Tuesday, November 22, 2011

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ​ស្វាគមន៍​ការ​ផលិត​​ថាមពល​អគ្គិសនីប្រើ​ជីវម៉ាស


សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ បាន​ស្វាគមន៍​ ចំពោះ​ការផលិត​ថាមពល​អគ្គិសនី ប្រើ​ជីវម៉ាស ដោយ​ប្រើ​ម៉ាស៊ីនកិនស្រូវ ដែល អង្គការ​ NEDO ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង ថាមពល ។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​របស់​សម្តេចតេជោ​​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹង​ថា សម្តេច​តេជោ​​​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱ​កាស​ អនុញ្ញាត​ឲ្យ​លោក​ KAZOU ​FURUKAWA ​ប្រធាន​អង្គការ​ NEDO ​របស់​ប្រទេស​ជប៉ុន​ ចូល​ជួប​សម្តែង​ការ​គួរសម​នា​រសៀល​ថ្ងៃ​ទី ​២២​ វិ​ចិ្ឆ​កា​ ឆ្នាំ​២០១១​នៅ​វិមាន​សន្តិភាព នៅ​ពេល ​ដែល​រូបលោក​​ KAZOU ​FURUKAWA បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​
នៅ​ក្នុង​​ជំនួប​នោះ​​លោក FURUKAWA បាន​មាន​ប្រសាសន៍​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ជន និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់ជំនួយ​ដល់​ជប៉ុន​ដែល​បាន​ជួបប្រទះ​គ្រោះ​រញ្ជួយ​ផែនដី​កន្លង​មក។ លោក​ FURUKAWA បាន​ឲ្យ​ដឹង​ថា តាមរយៈ​ជំនួប​រវាង​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី និង អតីត​ប្រធាន​អង្គការ NEDO នោះ​គឺ លោក​ប្រធាន​អង្គការ NEDO បានស្នើ​សុំ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ជីវម៉ាស​ដើម្បី​​ចែកចាយ​ដល់​សហគមន៍ សម្រាប់​ការប្រើប្រាស់ ។ កាលពី​ម្សិលមិញ​នេះ​រូបលោក​ផ្ទាល់​ដែលជា​ប្រធាន​​អង្គការ NEDO នៅ ពេលនេះ​ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​ការផលិត​ថាមពល​ដោយ​ប្រើ​ជីវម៉ាស ក្នុងនោះ​មានការ​រៀបចំ​ក​ម្រោ​ង​តម្លើង​ម៉ាស៊ីនកិនស្រូវ តាមស្តង់ដា​អន្តរជាតិ​យក​​អង្កា​ម​ធ្វើជា​វត្ថុ​ធា​តុដើម​ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ជីវម៉ាស​នេះ ហើយ កម្ទេច​អង្គា​ម​ឬ​ផេះ ដែល​បាន​​ដុត​នោះ គឺ​រៀបចំ​ធ្វើ​កែច្នៃ​ឲ្យ​ទៅជា​ជីធម្មជាតិ ដើម្បី​បម្រើ​ឲ្យ​វិស័យ​កសិកម្មថែម​ទៀត។​លោក​ FURUKAWA បាន​បន្ថែមទៀតថា ចំពោះ​គម្រោង​ទី​ពីរ អង្គការ NEDO កំពុងតែធ្វើការ​សិក្សា​លើ​បញ្ហា ជាតិ​អា​សេ​និ​ក​នៅក្នុង​ទឹកស្អាត នៅ​ទី​រួម​ខេត្តកំពង់ចាម កណ្តាល និង ខេត្តព្រៃវែង ហើយ​ការសិក្សា​នេះ កំពុង​តែ​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ហើយ​លោក​ក៏បាន​ស្នើសុំ​​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ដល់​អង្គការ NEDO ដើម្បី​​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​របស់​អង្គការ NEDO នេះ​ប្រព្រឹត្តទៅ​មាន​គុណភាព​ប្រសិទ្ធ ភាព ។ 
ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា​សម្តេចតេជោ​នាយករ​ដ្ឋ​មន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រាជ រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ជួយ​ដល់​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយសារ បញ្ហា​ទឹកជំនន់។ សម្តេចតេជោ​​មានប្រសាសន៍ថា ទឹកជំនន់​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ប្រជាជន​ប្រមាណ ២ លាន នាក់​បានទទួល​ផលប៉ះពាល់​ទោះជា​យ៉ាងណាក៏ដោយ​ទាំង​ប្រទេស​ជប៉ុន កម្ពុជា ថៃ វៀតណាម និង ប្រទេស​ឡាវ សុទ្ធសឹង តែ​ទទួល​នូវ​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ប៉ុន្តែ​បាន​ជួយ​គ្នា​ទៅវិញទៅមក ជំ​នៈ​លើ​បញ្ហា​ធម្មជាតិ​នេះ។
សម្តេច​តេ​ជោ​ក៏បាន​កោតសរសើរ ចំពោះ​ការផលិត​ថាមពល​អគ្គិសនី ប្រើ​ជីវម៉ាស ដោយ​ប្រើ​ម៉ាស៊ីន​កិន​ស្រូវ ដែល​អង្គការ NEDO ​​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ហើយ​សម្តេច​​​ក៏បាន​ឯកភាព​ចំពោះ​​ការប្រើប្រាស់​អង្កា​ម​ជា​ថាមពល​អគ្គិសនី និង​​សម្រាប់​បម្រើ​ឲ្យ វិស័យ​កសិកម្ម។ សម្តេច​​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​ថា បើ​ប្រព័ន្ធ​នេះ​ទទួលបាន​ជោគជ័យ​នោះ ម៉ាស៊ីនកិនស្រូវ​ដទៃ​ទៀត​ក៏​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បានដែរ ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង អំណរគុណ​ចំពោះ​របាយការណ៍​ដែល​បាន​សិក្សា​អំពី​អា​សេ​និក​ក្នុង​ទឹក​នៅ​ខេត្តកំពង់ចាម ខេត្តកណ្តាល និង​ខេត្ត​ព្រៃវែង ដោយ​សម្តេច​បានស្នើ​ឲ្យ​អង្គការ NEDO បន្ត​ការសិក្សា​នេះ និង​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​ដំណើរ​ការ​​ទៅ​មុខ​បាន​ជោគជ័យ ៕