Monday, November 21, 2011

​តួនាទី​របស់​​កម្ពុជា​​បាន​​ជ្រួត​​ជ្រាប​​ចូល​​​ក្នុង​​យន្តការ​​នានា​​របស់​​អង្គការ​​យូណេស្កូ



​ឯកឧត្តមបណ្ឌិត​ សុខ អាន​ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន ​មាតុ​ភូមិ​និវត្តន៍​ប្រទេស​វិញហើយ​ បន្ទាប់ពី​បានដឹក​នាំ​ប្រតិភូ​​គណៈកម្មការ​ជាតយូណេស្កូ​កម្ពុជា​​​ចូលរួម​កិច្ច ប្រជុំ​មហាសន្និបាត​លើក​ទី​១៨ របស់​អង្គការ​យូណេស្កូ​ដែលបានប្រព្រឹត្តទៅពីថ្ងៃ​ទី​៣ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។


​នៅក្នុង​សន្និសីទកាសែត ដែលបានធ្វើឡើង​នា​ព្រលប់​​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ ជាតិ​ភ្នំពេញ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា គណៈ​កម្មការ​​​ជាតិ​យូណេស្កូ​ នឹង​ស្នើ​សុំ​ទៅ​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ដើម្បី​បង្កើន​ថវិកា​វិភាគទាន​របស់​កម្ពុជា​ទ្វេ​ដង​ ដើម្បី​ជួយ​សម្រួល​ការ​ខ្វះ​ខាត​នៅ​ក្នុង​អង្គការ​យូណេស្កូ​ និង​ស្នើ​សុំ​​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​គណៈកម្មការ​​​ជាតិ​យូណេស្កូ​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ក្រៅ​ពី​សំណើ​នេះ​ឯកឧត្តម​បណ្ឌិត សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​រៀប​ចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ឆ្នាំ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​អង្គរវត្ត​នៅ​ឆ្នាំ​២០១២​ ក៏​ដូច​អប​អរ​សារទរ ​ចំពោះ​ខួប​លើក​លើក​ទី ៤០ ឆ្នាំ នៃ​អនុសញ្ញា​អន្តរជាតិ​បេតិកភណ្ឌ​ពិភពលោក​ ឆ្នាំ ១៩៧២ ​ផង​ដែរ​។​ ចំពោះ​ការ​ទៅ​ចូលរួម​ប្រជុំ​នៅក្នុង​មហាសន្និបាត​របស់​អង្គការ​យូណេស្កូ​ លើក​ទី​១៨ ឯកឧត្តមបណ្ឌិត​ សុខ អាន បាន​បញ្ជាក់ថា កម្ពុជា​​ទទួលបាន​ លទ្ធផល​ល្អ​។

