Wednesday, November 30, 2011

យុវជន​កម្ពុជា​ មិន​គួរត្រូវ​បាន​ប្រមាថដោយ​លោក កឹម សុខា នោះ​ទេ​


           លោក កឹម សុខា មេបក្សសិទ្ធិមនុស្ស បានចោទប្រកាន់មកលើយុវជន​ដែលអនាគត​ជាសរសរ​ទ្រូង​របស់​ប្រទេសជាតិ ​ថា យុវជនសព្វថ្ងៃ ពាលាអាវ៉ាសែច្រើនណាស់ សប្បាយភ្លេចខ្លួន ខារាអូខេ គ្រឿងញៀន ក្រោម​លេសទម្លាក់កំ​ហុសមកលើរាជ​រដ្ឋា​ភិបាលថា​ ជាអ្នក​បាន​​ធ្វើឲ្យ​យុវជនក្លាយ​ទៅ​ជាបែប​នោះ​។

 ការ ​ចេញ​មុខជា​សាធារណៈ​ វាយ​ប្រហារ​មក​លើ​ក្រុម​យុវជនកម្ពុជា​​ គឺគេអាច​ដឹង​យ៉ាង​ច្បាស់​ថា​ លោក កឹម សុខា បាន​ និង​កំពុង​ចាប់​ផ្តើម​​​ប្រកាសធ្វើ​សត្រូវ​ជា​មួយ​យុវជន​ ដោយ​សម្លឹង​មើល​ឃើញតែ​ពី​ភាព​អវិជ្ជមាន​ ដោយ​មិន​បាន​ចួល​រួម​លើក​ទឹក​ចិត្ត​ និង​បើក​ផ្លូវ​ឱ្យ​យុវជន​មាន​ឱកាសរួម​ចំ​ណែក​ជាមួយ​នឹង​បញ្ហា​ធំ​ៗ​របស់​ ប្រទេសជាតិ​ ដែល​យុវជន​ជំ​នាន់​ក្រោយ​នឹង​ត្រូវ​ទទួលបន្តវេន​​នោះ​ទេ​។

​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅឯស្រុកមុខកំពូល ខេត្តកណ្តាល លោក កឹម សុខា បាន​និយាយថា «សង្គមឥឡូវធ្វើឲ្យយុវជនប៉ះតែរឿងពាលា អាវ៉ាសែច្រើនណាស់ សប្បាយភ្លេចខ្លួន ខារាអូខេ គ្រឿង​ញៀន​ គេធ្វើឲ្យខូចយុវជនអស់» ។លោក កឹម សុខា បានស្តីបន្ទោសដល់យុវជនបន្ថែមទៀតថា យុវ​ជន​​​​មួយ​ចំនួនដែលរៀននៅមហាវិទ្យាល័យភាគច្រើនគេសង្ឃឹម​ថា ពេលចេញ​ទៅធ្វើ​ការ​អាចរកលុយបានច្រើន ដូច​ជាតុលាការ ដុកទ័រ ជាដើម គឺយុវជន​ទាំង​នោះ​គិតតែរឿងរកលុយទាំងអស់»។

ការលើក​ឡើងរបស់លោក កឹម សុខា ត្រូវបានអ្នកជំនាញខាងធនធានមនុស្សវាយតម្លៃថា​ លោក កឹម សុខា មិនគួរគប្បី ​ស្តីបន្ទោសយុវជន ឬ​និស្សិត ដោយ​ការ​ធ្វើបុរេ​វិនិច្ឆ័យមិនល្អ​ចំពោះយុវជននោះទេ នេះ​គឺជា​ការ​មិន​ឱ្យ​តម្លៃយុវជន​ និង​បើក​ភ្នែក​មើលយុវជនតែ​ក្នុងផ្លូវអាក្រក់  ។

និសិត្ស ​កំពុង​តែ​ក្រេប​យក​ចំណេះវិជ្ជាមកកសាងជាតិ​សង្ឃឹម​ថានឹង​បាន​យក​ចំណេះ​ វិជ្ជា​ទាំងនេះ​យក​មក​បំរើជាតិ​មាតុ​ភូមិ ដោយ​និស្សិតទាំងឡាយ​ពុំទាន់​បានរៀនចប់ផងស្រាប់តែលោក កឹម សុខា ប្រមាថ​មើល​ងាយ​ទៅហើយទម្រាំលោក កឹម សុខា ដឹកនាំ​ប្រទេសនោះតើលោក កឹម សុខា មើលងាយដល់យុវជនយ៉ាង​ណានោះទេ?​

ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបាន ​និងកំពុងតែយកចិត្តទុកដាក់បង្កើតសាលារៀនរហូតដល់ឃុំ ស្រុក ខេត្ត ដើម្បីលើកស្ទួយវិស័យអប់រំ ផ្នែកធនធានមនុស្ស ដែលផ្តល់ឱកាស​ឲ្យយុវជន​ចូល​រួម​ជា​មួយ​ចលនា​សង្គម ដូចជាយុវជនកាកបាទក្រហម និង កាយរឹទ្ធិ ​​ដើម្បី​ឲ្យ​ដើរ​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​និងពិភពលោក ។

​ យុវជន​កាយរឹទ្ធិជាសរសទ្រូងប្រទេសជាតិ សមដូចសារលិខិតរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ជា​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ជា​អធិបតី​ភាព​ ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូន​នវ​កាយ​​រឹទ្ធិ រាជ​ធានី​ភ្នំ​ពេញ កាលពីថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ២០១១ បានបញ្ជាក់ថា « ស្ថិតក្នុង​បរិប​ទស​កល​ភាវូ​នី​យ​​កម្ម ព្រះរាជា​ណា​ចក្រកម្ពុជា​កំពុង​តែ​បោះ​ជំហាន​​លើមាគ៌ាដ៏ត្រឹមត្រូវ ក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រទេសជាតិទាំងមូល​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ មានវឌ្ឍនៈភាពបំផុត ដែល​ជាមូល​ដ្ឋាន​​ធ្វើឲ្យប្រទេសជាតិមាន​ស្ថិរភាពផ្នែក​នយោបាយ​ និង​ការអភិវឌ្ឍន៍។

          ការអភិវឌ្ឍមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់កម្លាំងយុវជនបានឡើយ ហេតុនេះការអប់រំ​យុវ​ជន​ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនៅថ្ងៃអនាគត គឺជាការចាំបាច់បំផុតដើម្បីឲ្យពួកគេមាន សមត្ថភាពរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ បាន​បន្ត​ថា ​​វិធីសាស្រ្ត​ដ៏ល្អប្រសើរមួយសម្រាប់ជួយដល់យុវជនយើង គឺ​តាម​រយៈ​ការអប់រំក្រៅប្រព័ន្ធដល់កាយរឹទ្ធិដែលមាន​កាយ​ រឹទ្ធិប្អូនកាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង ធ្វើយ៉ាងណា​ឲ្យពួកគេក្លាយជាពល​រដ្ឋល្អរបស់សង្គមយើង។​

កាយរឹទ្ធិ ​ទាំងអស់ត្រូវទទួលបានការហាត់ពត់ឲ្យមានកាយសម្បទាមាំមួន ទទួលការអប់រំល្អ ​មាន​ចំណេះ​ដឹង និងចំណេះធ្វើជ្រៅជ្រះប្រកបដោយគុណភាពខ្ពស់​គុណសម្បតិ្តល្អ និងគុណធម៌ប្រពៃថ្លៃថ្លា មានសមត្ថភាពខ្ពស់ មានការទទួលខុសត្រូវជំនឿទុកចិត្តពីអ្នកដ៏ទៃ ហើយនឹងក្លាយខ្លួនជាពលរដ្ឋល្អ និង​ជាអ្នកដឹកនាំល្អនាថ្ងៃអនាគត។កាយរឹទ្ធិគ្រប់រូបត្រូវ​បាន ​ពន្យល់ ​ណែនាំ ឱ្យ​ជៀសវាងផុត​ពីអំពើ​អបាយមុខ​និង​អំពើអសកម្មផ្សេងៗដែលសង្គមជាតិ និងមនុស្សជាតិទាំងឡាយមិនចង់បាន។ ឆ្លងតាមបទពិសោធន៍នៃ ចលនាកាយរឹទ្ធិពិភពលោកបានបង្ហាញឲ្យឃើញថា យុវជនដែលបានឆ្លងកាត់ចលនាកាយរឹទ្ធិ ទទួលបាន​នូវ​លក្ខណៈសម្បត្តិ និងចរិយាសម្បត្តិល្អ និងក្លាយជាយុវជនគំរូ ដូចជាការទទួលបាននូវបទពិសោធន៍សំរាប់​ជីវភាពរស់នៅ ការបំពេញការងារ ទំនាក់ទំនងក្នុងសង្គម និងជំនះបានបញ្ហាប្រឈមនានា តាមរយៈ​ការ​ចំណាយពេលវេលាក្រៅម៉ោងសិក្សាទៅធ្វើសកម្មភាព ឬបោះជំរុំនៅតាមទីវាល តាមសហគមន៍ និងនៅគ្រប់​ទីក​ន្លែងដែលមានប្រយោជន៍។

