្ញុំសូម​ផ្តាំទៅ ថ្ងៃ​ក្រោយ​កុំប្រៀប​ធៀប ហ៊ុន សែន ជា​មួយ ហ្គាដាហ្វី បើ​មិន​ដូច្នេះ​ទេ ខ្ញុំនឹង​ធ្វើ​សកម្មភាព​តាមផ្លូវ​ច្បាប់​នៅ​ពេល ដែល​ចាប់​បាន​អំពី​ការប្រៀប​ធៀប​បែប​នេះ​តទៅ​ទៀត។ ខ្ញុំមិន​អាច​អត់​ឱន​ឲ្យបាន​ទេ ព្រោះ​នេះជា​ការប្រមាថ​អាយុ​ជីវិត»។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា ការ​ប្រមាថ​អាយុ​ជីវិត​មនុស្ស​មិន​ថា​មនុស្ស​នោះ ជា​មនុស្ស​សាធារណៈ​ដែល​គេអាច​ជេរ​បាននោះ​ទេ​ ប៉ុន្តែ​សូម​កុំប្រមាថ​សម្លាប់ ដែល​ការណ៍​នេះត្រូវ​តែចាត់​វិធាន​ការផ្លូវ​ច្បាប់ហើយ។ កុំប្រៀប​ខ្ញុំជា​មួយ ហ្គាដាហ្វី ហើយ​លោក​ឯង​កុំ​ប្រាថ្នា​​បំបែក ទឹក​ដី​កម្ពុជា តាម​រយៈ​ការធ្វើ​សង្រ្គាម​ ឬ ប្រើ​​អំពើ​ហិង្សា​ណា​មួយ»។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹងថា ជំនាន់​បញ្ហា​កើត​មាន​ឡើង​នៅ​ប្រទេស ទុយណេ​ស៊ី ក្រុម​ប្រឆាំង​បាន​ប្រៀបធៀប សម្តេច​ទៅនឹង បែន ណាលី អតីតប្រធានាធិបតី​នៅ​ទុយនេស៊ី។  សម្តេច​តេជោ​បញ្ជាក់ថា គេ​មិន​យក បែន ណាលី មក​ប្រៀបធៀប​ជា​មួយ​កម្ពុជាទេ ព្រោះ បែន ណាលី មិន​ដែល​បោះ​ឆ្នោតទេ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មាន​ប្រសាសន៍​ថា រឿង​ដែល​គួរ​ឲ្យខ្លោច​ចិត្ត​បំផុត រឿង​ដែល​គួរឲ្យ​ឈឺចាប់ ដែល​ជា​ការ​ប្រមាថ​ដល់អាយុ​ជីវិត​គឺ​ការប្រៀប​ធៀបខ្ញុំ​ទៅ​នឹង ហ្គាដាហ្វី នៅ​ប្រទេស​លីប៊ី ដែល ហ្គាដាហ្វី ត្រូវ​បាន​ច្បាំង​គ្នា ហើយ​ត្រូវបាន​ពួក​ណាតូ​ចូល​ជួយ​អន្តរាគមន៍ ដែល​នៅ​ចុង​បំផុត​ចាប់​បាន ហ្គាដាហ្វី រួច ហើយ​បាញ់​សម្លាប់ ហ្គាដាហ្វី។ ​សូម្បី​តែ​សហរដ្ឋអាមេ​រិក​ក៏ឲ្យ​ធ្វើ​ការស្រាវ​ជ្រាវដែរ ថា​ហេតុអ្វី​បាន​ជា​បាញ់​សម្លាប់ ដែល​ធម្មតា​មេដឹកនាំ​ក្តី ឈ្លើយ​សឹក​ក្តី នៅពេល​ចាប់​បាន​ហើយ គេមិន​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទេ។