​ដោយ​នៅក្នុង​ការប្រជុំ​នោះ​មាន​ព្រឹត្តិការណ៍​ពីរ គឺ​ទី​១ ការប្រជុំ​សន្និសីទ​ទូទៅ​របស់​អង្គការ​យូណេស្កូ។ ទី​២ ការចូលរួម​ប្រជុំ​មហាសន្និបាត​របស់​គណៈ​ក​ម្មា​ការ​បេតិកភណ្ឌ​ពិភពលោក តាម​អនុសញ្ញា​ឆ្នាំ​១៩៧២​ ឯកឧត្តម​បណ្ឌិត សុខ អាន​ ដែល​ជា​ប្រធាន​គណៈកម្មការ​​​ជាតិ​យូណេស្កូ​ផង​ដែរ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ​ចំនួន​នៃ​សមាជិក​របស់​អង្គការ​យូណេស្កូចំនួន​សមាជិក​គណៈ កម្មាកា​រ​បេតិកភណ្ឌ​ពិភពលោក​មាន ការ​ផ្លាស់​ប្តូរ​ច្រើន​។ ដោយ​ទី​១ នៅ​យូណេ ស្កូ​ពីមុន​ធ្លាប់មាន ១៩៣ ឥឡូវ​មាន ១៩ ៥ គឺ​ច្រើនជាង​អង្គការសហប្រជាជាតិ​មាន ១៩២ ថែម​ស៊ូដង់​មួយទៀត ១៩៣​។ ចំណែក​យូណេស្កូ​មាន ១៩៥ ក្នុងចំ ណោម​ប្រទេស​នៅលើ​សកលលោក​ទាំងអស់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​បន្តថា នៅក្នុង​ការវិវត្តន៍​ថ្មីៗ​នៅ​ឆ្នាំនេះ​យូណេស្កូ​បានអនុម័ត​តាមរយៈ​សន្និសីទ ​ទូទៅរ​បស់​ខ្លួន គឺ​បញ្ចូល​ប្រទេស ស៊ូដង់​ខាងត្បូង ហើយ​និង​អង្គការ​ប៉ា​ឡេ​ស្ទី​ន​ចូល​ជា​សមាជិក​។ ប៉ុន្តែ​វា​កើតមាន​បញ្ហា​ចំពោះ​ការចូល​ជា​សមាជិក​របស់​ប៉ា​ឡេ​ស្ទី​ន ដោយមាន​ប្រទេស​មួយចំនួន​ជំទាស់​ខ្លាំង​មានដូចជា សហរដ្ឋអាមេរិក អ៊ីស្រាអែល កាណាដា គឺ​ជំទាស់​ខ្លាំង​រហូត​សហរដ្ឋអាមេរិក​បានកា​ត់​ថវិកា​ដែល​ផ្តល់​ឲ្យ​ យូណេស្កូ ១ ឆ្នាំ​ជាង ២២ ភាគ រយ នៅក្នុង​ថវិកា​រួម ១ ឆ្នាំ​ជាង ៣០០ លាន​ដុល្លារ​អាមេរិក​។ ហើយ ២២ ភាគរយ​ដែល​អាមេរិក​ផ្តល់​ឲ្យ​ប្រហែលជា ៧១ លាន​ដុល្លារ​អាមេរិក​ដែល​នៅ​សល់​ត្រូវ​បង់​ នៅក្នុង​ឆ្នាំនេះ ៦៥ លាន​ដុល្លារ​អាមេរិក ក្នុងចំណោម ៧១ លាន​ដុល្លារ​អាមេរិក​។ អាម​រិ​ក​ប្រកាស​ផ្តាច់​​លុយ​នោះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីបាន​បន្តទៀតថា លោកជំទាវ​អគ្គនាយក​អង្គ ការ​យូណេស្កូ អេ​រី​ណា បូកូវ៉ា ក៏បាន​ចាត់វិធានការ​មួយចំនួន គឺ​កាត់បន្ថយ​នូវ​គម្រោង​ខ្លះ ហើយ​ប្រើប្រាស់​នូវ​ថវិកាបម្រុង​ដែលមាន​ប្រហែល ៣០ លាន​ដុល្លារ​អាមេរិក​របស់​យូណេស្កូ​យកមកប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ​នេះ « ហើយលោកជំទាវ បានធ្វើ​ការ​អំពាវនាវ​អោយប្រទេស​ផ្សេងៗ ដែលជាសមាជិក ជួយ​ផ្នែក​ថវិកា បន្ថែម»។ ​ ចំពោះ​ បញ្ហា​នេះ​ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី ​សុខ អាន បាន​លើកឡើងថា ឯកឧត្តម ​និង​សំណូមពរ​សុំ​គោលការណ៍​ពី​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​រំលែក​ការ​លំបាក​នេះ​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​​ជា​សមាជិក​។

