Wednesday, November 30, 2011

បទ​អត្ថាធិ​ប្បាយ​ ភាព​បរាជ័យ​ និង​ក្តី​អស់​សង្ឃឹមក្នុង​ជី​វិត​នយោបាយ​​របស់​លោក សម រង្ស៊ី


           ភាព​ឆោត​ល្ងង់​ផ្នែក​នយោបាយ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ស្ដែង​ឡើង​តាម​រយៈការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំរដ្ឋ​សភា ក្នុង​ចេតនា​ធ្វើ​ឲ្យ​មាន​វបត្តិ​រដ្ឋធម្ម​នុញ្ញនៅក្នុង​សភា​ និង​ចង់​ធ្វើ​ឲ្យ​សេចក្ដី​សម្រេច​របស់​សភា​ខ្វះ​លក្ខណៈស្រប​ច្បាប់​ពេញ​លេញ​ តាម​អ្វី​ដែល​ពួក​គេ​ផ្អែក​លើ​មាត្រា​​ទី ៧៦ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ ។

          ក្ដី​សុបិន្ត​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​របស់​ សម​ រង្ស៊ី ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​វិទ្ធង្ស​នា​រដ្ឋធម្ម​នុញ្ញ​ តាម​រយៈការ​ធ្វើ​ពហិ​ការរបស់​សមាជិក​សភា​ ២៦ រូប​ និង​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​សភា​ តំណាង​រាស្រ្ដ​ ៣ រូប ដើម្បី​ធ្វើ​ឲ្យ​ចំនួន​តំណាង​រាស្ត្រ​ក្រោម​ ១២០ រូប ​ធ្វើ​ឲ្យ​រដ្ឋសភា​បាត់​បង់​ធម្មនុញ្ញ​ភាព ស្រប​តាម​ក្ដី​ស្រមើល​ស្រម៉ៃ រវើ​រវាយ​របស់​ពួក​គេ​។

          គោល​បំណង​ទាំង​នេះ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​ជាទីបំផុត ដោយ​ការ​ពហិកា​ និង​ការ​ដកខ្លួន​ចេញ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ទាំង​អស់​ដល់​សេចក្ដី​សម្រេច​របស់​រដ្ឋសភា​​ ក្នុង​ការ​អនុម័ត្ត​ថវិការជាតិ​ឆ្នាំ ២០១២ ក៏ដូចជាច្បាប់ផ្សេងៗផងដែរ ។ ជាង​នេះ​ទៅទៀត ការ​ធ្វើ​បែប​នេះ រិត​តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​តាមអ្វីដែល សម រង្ស៊ី ហៅថា ធ្វើឲ្យភ្ញាក់ផ្អើល ឆោឡោ ទាំងខាងក្នុង និងក្រៅស្អីគេនោះ ។ ផ្ទុយ​ទៅ​វិញ​ ក្រុម​នេះ​ទទួល​បានមកវិញ​នូវ​ការ​រិះគន់​តេះដៀល​ ពី​ក្រុម​អ្នក​ច្បាប់​ដែល​មាន​ជំនាញ​ច្បាស់លាស់​ថា ជា​ភាព​​ឆោត​ល្ងង់​មិន​យល់​ច្បាប់របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​។ ដូច្នេះ លោក សម រង្ស៊ី គួរណាស់យល់ឲ្យបានច្បាស់ថា យោង​តាម​ការ​បក​ស្រាយ​ច្បាប់​រដ្ឋ​ធ​ម្មនុញ្ញ​ ដើម្បីបញ្ចប់​​​នូវ​មន្ទិល​សង្ស័យ​ អំពី​ភាព​ត្រឹម​ត្រូវ​ច្បាស់លាស់​ដែល​ស្រប​ទៅ​ នឹង​គោលការណ៍​​ច្បាប់​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បិទ​ផ្លូវ​តវ៉ា គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ពន្យល់​វែក​ញ៉ែក​របស់​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ​កម្ពុជា ។ ដូចនេះ ចំ​នួន​សមាសភាព​សមាជិកសភាដាច់​ខាត​១២០ គឺ​សំ​រាប់​តែ​ការ​ប្រជុំ​ដំ​បូង​របស់​រដ្ឋសភាចាប់​ផ្តើម​បន្ត​នីតិកាលនី​ មួយ​ៗ ដោយ​ឡែកការអនុម័ត​ច្បាប់​ផ្សេង​ៗ គឺវាអាស្រ័យ​លើ​ចំ​នួន​ កូ​រ៉ុម ​ភាគច្រើន ដែល​អាច​ប្រជុំ​ ពិភាក្សា គ្នាបាន​​។

