Monday, November 21, 2011

វិចារណកថា​ ហេតុផលប្រជាភិថុតនៅពីក្រោយការធ្វើពហិការ


 

          ក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញលោក សម​ រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំងនៅ​កម្ពុជា បានខិតខំប្រឹងប្រែងរិះរកលេស និង ហេតុផលដើម្បីទាក់ទាញការចាប់​អារម្មណ៍​ពីគ្រប់មជ្ឈដ្ឋានទាំង​​ក្នុងផ្ទៃក្នុងជាតិ និង នៅលើឆាកអន្តរជាតិ ដោយគិតចាប់តាំងពីការបំផុស​ឲ្យមាន​ការងើប​ឡើងតវ៉ា​ប្រឆាំង​របស់ប្រជាជនដូចនៅពិភពអារ៉ាប់ ការរត់ទៅពឹងពាក់ជនបរទេស​ឲ្យមកដឹក​ច្រមុះ និង​ បញ្ជាខ្មែរ និង ការធ្វើ​អានុត្តរភាពលើប្រជាជាតិខ្មែរទាំងផ្នែកសេដ្ឋកិច្ច​ សង្គម និង នយោបាយ បើ​ទោះ​​បីប្រជាជាតិខ្មែរ​គ្រប់រូប​កំពុង​ខិតខំពួនជ្រុំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯកភាព​ជាតិ តម្លៃ និង សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិខ្មែរ និង​ ការស្តារឡើងវិញនូវកិត្តិស័ព្ទក្នុង​នាម​ជា​អារ្យ​ប្រទេសនៅ​លើផ្ទៃរាប​ជាតិ និង អន្តរជាតិ​ក៏ដោយ។

          មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី បានបន្តព្យាយាមគម្រាម​ធ្វើឲ្យមានការរាំងស្ទះ​ដល់ដំណើរ​ការ​​របស់​​ស្ថាប័ន​ជាតិ អស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការគម្រាម​បង្កើត​ឲ្យ​មាន​​អធម្មនុញ្ញ​ភាព និង ធម្មានុរូបភាពនៃដំណើរការរបស់រដ្ឋសភាពជាតិ តាមរយៈការលា​ឈប់​ពីសមាជិក​តំណាង​រាស្រ្តទាំង ២៦ រូប របស់ខ្លួន ក្នុងគោលដៅសម្រេចនូវ​ប្រយោជន៍របស់ខ្លួន​តែ​មួយ​គត់ គឺដើម្បី លោក សម រង្ស៊ី ខ្លួនឯងបានវិលត្រឡប់ចូលស្រុកវិញ។

          តើហេតុផលអ្វីខ្លះដែលនាំឲ្យលោក​ សម រង្ស៊ី ធ្វើការសម្រេចចិត្តទាំងប្រថុយប្រថានដូច្នេះ?
          ក្នុងគោលដៅតែមួយគត់ គឺការបានចូលស្រុកវិញ លោក សម រង្ស៊ី បានសម្រេចចិត្តដោយបង្ខំ និង បង្ខំ​ឲ្យសមាជិកសភាតំណាងរាស្ត្ររបស់ខ្លួនទាំងអស់លាឈប់ ដើម្បីធ្វើឲ្យមានអធម្មនុញ្ញភាព និង ភាព​ស្រប​ច្បាប់របស់ស្ថាប័នជាតិកំពូលមួយនេះ ដោយលោកបានលើកយកហេតុផលចំនួនពីរ ក្នុងចំណោម​ហេតុ​ផល​ដទៃទៀត ក្នុងនោះរួមមាន៖ ករណីដីធ្លី និង បំណុលសាធារណៈ។

តើការព្រួយបារម្ភដែលជាលេសរបស់លោក សម រង្ស៊ី ទៅលើហេតុផលទាំងពីរខាងលើនេះ ជា​ការ​ត្រឹមត្រូវ ឬយ៉ាងណា ហើយ​អាចធ្វើឲ្យលោក សម្រេចបំណងរបស់ខ្លួនដែរឬទេ?