ទាក់​ទង​នឹង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក (WHC) ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា WHC បា​ន​ធ្វើ​ការ​បោះ​ឆ្នោត​​រើស​រើស​សមាជិក​ថ្មី​ចំនួន​ ៩ ប្រទេស​ រួម​មាន​ ប្រទេស អាល់​ហ្សេរី កូឡុំប៊ី កាតា ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត​ សេណេហ្កាល់​ និង​ស៊ែប៊ី ជំនួស​សមាជិក​ចាស់​ដែល​ផុត​អាណត្តិ​។ កម្ពុជា​នៅ​បន្តធ្វើ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ WHC រហូត​ដល់​ឆ្នាំ ២០១៣ ។ ដោយសារ​ប្រទេស​ជា​សមាជិក​ជា​ច្រើ​ន​ប្រកួត​ប្រជែង​ចង់​រៀប​ចំ​កិច្ច​ប្រជុំ​ គណៈកម្មា​ធិការ​​​​បេតិកភណ្ឌ​ពិភពលោក (WHC) ឯកឧត្តម​បណ្ឌិត​ សុខ អាន​ បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​កម្ពុជា​បាន​គាំទ្រ​យោបល់​របស់​អ្នក​ជំនាញ​ការ​យូណេស្កូ​ ស្តី​​ពី​ការ​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ជាតិ​អង្គការយូណេស្កូ​ តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​​មាន​ប្រទេស​ចំនួន​ ៤៧ ។​


ចំពោះ​ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​ ២០ ឆ្នាំ នៃ​ការ​ចុះ​បញ្ជី​​ប្រាសាទ​អង្គរ​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក​ និង​អប​អរ​ខួប​ទី​៤០ អនុសញ្ញា​បេតិកភណ្ឌពិភពលោក​ឆ្នាំ ១៩៧២ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ការ​កោត​សរសើរ​ពី​អង្គការ​យូណេស្កូ​ អំពី​យន្ត​ការនៃ​គណៈ​កម្មការ​សម្រប​សម្រួល​អន្តរជាតិ​​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(ICC Angkor) ដែល​មាន​ប្រទេស​ ១៧ ចូលរួម​ និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​ ២៦ ចូលរួម​ជួយ​ក្នុង​គម្រោង​ជាង​ ៦០ ។ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការដែល​យើង​ចុះ​ប្រាសាទ​អង្គ​វត្ត​របស់​យើង​ជា​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ​១៩៩២ ជា​ព្រឹ​ត្ត​ការណ៍​​មាន​ផលប្រយោជន៍​យ៉ាងខ្លាំង​ដល់​​ការអភិវឌ្ឍ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​​របស់​យើង ដែល​សព្វ​ថ្ងៃជា​សក្តានុពល​ភាព​យ៉ាងខ្លាំង​សម្រាប់​ទេសចរ វប្បធម៌ របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​យើង​ឃើញថា កំពុងតែ​ឈានឡើង​ហើយ​ដែល​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់ GDP របស់​​ប្រទេសជាតិ​យើង​។ ហើយ​យើង​និង​ធ្វើ​រំលឹក​ខួប​ទី ២០ ឆ្នាំ នៃ​ការចុះឈ្មោះ​ប្រាសាទ​អង្គរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​យើង​សង្ឃឹមថា និង​មាន​ភ្ញៀវ​សំខាន់ៗ​ចូលរួម​ផងដែរ​។

