Tuesday, November 22, 2011

ឯកឧត្តម វូ ម៉ាវ​៖ សម្តេច​តេ​ជោ​ជា​តារា​ដែល​កំពុង​រះ​


ឯកឧត្តម វូ ម៉ាវ (VUMAO) ប្រធាន​សមាគម​​មិត្តភាព​វៀតណាម​-កម្ពុជា បាន​មាន​ប្រសាសន៍​នារសៀល​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១១​ ថា ចំពោះ​ប្រជា​ជន​វៀត​ណាម​  សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ប្រៀបបាន​នឹង​តារា ដែល​កំពុងតែ​រះ​មាន​ពន្លឺ​យ៉ាង​ត្រចះត្រចង់​នៅលើ​ផ្ទៃមេឃ​។


ឯកឧត្តម វូ ម៉ាវ (VUMAO) មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱ​កាស​​​ចូល​ជួប​សម្តែង​ការ​គួរសម​ ចំពោះ​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​ នៅ​វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​ទី​ ២២ ​វិច្ឆិកា ​ឆ្នាំ​ ២០១១​ក្នុង​ខណៈ​​ដែល​លោក​ដឹកនាំ​គណៈ​ប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​ -កម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​ជំនួប នោះ​ ឯកឧត្តម វូ ម៉ាវ (VUMAO) បាន​ជំរាប​សម្តេច​តេ​ជោ​ថា ចំពោះ​ប្រជាជន​វៀតណាម សម្តេច​អគ្គ​មហា សេនាបតីតេជោ ហ៊ុ​​​ន សែន នៅពេលនេះ ​គឺ ប្រៀបបាន​នឹង​តារា ដែល​កំពុងតែ​រះ​មាន​ពន្លឺ​យ៉ាង​ត្រចះត្រចង់​នៅលើ​ផ្ទៃ​មេឃ។ ឯកឧត្តម​ VU MAO ថ្លែងថា លោក​បាន​តាមដាន​យ៉ាងសកម្ម​នៅលើ​ទំព័រសារព័ត៌មាន​ហើយ លោក​បាន​ឈ្វេង​យល់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​កិត្តិ​ស័ព្ទ និង កិត្យានុភាព​ទាំង​នៅក្នុង តំបន់​ក៏ដូចជា​ពិភពលោក​ដែរ។ ឯកឧត្តម​ VU MAO បាន​ជម្រាប​សម្តេចតេជោ​​អំពី​ សកម្មភាព​របស់​សមា​គម មិត្តភាព​វៀតណាម-កម្ពុជា ដែល​ក្នុងនោះរួម​​មានការ​យកចិត្តទុកដាក់​ទៅលើ​ការពង្រឹង និង ពង្រីក​មិត្ត ភាព​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង ២ ការជំរុញ​ទាក់ទាញ​ឲ្យ​យុវជន​ចូលរួម​នៅក្នុង​សមាគម ការសម្រេចចិត្ត​ក្នុងការ​ព្យាបាល​ភ្នែក​ជូន​ប្រជាជន​កម្ពុជា និង​ជួយឧបត្ថម្ភ​ដល់​សិស្ស និង​និស្សិត​កម្ពុជា ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម។លោក​ក៏បាន​បញ្ចាក់​អំពី​ការ យក​ចិត្ត​ទុកដាក់​រប​ស់​សមាគម​ទៅលើ​បញ្ហា​វិ​ន​យោគ​ទេសចរណ៍ និង វប្បធម៌​ផងដែរ ។​ 

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន ​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល និង ប្រជាជន​វៀតណាម ដែល​បាន​យកចិត្តទុកដាក់​ជួយ​ប្រជាជន​កម្ពុជា ចាប់ផ្តើម​តាំងពី​ការរំដោះ​កម្ពុជា​ចេញពី​របប ប៉ុលពត​រហូត​មក​ដល់ដំណាក់កាល​ការអភិវឌ្ឍន៍​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។ សម្តេចតេជោ​ ​បាន​មានប្រសាសន៍​បន្ថែមថា តុលាការ​​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ គឺជា​សច្ចៈធម៌​ប្រវត្តិសាស្ត្រ​ដែល​វៀតណាម​ជួយ​ដល់​​កម្ពុជា។ ​សម្តេច​តេជោ​ ក៏បាន​សម្តែង​​មោទនភាព​ទៅលើ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ ទាំងពីរ​លើ​វិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហើយសម្តេច​ក៏​បាន​គាំទ្រ និង ជំរុញ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ កងទ័ព​និង​កងទ័ព ស្ថាប័ន​និង​ស្ថាប័ន សមាគម​និង​សមាគម យុវជន​កូនសិស្ស និស្សិត​​ក៏ដូចជា​វិស័យ​កីឡា ជាពិសេសជម្រុញ​ឲ្យ​​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​រវាង​ខេត្ត ​​និង​ខេត្តនៃ​ប្រទេស​ទាំង​ពីរ​៕