តាមរយៈចលនាកាយរឹទ្ធិ យើងនឹងអាចផលិតបាននូវយុវជនដែលមាន​សក្កានុ​ពលនិង​ក្លាយជា​សរស​ទ្រូងប្រទេសជាតិដ៏រឹងមាំសម្រាប់ថ្ងៃអនាគត»។

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន​ ក៏បានពន្យល់អំពីការ​ធ្វើ​សច្ចាប្រណិធានរបស់​កាយរឹទ្ធិ គឺ​ពាក្យ​សច្ចាប្រណិធាន​ ច្បាប់កាយ​រឹទ្ធិ និង​កាយ​រឹទ្ធិរៀមច្បង ដែល​ពួក​គេពោលពាក្យ​សច្ចាថា​ ទី១‑ គោរព​បូជាឲ្យ​អស់ពីចិត្ត​ពីថ្លើម​របស់​ខ្ញុំចំពោះជាតិ សាសនា និងព្រះមហាក្សត្រ  ទី​២‑ជួយសង្រ្គោះមនុស្សជាតិ គ្រប់កាលៈទេសៈ ទី៣‑ គោរពច្បាប់កាយរឹទ្ធិ និងថែរក្សាខ្លួនប្រាណរបស់ខ្ញុំឲ្យមានកាយសម្បទាមាំមួន ចិត្ត​គំនិត​ភ្ញាក់រឮក​និងសីលធម៌ខ្ពស់ បន្ថែម​លើនេះ​ គឺកាយរឹទ្ធិគោរពបូជា​សាសនា ហើយមានចិត្ត​ស្រឡាញ់​មនុស្សជាតិ សត្វ និងធម្មជាតិទាំងឡាយ ស្អាតស្អំទាំងចិត្ត ទាំងពាក្យសំដី និងទាំងអំពើ។

បេសកកម្មកាយរឹទ្ធិជាតិកម្ពុជា គឺការចែករំលែកចំណេះដឹងដល់យុវជន​ជាលក្ខណៈប្រព័ន្ធ​ ផ្អែក​តាម​ការសច្ចាប្រណិធាន និងច្បាប់កាយរឹទ្ធិ ដើម្បីកសាងពិភពលោកមួយដ៏ស្រស់ត្រកាលដែលមាន​យុវជន​ប្រកបដោយលក្ខណៈ​សម្បត្តិ​ គ្រប់​គ្រាន់ និងដើរតួនាទីយ៉ាងសំខាន់ដល់សង្គមជាតិ។

ទាំង ​នេះ​ គឺការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់ឱកាសគ្រប់​គ្រាន់​ និង​ផ្តល់​តម្លៃ​ដល់​យុវជន ក្នុង​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​ ដើម្បី​ការ​អប់​រំ​ ការ​កសាង​អំ​ពើ​ល្អ និង​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ដែល​ផ្ទុយ​ពី​មេបក្សសិទ្ធិមនុស្ស លោក កឹម សុខា គឺមិនចេះលើកទឹកចិត្តដល់យុវជន នោះ​ទេ  គឺ​ចេះតែស្តីបន្ទោស និងការ​ប្រមាថ​មាក់​ងាយ​ និង​ចាត់​ទុ​ក​យុវជន​ជាសត្រូវ​របស់​ខ្លួន។ ដូច្នេះ​ លទ្ធផល​នឹង​ត្រូវ​ផ្តល់​ជូន​ចំ​ពោះ​លោកកឹម​ សុខា វិញ​ គឺយុវជន​ទាំង​អស់​ នឹង​ដក​សេចក្តី​ទុក​ចិត្តទាំង​ស្រុង​ពី​លោក កឹម សុខា៕
ដោយៈ រួម ជាតិ​