          ការ​យល់​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ចំពោះ​លក្ខណ្ឌ​មាត្រា​ ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​ចែង​ថា រដ្ឋសភា មាន​តំណាង​រាស្ត្រ​យ៉ាង​តិច​ ១២០ រូប នៃ​ចំនួន​សភា គឺជា​កំហុស​ផ្នែក​នយោបាយ​ថ្មី​របស់​ លោក សម​ រង្ស៊ី ព្រោះថា ការធ្វើ​ពហិកា​មិន​ចូល​រួម​ប្រជុំ​សភា​ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា នឹង​មិន​អាច​នាំ​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​ឡើយដោយសារគណ​បក្សប្រជាជន​ កម្ពុជាមានសម្លេងលើសពី ៥០% + ១ ទៅទៀត ។
ជាក់ ​ស្ដែង​ទោះ​បី​ជា គណបក្ស​ប្រឆាំង​ បាន និងកំពុង ធ្វើ​ពហិកាចាប់តាំងពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១១ មកក៏​ដោ​យ​ ក៏​រដ្ឋ​ស​ភា​កម្ពុជាបាន​អនុម័ត​ថវិការ​ជាតិ​ឆ្នាំ ២០១២ ប្រមាណ ២.៧០០ លាន​ដុល្លាអាមេរិក ដោយ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យសុខាភិបាល អប់រំ កសិកម្ម និង​ការ​អភិ​វឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។ល។ និង ។ល។ ការ​អនុម័ត​ច្បាប់​ថវិការ​ជាតិ ដោយ​ជោគជ័យនេះ ជា​ការ​ផ្ដល់​ឧបករណ៍​សំ​ខា​ន់​​មួយ​សម្រាប់​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ ប្រទេស​យ៉ាង​ល្អប្រសើរ​ រួម​មាន​ការ​ការពារ​អធិបតេយ្យ​ភាព​ បូរណៈ​ភាព​ទឹក​ដី និង​ការ​អភិវឌ្ឍន៍​ប្រទេស​គ្រប់វិស័យ ឆ្លើយ​តបនឹង​តំរូវការ​របស់​​ប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ ​។

          ភាព​បរាជ័យ​នៃ​នយោបាយ​គ្មានសុច្ចរិតភាព​របស់​ សម រង្ស៊ី ម្ដង​ហើយ​ម្ដង​ទៀត បាន​រុញ​ច្រាន ​រូប​កាយ​ វិញ្ញាណ ​ស្មារតី ​មេបក្ស​ប្រឆាំងគ្មាន​អំណោយទាន​រូប​នេះ ឃ្លាត​ចាក​ទៅ​កាន់​តែ​ឆ្ងាយ​ទៅៗពីប្រជាពល​រដ្ឋ​ ពី​ឆាក​នយោបាយ​ ពី​មាតុ​ប្រទេស​ ដែល​សម្បូរ​បែប​ នៅ​ការ​អភិ​វឌ្ឍ​ប្រជា​ធិប​តេយ្យ​ ការ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​នៅរដ្ឋ​ធម្ម​នុញ្ញ ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ របស់​សម្ដេច​អគ្គសេនាបតីតេជោ ហ៊ុន​ សែន នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