រហូតមកដល់ពេលនេះ ករណីដីធ្លី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងដោះស្រាយ​បញ្ហានេះ ដោយ​ការប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយយុត្តិធម៌ សមធម៌ និង ការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈ​ការកសាង​មូលដ្ឋាន​សុរិយោដី ការគ្រប់គ្រងដីធ្លី ការចេញប័ណ្ណសំគាល់សិទ្ធិកាន់​កាប់ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​ជាម្ចាស់ដីរាប់​លាន​ក្បាលដី ទាំងការផ្តល់ជាប្រព័ន្ធ និង ការផ្តល់ដាច់ដោយដុំ។ ការ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏ធំធេង​នេះ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ទស្សនៈវិស័យ​វែង​ឆ្ងាយ និង គ្រប់ជ្រុង​ជ្រោយ ដោយរួម​ទាំង​ការតាំងចិត្ត បូកផ្សំនឹងលទ្ធភាព​ផ្នែកបច្ចេកទេស ធនធាន​មនុស្ស ធនធានថវិកា និង ពេលវេលា​ផង​ដែរ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានបង្កើតឲ្យមានយន្ត​ការដោះស្រាយទំនាស់ដីធ្លី និង ការធ្វើកំណែ​ទម្រង់​ការគ្រប់គ្រងដីធ្លីចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់ជាតិ ដូចជាគណកម្មាការ​ដោះ​ស្រាយ​វិវាទដីធ្លី​នៅ​​កំរិតស្រុក ខេត្ត អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មាការដោះស្រាយដី​សម្ប​ទាន​​​សង្គមកិច្ច​សម្រាប់ប្រជាពលរដ្ឋក្រីក្រ និង ក្រុមប្រឹក្សាកំណែទម្រង់ការគ្រប់គ្រងដីធ្លីជាដើម ដើម្បីដោះ​ស្រាយ និង គ្រប់គ្រងករណីដីធ្លី។​

តែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ ពិតជាមានការខ្វះចន្លោះខ្លះដែលយើងមិនទាន់​បានដោះ​ស្រាយ​ឲ្យបានទាន់ពេលវេលា ក៏ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតអប្បរមាតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសមិទ្ធ​ផល​ដែល​យើងសម្រេចបាន។ សូមកុំភ្លេចថា​ ការខ្វះចន្លោះទាំងនេះ មិនមែនកើតមាននៅពេលនេះឡើយ គឺកើត​មានឡើង​ដោយ​សារ​របបខ្មែរក្រហម និង សង្គ្រាមស៊ីវិល ដែលបានលប់បំបាត់នូវរបបកម្ម​សិទ្ធិឯក​ជន បំផ្លិចបំផ្លាញ​នូវ​ប្រវត្តិ​នៃ​ការ​គ្រប់​គ្រងដីធ្លីទូទាំងប្រទេស ដោយរួមទាំងសម្លាប់ជីវិតមនុស្សដែល​ជាម្ចាស់​កម្មសិទ្ធិ​លើដីធ្លីទាំង​នោះ​ និង វិស័យដទៃ។

បើនិយាយអំពីបំណុលសាធារណៈ រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទើបតែមាន​បំណុល​​ចំនួ​នជាង​ ២ ពាន់លានដុល្លាអាមេរិក ឬ ប្រហាក់ប្រហែលនឹងចំនួន ២៨ ភាគរយ នៃផលិត​ផល​​សរុប​ក្នុងស្រុក (GDP) ដែលខុសពីប្រទេសមួយចំនួននៅក្នុងសហគមន៍អឺរ៉ុបដូចជាប្រទេសក្រិច ជាង ១៤៦.៧៦ ​ភាគ​​រយ ប្រទេសបារាំងប្រហែលជាង ៨២.៣៣ ភាគរយ ប្រទេសអ៊ីតាលីប្រហែល ១១៩ ភាគរយ នៅ​ប្រទេស​​​ជប៉ុន ប្រហែល ២២០ ភាគរយ ប្រទេសវៀតណាម​មានចំនួន ៥២.៨៥ ភាគរយ​ ប្រទេស​ថៃក៏មាន​ចំនួន​ប្រមាណ​ ៤៤.០៦  ភាគរយ ប្រទេសឡាវ ចំនួន ៦២.០៥ ភាគរយ នេះ​បើតាម​ប្រភព​មូលនិធិរូបិយវត្ថុអន្តរជាតិ ឆ្នាំ២០១០ ។
តើគួរព្រួយបារម្ភចំពោះបំណុលសាធារណៈ ដល់ថ្នាក់យកសភាជាតិ ធ្វើជាឧបករណ៍នយោបាយ ឬ​យ៉ាងណា បើប្រៀបធៀបជាមួយនឹងកម្រិតបំណុលរបស់ប្រទេសដទៃខាងលើនេះ?