សម្តេចតេជោ​នា​យក​រដ្ឋមន្រ្តី​មានប្រសាសន៍​ថា ប្រសិន​បើក្រុមប្រឆាំង​ប្រៀបធៀប​រូបលោក​ទៅនឹង អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​លោក អាប់ភីស៊ីត វា ចាជីវ៉ា នៅ​ប្រទេស​ថៃ​លោក​យល់​ព្រម វាគ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ អាប់ភីស៊ីត ចាញ់​ឆ្នោត​ហើយ​បាន​ចុះចេញ ហើយ​ឲ្យ​លោក​ជំទាវ យីង ឡាក់ ឡើង​ធ្វើនាយករដ្ឋ​មន្រ្តី ព្រោះ​នេះ​ជា​របប​បោះឆ្នោត ៥ ឆ្នាំម្តង។
សម្តេចតេជោ​ថ្លែងថា ខ្ញុំសូម​ប្រកាស​នៅឆ្នាំ ២០១៣ ពិត​ជា​មាន ការ​ផ្លាស់​ប្តូរ គឺ​​ប្តូរពីអាណត្តិទី​៤ ទៅ​​​កាន់​អាណត្តិទី ៥ តែ​រឿង ហ៊ុន សែន ធ្វើ​នាយក​រដ្ឋមន្រ្តី តទៅ​ទៀត​ក៏​មិន​មែន​ធ្វើ​នាយក​រដ្ឋមន្រ្តី​នៃ​អាណត្តិ​​ទី៤​ដែរ ប៉ុន្តែ​ធ្វើ​នាយក​រដ្ឋមន្រ្តី​អាណត្តិទី​៥ នេះ​ក្នុង​ករណី​គណបក្ស​ប្រជាជន​កម្ពុជា​​ជាប់​ឆ្នោត។ បើ​​​ក្នុង​ករណី​​​គណបក្សប្រជាជន​ចាញ់​ឆ្នោត សូម​កុំបារម្ភ ខ្ញុំ​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​គាំទ្រលទ្ធផល​បោះឆ្នោត​ភ្លាម ដែល​ក្នុង​រយៈ ពេល ៦០ ថ្ងៃ​ក្រោយ សូម​មក​វិមាន​សន្តិភាព ខ្ញុំ​ប្រកាស​ផ្ទេរដំណែង​ឲ្យ​ដោយ​មិនចាំ​បាច់​កង្វល់ នោះទេ។
សម្តេចតេជោ​​មាន​​ប្រសាសន៍​ថា វាអាក្រក់​ជួរជាតិ​បំផុត ដែល​គេ​ប្រមាថ​ខ្ញុំ​ដូច ហ្គាដាហ្វី តើ​មាន​ន័យ​ដូច​ម្តេច? ទាំង​បដិវត្តន៍​ផ្កាម្លិះ ​នៅ​ទុយនេស៊ី ទាំង​ការ​ប្រយុទ្ធគ្នា​ទៅ​ដោយ​ការ​ឈ្លាន​ពាន​របស់​បរទេស នៅ​ឯ​លីប៊ី ហើយ​គេបាញ់​សម្លាប់ ហ្គាដាហ្វី បែរ​ជា​បក្សប្រឆាំង​យក​មក​ប្រៀបធៀប​បាន​ដែរ។ នៅ​ពេល ដែល​ខ្ញុំ​ឆ្លើយ​តប​ទៅវិញ​គេបែរ​ជា​ថា ខ្ញុំ​គម្រាម​កំហែង។ តើ​អ្នក​ណា​គម្រាម​អ្នកណា លោក​ឯង​គម្រាម​សម្លាប់ ចុះខ្ញុំ ខ្ញុំ​គ្រាន់​តែ​និយាយ​ជូន​អ្នក​ឯង​ត្រឡប់​ទៅវិញ បែរ​ជា​ថា ខ្ញុំគម្រាម​កំហែង​ទៅវិញ? សម្តេចតេជោ​ថ្លែង​ថា «អ្នក​ឯង​បាន​ប្រៀប​ធៀបខ្ញុំ ជាមួយ​អ្នកស្លាប់​ដោយ​ចម្បាំង អ្នក​ឯង​ចង់​ច្បាំង ខ្ញុំ​ត្រូវ​ចាត់វិធាន​ការ​មុន ព្រោះ​នេះ​ជាការ​ចាំបាច់របស់​រាជរដ្ឋាភិបាល ដើម្បីការពាររដ្ឋ​ធម្មនុញ្ញ ការពារ​ស្ថិរ​ភាពប្រទេស​ជាតិ ព្រោះ​ទម្រាំ​បាន​បង្រួប​បង្រួម​ជាតិមិនមែន​ងាយទេ»៕