          សរុប​មក​នយោ​បាយ​​ញ៉ុះញ៉ុង​ បោក​បញ្ឆោត​បំភ្លៃ បំភ័ន្តការ​ពិត​របស់​ សម រង្ស៊ី ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​នេះ គឺ​ជាការ​ធ្វើ​អត្ត​ឃាត​នយោ​បាយ​ខ្លួន​ឯង​ ដែល​សម​ល្មម​នឹង​ដល់​ទី​បញ្ចប់​​ហើយ​។
          ទី​អវសាន​នៃកង់​អនាគត​នយោ​បាយ​របស់​ សម រង្ស៊ី ក៏អាច​នឹង​ត្រូវ​បញ្ឈប់ផងដែរដោយ​លោកស្រី​ មូរ សុខ​ហួរ​ ដែល​កំពុង​តាំង​ខ្លួនប្រជែង​តំ​ណែង​ប្រធាន​បក្ស​ប្រឆាំង​នោះ​​។​ ពេល​ថ្មីៗ​នេះ មូរ សុខ​ហួរ បាន​ប្រកាស​ប្រឆាំង​នឹង​នយោ​បាយ​ដក​​ខ្លួន​ចេញ​ពី​សមាជិក​ស​ភា​​របស់​ សម រង្ស៊ី ដោយ​ចំហ ព្រម​ទាំង​​និយាយ​ថា លោក​ស្រី​​​មិនដក​ខ្លួន​ចេញ​នោះទេ​ ។ ជុំវិញបញ្ហានេះ បើតាមក្រុម​អ្នក​វិភាគឯករាជ្យនៃកម្ពុជាបានប៉ាន់ប្រមាណថា ​លោក​ស្រីអាចនឹង​​ទៅ​បង្កើត​គណបក្សថ្មី​មួយ​ទៀត​ផងដែរ ព្រោះគេមើលឃើញថា ភាពបែកបាក់ខ្ចាត់ខ្ចាយទ្រង់ទ្រាយធំជាបន្តបន្ទាប់របស់​គណបក្ស បូករួមនឹងការធ្លាក់ចុះនូវប្រជាប្រិយភាពរបស់លោក សម រង្ស៊ី យ៉ាងខ្លាំងដែលមិនអាច​ស្រោចស្រង់បានបែបនេះ ។ លោកស្រី មួរ សុខហួរ មិនបណ្តោយខ្លួនឲ្យរលំរលាយទៅតាម សម រង្ស៊ី បាននោះទេ។

          តើ​ភាព​បែក​បាក់​ និង​ការ​ខ្វែង​គំនិត​របស់​មន្ត្រី​ជាន់​ខ្ពស់​សំខាន់​ៗ ក្នុង​ជួរ​បក្ស​ សម រង្ស៊ី​ វា​វិវត្តន៍​ទៅ​យ៉ាង​ដូច​ម្ដេច​ទៀត​ នា​ពេល​ខាង​មុខ​នេះ​?

          ដោយ​ក្ដី​អស់​សង្ឃឹមលាយ​ឡំ​ និង​ភាព​បាត់​ម្ចាស់​ការលើ​​ខ្លួន​ឯងរបស់​ ​ សម រង្ស៊ី ​ក្នុង​កាលៈទេ​សៈនេះ​ មូរ សុខ​ហួរ សាក​សម​ណាស់ ចំពោះតួនាទីជាមេបក្សប្រឆាំង ដោយ មូរ    សុខ​ហួរ ​កំពុង​ព្យាយាម​ប្រដូច​ខ្លួន​​ទៅ​នឹង​លោកស្រី​ អង់ សាន ស៊ូជី ដែល​ជា​មេបក្ស​ជំទាស់​របស់​ប្រទេស​ភូមា​។
          ហេតុ​ដូច្នេះ សម រង្ស៊ី គួរ​រម្ងាប់​ចិត្ត​ ហើយ​ត្រៀម​ខ្លួន​ទទួល​យក​ការ​ពិត​ នូវគ្រប់​ព្រឹត្តិ​ការណ៍​​ដែល​បាន​ និង​កំពុង​តែ​កើត​មាន​ក្នុង​ផ្ទៃក្នុង​​បក្ស​របស់​ខ្លួន​ ចាប់​ពី​ពេលនេះ​ និង​តទៅ​អនាគត់​ដ៏​ខ្លី តើ​នឹង​នៅ​សល់​អ្វី​ទៀត​ដែល​ជា​ក្តី​ សង្ឃឹមសម្រាប់ជាមត៌កនៃ​​ជី​វិត​នយោបាយ​ចុង​ក្រោយ​របស់​ខ្លួន​៕

 ដោយ​ ឧត្តម សក្ដិ