រាជរដ្ឋាភិបាល បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់ប្រាក់កម្ចីបរទេសក្នុងគោលដៅអភិវឌ្ឍ​មូលដ្ឋាន​សេដ្ឋកិច្ច សង្គម និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុងទូទាំង​ប្រទេស ដូចជាការជុសជុល​ ការថែរក្សា និង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវថ្នល់ ស្ពាន សាលា​រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អាងទឹក វារីអគ្គីសនី ។ល។ ដែលជាបុរេលក្ខខណ្ឌ​មួយ​ មិនត្រឹម​តែជួយ​រួមចំណែកក្នុងបង្កើនចំណូល ការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ក៏ប៉ុន្តែ​វាបានជួយធ្វើសមាហរណកម្មផ្ទៃក្នុងរបស់ប្រជាជាតិខ្មែរទាំងមូល។ មួយចំណែកទៀត បា្រក់កម្ចីទាំង​នោះ​ត្រូវបានប្រើប្រាស់ដើម្បីកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលរួមមាន៖ ការវិនិយោគ​លើវិស័យអប់រំ សុខាភិបាល កសិកម្ម កសិ-ឧស្សាហកម្ម ការពង្រឹងសមត្ថភាពភ្នាក់ងារសេដ្ឋកិច្ច ​និង បច្ចេក​ទេស​នានា។ល។ ដែលសុទ្ធសឹងតែជាកត្តាសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ចំពោះករណីប្រាក់បំណុលជាតិ ឬ បំណុលសាធារណៈរបស់កម្ពុជា​ គឺមានលក្ខណៈផ្ទុយ​ស្រឡះពី​ប្រទេស​មួយចំនួននៅអឺរ៉ុប និង​ប្រទេសដទៃទៀត ដូចជាប្រទេសក្រិច គឺគេខ្ចីប្រាក់ដើម្បីតែយក​មក​ចាយ​តែ​ប៉ុណ្ណោះ ពោលគឺចំណាយលើបា្រក់បៀវត្សរ៍មន្ត្រីសាធារណៈ ការចំណាយផ្នែករដ្ឋបាល និង សង្គមកិច្ច។​ និយាយជារួម គេជាប់បំណុលដោយសារខ្ចីលុយយកមកចាយ ហើយកម្ចីជិតស្មើ ឬ លើសពីផលិតផលក្នុង​ស្រុកសរុប​របស់ខ្លួន ប្រទេសមានចំនួនជិត ២០០ ភាគរយ ឬ លើសពី ២០០ ភាគរយ។ រីឯកម្ពុជា ជាប់​បំណុល​ដោយ​សារខ្ចីប្រាក់របស់គេ ដើម្បី​យកមកធ្វើការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ ការកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ ហើយកម្រិតប្រាក់​បំណុល គឺទើបតែមានចំនួនប្រហាក់ប្រហែល ២៨ ភាគរយ​ប៉ុណ្ណោះ​បើធៀបនឹង​ផលិត​ផលសរុបក្នុងស្រុក នេះ បើតាមអង្កេត ការតាមដាន និង ការសិក្សារបស់អ្នកជំនាញ។

ដូច្នេះ ការប្រកាន់យកហេតុផលទាំងពីខាងលើ គឺជាការគិតខុសទាំងស្រុង និង ផ្ទុយទៅនឹងបំណង​ប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសនៅជនបទដាច់ស្រយាល ដែលកពុងទន្ទឹងរង់ចាំយ៉ាងទទួចឲ្យមានការ អភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពានសម្រាប់ពួគគាត់ផ្ទាល់ផង និង សម្រាប់​​​អនាគត់កូ​នចៅរបស់គាត់ផង។

ជាងនេះទៅទៀត គ្រោះទឹកជំនន់ក្នុងឆ្នាំនេះ បានធ្វើឲ្យកម្ពុជា ខូចខាត និង អន្តរាយនូវហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្ត ​ ទ្រព្យសម្បត្តិ និង ពេលវេលារបស់ប្រជាពលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រូវទាមទារ​ឲ្យ​ប្រជាជាតិខ្មែរទាំងអស់យកចិត្តទុកដាក់រួមគ្នាដើម្បីដោះស្រាយ រួមទាំងគណបក្សសម​ រង្ស៊ីផងដែរ ដែលមិន​គួរ​លោក សម រង្ស៊ី មើលរំលង ឬ មិនរវីរវល់បញ្ហាលំបាករបស់ជាតិដូច្នេះឡើយ។

ហើយនៅទីបំផុត បើសិនជាលោក សម រង្ស៊ី នូវតែប្រកាន់យកនូវសម្រើស​នយោបាយបែបនេះ​មែន​នោះ មានន័យថា លោក សមរង្សី កំពុងតែជ្រើរើសយកនយោបាយអត្តឃាត និង យកសេចក្តីសង្ឃឹម​នៃបំណង​ប្រាថ្នា​របស់អ្នកគាំទ្ររបស់ខ្លួន ទៅបោះចោលក្នុងធុងសម្រាម។

ដោយ រាជ្យ សុវណ្ណនគរ