ក្រៅ​ពី​ការ​ចូលរួម​នៅ​ក្នុង​​កិច្ច​ប្រជុំ​មហាសន្និបាត​លើក​ទី​១៨ របស់​អង្គការ​យូណេស្កូ ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​បាន​ជួប​ពិភាក្សា​ការ​ងារ​ និង​សំណេះសំណាល​ជា​មួយ​គណៈ​ប្រតិភូបរទេស ដែល​រួម​មាន​លោកជំទាវ អ៊ីរីណា បូកូវ៉ា អគ្គនាយិការ​ WHC , ឯកឧត្តម Pithaya Pookaman អនុ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ និង​​ជា​ប្រធានគណៈ​ប្រតិភូថៃ , ឯកឧត្តម Rodolphe Imhoof ឯកអគ្គ​រដ្ឋ​ទូត​ស្វីស​ប្រចាំ​យូណេស្កូ, លោក Olivier de Bernon ប្រធាន​សារមន្ទីរ​ Guimet  ដែល​ជា​អ្នក​ជំនាញ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​ និង​អតីត​អ្នក​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​នៅ​កម្ពុជា​ របស់​សាលា​បារាំង​ចុង​បូព៌ា​ ក៏​ដូច​ជា​បាន​ចូល​រួម​ថ្លែង​សន្ទរកថា ក្នុង​ពិធីជប់​លៀង​​សម្រាប់​ប្រទេស​សមាជិក​អង្គការ​ ហ្រ្វង់​កូហ្វូន (Francophonie)​របស់​អង្គការ​យូណេស្កូ​។​ លោក​ជំទាវ​ អ៊ីរីណា បូកូវ៉ា អគ្គនាយិការ​ WHC បាន​សម្តែង​ការ​អប​អរ​សារទរ​​ និង​កោត​សរសើរ​ ដល់​ការ​វិវត្តន៍​នៃ​​ដំណើរ​ការ​សន្តិភាព​នៅ​តាម​តំបន់​ព្រំ​ដែន​កម្ពុជា​-ថៃ​ តាម​រយៈ​បទបញ្ជា​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​។ លោក​ជំទាវ​អគ្គ​នាយិការ​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​នាយក​ WHC ពិនិត្យ​​សំណើ​របស់​កម្ពុជា​ស្តីពី​ការ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​សង្រ្គោះ​បន្ទាន់​ពី​ WHC សម្រាប់​ការ​ខូច​ខាត​មួយ​ចំនួន​នៅ​ឧទ្យាន​អភិរក្ស​នៅ​តំបន់​អង្គ​រ​ផង​ដែរ​។​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ឲ្យ​ដឹង​ដែរថា អង្គការ​យូណេស្កូ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា​ ដើម្បី​រៀប​ចំ​ឯកសារ​ចុះ​បញ្ជី​«ការ​ចង​ចាំ​ពិភពលោក​» សម្រាប់​សារមន្ទីរ​ទួល​ស្លែង​សម្រាប់​ទុក​ជា​ប្រវត្តិ​សាស្រ្ត​ពិភពលោក​។ ដោយ​ឡែក​សម្រាប់​ជំនួប​ជាមួយ​ ប្រធាន​សារមន្ទីរ​ Guimet លោក Olivier de Bernon បាន​ស្នើ​សុំ​​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​កម្ពុជា​ ដើម្បី​ផ្គុំ​ព្រះ​កេសព្រះ​ហរិហរៈ​​មួយ​ព្រះ​អង្គ​ ដែល​នៅ​ប្រទេស​បារាំង​ និង​មាន​ដង​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ Guimet និង​នៅ​សារមន្ទីរ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ភាគី​បារាំង​​សន្យា​ជួយ​បង្កើត​កម្មវិធី​ព័ត៌មាន​វិទ្យា​មួយ​ សម្រាប់​ការ​ចុះ​បញ្ជី​សិលា​ចារឹក​នៅ​តាម​វត្ត​នៅ​ខេត្ត​តាកែវ​ កំពង់​ស្ពឺ និង​កំពត​។ ភាគី​បារាំង​បាន​ស្នើ​សុំ​ឲ្យ​បន្ត​កម្ម​វិធី​នេះ​នៅ​ខេត្ត​ កំពង់ចាម និង​បន្ត​កម្ម​វិធី​ចុះ​បញ្ជី​សារពើ​ភ័ណ្ឌ​​កំណាយ​បុរាណ​វិទ្យា​នៅ​ភូមិ​មូល ក្នុង​តំបន់​ជើង​ឯក ដែល​មាន​អង្កត់​ផ្ចិត​ ៨០០ ម៉ែត្រ ដែល​អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​ថា ជា​តំបន់​បុរាណ​វិទ្យា​ភូមិ​មូល​ ដូច​នៅ​ក្នុង​ស្រុក​មេមត់​ ខេត្ត កំពង់ចាម​ ដែល​បាន​កើត​ឡើង​ដំណាល​គ្នា​នៃ​សម័យ​អង្គរ​ផង​ដែរ​។ ជារួម​បើ​យោង​តាម​ប្រសាសន៍​ឯកឧត្តមបណ្ឌិត សុខ អាន ឆ្នាំ ២០១១ នេះ​កម្ពុជា​បាន​ធ្វើ​សកម្ម​ភាព​ច្រើន​ ដើម្បី​ឲ្យ​ជ្រួត​ជ្រាប​នៅ​ក្នុង​យន្ត​ការ​នានា​របស់​អង្គការ​យូណេស្កូ៕